ឃើញបុគ្គលិកស្ត្រេសខ្លាំង ចង់បោះបង់ការងារ ថ្នាក់ដឹកនាំ ត្រូវប្រញាប់ធ្វើរឿងទាំង៥នេះភ្លាម
Kan DaraAUGUST 4 20231.3 K views

បញ្ហា​សម្ពាធ​ផ្លូវចិត្ត​នៅ​កន្លែង​ការងារ​ដូច​ជា បុគ្គលិក​មាន​អារម្មណ៍​ហត់នឿយ អស់​កម្លាំង អស់​សង្ឃឹម​ មានគំនិតគិតចង់លាឈប់ជាដើម​ គឺ​ទាមទារ​ឲ្យ​អ្នក​ដឹកនាំ​យកចិត្ត​ទុកដាក់​ឲ្យ​ខ្លាំង​បន្តិច​ បើ​មិន​ដូច្នេះ​ទេ ប្រសិទ្ធភាព​ការងារ​នឹង​ទទួល​រង​ផល​ប៉ះពាល់​ជាពុំខាន។ ខាងក្រោមនេះ គឺជារឿងធំៗ៥ ដែលថ្នាក់ដឹកនាំត្រូវប្រញាប់ធ្វើភ្លាម ពេលបុគ្គលិកស្ថិតក្នុងស្ថានភាពខាងលើ៖

/. បើកកិច្ចប្រជុំជជែកពីបញ្ហា​របស់​បុគ្គលិក

ក្នុង​នាម​ជា​អ្នក​គ្រប់គ្រង​ម្នាក់ វា​ជា​រឿង​សំខាន់​ដែល​អ្នក​ត្រូវ​យកចិត្តទុកដាក់​បុគ្គលិក​ក្រោម​បង្គាប់។ អ្នកអាចបើកកិច្ចប្រជុំជជែកដេញដោរវែកញែកជុំវិញបញ្ហាដែលពួកគេកំពុងជួបប្រឈម ស្តាប់សង្កេតឲ្យបានម៉ត់ចត់តាមដែលអ្នកអាចធ្វើបាន នៅពេលដែលពួកគេលើកឡើង​ពី​បន្ទុក​ការងារ​របស់ខ្លួន។

បន្ទាប់ពីកិច្ចប្រជុំ អ្នកត្រូវតាម​ដាន​សកម្មភាព​របស់​បុគ្គលិក ​តើ​ពួកគេ​មាន​អារម្មណ៍​តានតឹង ធុញថប់​ ​បង្ហាញ​កាយវិការ​​ព្រួយបារម្ភ​ចំពោះ​គម្រោង​​ការងារ​ ឬ​​មាន​អាកប្បកិរិយា​ផ្លាស់ប្ដូរ​ដែរ​ឬទេ? បើ​បញ្ហា​​ទាំង​នេះ​បាន​កើត​​ឡើង​ខុសប្លែក​ពី​ធម្មតា អ្នក​គួរ​ចូល​ទៅ​សន្ទនា និង​ជជែក​ពិភាក្សា​ជាមួយ​ពួកគេបែបឯកជនដើម្បីឲ្យពួកគេកាន់តែបើកចិត្តបង្ហាញអារម្មណ៍ពិត និងលើកឡើងពីបញ្ហាច្បាស់លាស់ស៊ីជម្រៅជាងមុន ហើយអ្នកអាចប្រឹក្សាយោបល់ដោយផ្ទាល់បាន។

/. ព្យាយាម​បង្កើន​ភាព​ស្និទ្ធស្នាល

បើ​ទោះ​បី​​អ្នក​​មាន​តំណែង​ខ្ពស់​ ​និង​ប្រាក់ខែ​ច្រើន​ជាង​បុគ្គលិក​ក្រោម​បង្គាប់​ក្តី​ ​ប៉ុន្តែ​មិន​ត្រូវ​បង្ហាញ​ពី​រនាំង
វណ្ណៈ​ខ្លាំង​ពេក​នៅ​កន្លែង​ការងារ​​ឡើយ​ ​ព្រោះ​វា​នាំ​ឲ្យ​ខ្វះ​ភាព​ជិត​ស្និត​ជា​មួយ​​​បុគ្គលិក​។ ​ការ​បង្កើន​ភាព​ជិតស្និត​ ​ ​គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​ព្រោះ​ការ​ធ្វើ​បែបនេះ​អាច​ជួយ​ឲ្យ​ពួកគេ​យល់​ឃើញ​ថា ​អ្នក​គឺ​ជា​ថ្នាក់ដឹកនាំ​ល្អ​ ​មិន​ប្រកាន់​ខ្លួន​ ​និងចេះ​រួមសុខទុក្ខ​ជាមួយ​ពួកគេ​។ ​ដូច្នេះ​ហើយ​ក្រុមបុគ្គលិក​នឹង​មាន​អារម្មណ៍​កក់ក្តៅ​ ​ហើយ​ក៏​ព្យាយាម​ធ្វើ​ការ​អស់​ពី​សមត្ថភាព​ផង​ដែរ​។

​៣/. សរសើរ​នៅ​ពេល​ធ្វើ​បានល្អ​ ​និងណែនាំ​ត្រឹម​ត្រូវ​នៅ​ពេល​​មាន​កំហុស​

នៅ​ពេល​​បុគ្គលិក​សាង​ស្នាដៃ ​អ្នក​គ្រប់គ្រង​ត្រូវចេះ​លើក​ទឹក​ចិត្ត​តាមរយៈ​ពាក្យកោតសរសើរ​ ​ឬ​ ​ផ្តល់​រង្វាន់​ជា​ដើម​។ ​​​រីឯបុគ្គលិក​សាង​កំហុស​​ ​ក៏មិន​គួរ​ស្តី​បន្ទោស​ខ្លាំង​នៅ​ចំពោះ​​មុខ​អ្នក​ដទៃ​​ឡើយ ​​ព្រោះ​ការ​ធ្វើ​បែបនេះ​មិន​អាច​កែប្រែ​​អ្វី​បាន​​ទេ​ ថែមទាំងរុញស្ថានភាពកាន់តែស្មុគស្មាញ។ ជម្រើស​ដ៏​ល្អ​គឺ​គួរ​​ហៅ​បុគ្គលិក​ដែល​ធ្វើ​ខុស​នោះ​មក​និយាយ​គ្នា​តទល់ ហើយ​ព្យាយាម​ប្រាប់​អំពី​កំហុស​ដែល​ពួកគេ​បាន​សាង​​ ​និង ប្រាប់​អំពី​វិធី​ដែល​ការពារ​កុំ​ឲ្យ​ដើរ​ជាន់ដាន​ផ្លូវ​ចាស់​ទៀត​​​។

​៤/. ផ្តល់​ការ​បណ្តុះបណ្តាល​ដល់​ពួកគេ

ក្នុង​នាម​ជា​អ្នកគ្រប់គ្រង​ម្នាក់ អ្នក​ត្រូវ​ធ្វើ​ឲ្យ​បុគ្គលិក​មាន​សមត្ថភាព​កាន់តែ​ខ្លាំង​ឡើង។ សូម​ចាំ​ថា ​ក្រៅ​ពី​ការ​​បណ្តុះបណ្តាល​​​​ទាក់ទង​ទៅ​នឹង​ចំណេះដឹង​ថ្មីៗ​ជុំវិញ​ការងារ​របស់​ពួកគេ អ្នក​ក៏​ត្រូវ​បណ្តុះបណ្តាល​ពួកគេ​ពី​របៀប​គ្រប់គ្រង​ស្តេ្រស ការ​គ្រប់គ្រង​ពេលវេលា និង​ការ​ដោះស្រាយ​បញ្ហា​ជាដើម​ដើម្បី​​បង្ការ​ក៏ដូចជា​កាត់​បន្ថយ​​ភាព​តានតឹង​ផ្លូវចិត្ត​របស់​ពួកគេ​។

​៥/.ផ្តល់​រង្វាន់​

ក្រៅពីប្រាក់ខែ ថ្នាក់ដឹកនាំត្រូវចេះផ្តល់រង្វាន់លើកទឹកចិត្តបុគ្គលិក។ ពេល​ខ្លះ​បុគ្គលិក​បាន​ខិតខំ​ប្រឹងប្រែង​ការងារ​ខ្លាំង​ហើយ ប៉ុន្តែ​បើ​អ្នក​មើល​រំលង​សមត្ថភាព និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួកគេ មិន​ឲ្យ​តម្លៃ ឬ​លើកទឹកចិត្ត​ពួកគេ វា​អាច​បណ្តាល​ឲ្យ​បុគ្គលិក​របស់​អ្នក​មាន​អារម្មណ៍​មិន​កក់ក្តៅ និង​ខកចិត្ត​ជាដើម។ ការ​ផ្តល់​រង្វាន់​នេះ​អាច​ជា​របស់ ការ​កោតសរសើរ ឬ​ដំឡើង​ប្រាក់ខែ​ជាដើម វានឹងធ្វើឲ្យពួកគេមាន​​ទឹកចិត្ត​កាន់តែ​ខ្លាំង​​ឡើង​ក្នុង​ការ​បំពេញ​ការងារ។

យ៉ាងណាមិញ បញ្ហាជាច្រើនរយលានជំពូក មិនថាបញ្ហា​ស្តេ្រស​ ឬ​សម្ពាធ​ផ្លូវចិត្ត​​ គឺ​ជា​រឿង​ធម្មតា​​សម្រាប់​មនុស្ស​ម្នាក់ៗ ហើយវាបានកើតឡើងស្ទើរគ្រប់ទីកន្លែងទាំងអស់​​​​មិន​ថា​នៅ​កន្លែង​ការងារ ឬ​នៅ​​​ក្នុង​ជីវិត​​ប្រចាំ​ថ្ងៃ​នោះ​ទេ។ ម្ល៉ោះហើយក្នុងនាមជាមេដឹកនាំម្នាក់ ការមើលថែសុខភាពផ្លូវចិត្តរបស់បុគ្គលិកគឺជាអទិភាពមួយ បើអ្នកប្រងើយកន្តើយវានឹងក្លាយទៅជាជំងឺមហារីកមិនខាន៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»

ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦22 Large

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia