រដ្ឋបានចេញខាតថ្លៃអគ្គិសនីខ្ទង់ ២០០លានដុល្លារឆ្នាំមុន ហើយក៏មិនដំឡើងថ្លៃដែរឆ្នាំ២០២៣ ព្រោះមូលហេតុនេះ
Kan DaraFEBRUARY 16 20231.3 K views

រាជរដ្ឋាភិបាលកម្ពុជាបានចេញថ្លៃខាតលើអគ្គិសនីប្រហែល ២០០លានដុល្លារ ក្នុងឆ្នាំ២០២២ ប៉ុន្តែទោះជាខាតក្តីរដ្ឋប្រកាសមិនដំឡើងថ្លៃអគ្គិសនីដល់អ្នកប្រើប្រាស់ទេ សម្រាប់ឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍អានដោយលោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ក្នុងពិធីបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ នាថ្ងៃទី១៥ ខែកុម្ភៈ។

លោក យឹម វិសិដ្ឋ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «កាលពីឆ្នាំ២០២២កន្លងមក តាមការប៉ាន់ស្មានប្រហែលខ្ទង់ ២០០លានដុល្លារ ហើយសម្រាប់ឆ្នាំ២០២៣ យើងមិនទាន់ដឹងទេ ឥឡូវសេដ្ឋកិច្ចយើងកើនឡើងវិញហើយ អីចឹងការប្រើប្រាស់អគ្គិសនីវាកើន យើងដឹងហើយថាឆ្នាំ២០២២ ខាតបង់ប៉ុណ្ណឹង ឥឡូវថាមពលរបស់យើងចាប់ផ្តើមកើនថែមទៀត អីចឹងវាកើនកាន់តែច្រើនមានន័យថា ការខាតបង់កាន់តែច្រើនដែរ ប៉ុន្តែទោះជាយ៉ាងណារាជរដ្ឋាភិបាល បានសម្រេចថាមិនឡើងថ្លៃទេ»

ជាមួយគ្នានេះ លោកបានឱ្យដឹងថា ក្នុងឆ្នាំ២០២២ កម្ពុជាផលិតថាមពលអគ្គិសនីបានជិត ៨០% ខណៈថាមពលអគ្គិសនីតែ ២០% ប៉ុណ្ណោះទិញពីប្រទេសជិតខាង ប៉ុន្តែដោយសារតែបញ្ហារាតត្បាតជំងឺកូវីដ១៩ និងបញ្ហាសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន បានធ្វើឱ្យវត្ថុធាតុដើម ដើម្បីផលិតថាមពលអគ្គិសនីមានការកើនឡើង ជាក់ស្តែងធ្យូងថ្មកើនឡើងគុណនឹង៥ ថ្លែប្រេងក៏ឡើង។ ដូច្នេះថ្លៃអគ្គិសនីនៅក្នុងប្រទេសបានកើនឡើងផងដែរ។

យ៉ាងណាមិញ លោកបានឲ្យដឹងបន្តតាមរយៈរបាយការណ៍ខាងលើនោះទៀតថា ក្នុងចំណោមទីតាំងដែលបានភ្ជាប់ចរន្តអគ្គិសនី រួចចំនួន៣,៥៣៣,៩៣៥ទីតាំងនេះ មានលំនៅឋានចំនួន ៣,២៨២,៧០៣កន្លែង, ទីតាំងអាជីវកម្ម សេវាកម្ម ពាណិជ្ជកម្ម ឧស្សាហកម្មតូចៗ និងរដ្ឋបាល ភ្ជាប់លើបណ្តាញសាធារណៈ ចំនួន ២២៣,១៣០កន្លែង, ទីតាំងពាណិជ្ជកម្ម និងឧស្សាហកម្មធុនធំ និងធុនមធ្យមចំនួន២១,៨៩៥ កន្លែង, ទីតាំងពាណិជ្ជកម្ម និងឧស្សាហកម្មដែលប្រើប្រាស់ថ្លៃអគ្គិសនី តាមពេលវេលាចំនួន ៣២កន្លែង និងមានទីតាំងដែលជាសាលារៀន មណ្ឌលសុខភាព និងមន្ទីពេទ្យនៅជនបទចំនួន ៦,១៧៥កន្លែង ។ យោងតាមស្ថិតិនេះ លំនៅឋានដែលបានភ្ជាប់ចរន្តអគ្គិសនីរួច មានចំនួន ៣,២៨២,៧០៣ ស្មើនឹង ៨៨.៤១% នៃលំនៅឋានសរុប៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia