ឧកញ៉ាបណ្ឌិត គីម ហ៊ាង បង្ហើបថា​ប្រសិន បើចង់ចេញរកស៊ី តែអត់ដើមទុន គួរតែធ្វើរឿងធំៗទាំងនេះ
Kan DaraJANUARY 19 2023532 views

ដាក់ចុះដុះឡើង​ ចេញរកស៊ីភ្លាមចង់រីកចម្រើនលឿនរហ័ស​ គឺជាសេចក្តីរំពឹងរបស់អ្នករកស៊ីគ្រប់រូប ។ ប៉ុន្តែការរកស៊ីដែលជោគជ័យគឺអាស្រ័យទៅនឹងធាតុផ្សំសំខាន់ៗ​ដូចជាដើមទុន គម្រោងអាជីវកម្ម និងការគ្រប់គ្រងប្រតិបត្តិការ។ ដោយឡែក​សម្រាប់អ្នកខ្លះដែលចង់ចេញរកស៊ី តែអត់ដើមទុន គឺជារឿងមួយដែលលំបាកណាស់ ព្រោះរកស៊ីគឺត្រូវការដើមទុន។

ដូចគ្នានេះដែរសម្រាប់អ្នកចង់ចេញរកស៊ី ប៉ុន្តែខ្វះដើមទុន លោកឧកញ៉ា បណ្ឌិត គីម ហ៊ាង អគ្គនាយកក្រុមហ៊ុន ​KW Cambodia និង Khmer Real Estate និងត្រូវបានគេស្គាល់ថាជាអ្នកជំនាញអចលនទ្រព្យដ៏ល្បីល្បាញមួយរូបនៅក​ម្ពុជា ដោយលោកបានណែនាំថា ប្រសិនបើចង់ចេញរកស៊ី តែខ្វះលុយ គួរតែធ្វើរឿងធំៗទាំងនេះ ដែលវានឹងអាចជួយសម្រួលដល់ការខ្វះទុនរបស់យើង។

លោកឧកញ៉ាបានលើកឡើងថា “មនុស្សជាច្រើន គាត់យល់ច្រឡំថា​ដើមទុនសំដៅទៅលើលុយ ប៉ុន្តែការពិតមិនមែនមានតែលុយ១មុខនោះទេ ដើម្បីធ្វើអាជីវកម្មបាន ដោយអត់ដើមទុន យើងរកស៊ីយ៉ាងម៉េច? ជាដំបូងយើងត្រូវយល់ពាក្យដើមទុនសិន ថាទុនហ្នឹងមានអ្វីខ្លះ?​ ដោយមានទី១ យើងត្រូវច្បាស់ថាតើយើងមានចំណង់ពិតប្រាកដជាមួយអាជីវកម្មដែលយើងកំពុងធ្វើឬអត់ ដាច់ខាតកុំធ្វើទាំងបង្ខំ ហើយទី២ ត្រូវមានចំណេះដឹងបើចង់រកស៊ី ចេះអីក៏ដោយ ឱ្យតែប្រាកដនឹងមានហើយ ហើយទី៣ ត្រូវមានបទពិសោធន៍ នៅពេលយើងមានចំណូលចិត្តជាមួយការងារ មានចំណេះដឹងហើយ គឺប្រឡូកយកបទពិសោធន៍ផ្ទាល់​”។

​​លោកឧកញ៉ា​បានបន្តថា “មិនទាន់អស់ទេ មានតែប៉ុណ្ណឹងមិនទាន់គ្រប់គ្រាន់នៅឡើយទេ គឺត្រូវមានលុយដែលជារឿងពិតមួយយើងត្រូវទទួលស្គាល់ថាអត់លុយគឺពិបាករកស៊ីបន្តិច​ ប៉ុន្តែបើមានលុយក៏មិនប្រាកដថាជោគជ័យនោះទេ។ ដោយឡែកបើសួរថា អត់ទុនលុយ ប៉ុន្តែនៅតែចង់រកស៊ី គួរតែទៅធ្វើការងារឱ្យគេសិន ហើយជាការងារណាដែលសន្សំបានទាំងលុយ ទាំងចំណេះដឹងនិងបទពិសោធន៍ បន្ទាប់មកត្រូវចេះសម្លឹងមើលឱកាសថាតើវាសាកសមនឹងចាប់ផ្តើមដែរឬទេ ហើយពេលខ្លះយើងក៏ជឿលើសំណាងរបស់មនុស្សម្នាក់ៗដែរ”។

ជាចុងក្រោយលោក ឧកញ៉ា ​បណ្ឌិត គីម​​​ ហ៊ាង បានគូសបញ្ជាក់ថា សម្រាប់យើងជាយុវជនក្រីក្រ មានឆន្ទៈ ប៉ុន្តែគ្មានលុយ​ ស្ទើរចំណេះដឹង មិនសូវមានបទពិសោធន៍ ឱកាសក៏មិនសូវសម្បូរ ដូច្នេះគឺយើងត្រូវបង្កើតឱ្យខ្លួនឯង តាមរយៈការរកបុគ្គលគំរូ ១រូបដែលយើងចង់មានអនាគតដូចគាត់ ចង់ដើរតាមគាត់ ហើយគួរតែស្វែងរកបុគ្គលណាជោគជ័យដោយសមត្ថភាពពិត។

មួយវិញទៀតបើអាចសុំ ធ្វើការងារជាមួយគាត់ ដើម្បីរៀនសូត្រពីបទពិសោធន៍ពិត ចំណេះដឹងពិត របៀបធ្វើពិត​​និងអាចស្វែងរក​ឱកាសបាន ហើយពេលណាមួយដែលសមរម្យយើងអាចចេញទៅបង្កើតអាជីវកកម្មដោយខ្លួនឯង ហើយភាគរយជោគជ័យនឹងកើតឡើងតាមការអនុវត្តជាក់ស្តែង៕

អត្ថបទដោយ៖ ពីង ជូអេង

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia