បច្ចុប្បន្ននេះមានយីហោកូនខ្មែរជាច្រើន បានកំពុងតែល្បីល្បាញនិងអាចនាំផលិតផលរបស់ខ្លួនទៅក្រៅប្រទេស ខណៈផលិតផលទាំងនោះរួមមាន គ្រឿងទេសជាច្រើន និងសម្ភារះប្រើប្រាស់មួយចំនួនផងដែរ។ ជាក់ស្ដែងសាហាគ្រិនខ្មែររូបនេះវិញ បានច្នៃផលិតផលខ្មែរដែលមាន ត្នោត ម្រេចកំពត ចេក ស្វាយ ល្មៀត ម្នាស់ ខ្ញី ផ្លែដូង និងកសិផលខ្មែរជាច្រើនទៀតនាំចេញទៅក្រៅស្រុកជាច្រើនប្រទេស។
ថ្លែងក្នុងបទសម្ភាសជាមួយ Business Cambodia លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ដែលត្រូវបានគេស្គាល់ជា ប្រធានអគ្គនាយកក្រុមហ៊ុន Confirel បានមានប្រសាសន៍ថា បច្ចុប្បន្នផលិតផលរបស់លោកបាននាំចេញទៅ សហរដ្ឋអាមេរិច ជប៉ុន វៀតណាម បារាំងជាដើម និងប្រទេសផ្សេងៗទៀត ដោយក្នុងនោះផលិតផលរបស់ Confirel ក៏បានដាក់លក់នៅតាមផ្សារទំនើបផងដែរ។
សូមជម្រាបផងដែរថា លោក ហៃ លីអ៊ាង បានបញ្ចាប់ការសិក្សាផ្នែកឱសថសាស្រ្តនៅប្រទេសបារាំងនៅឆ្នាំ ១៩៧៨ និងបានបន្តយកបណ្ឌិតរហូតដល់ឆ្នាំ ១៩៨៦ ហើយនៅឆ្នាំ ១៩៩២ លោកឧកញ៉ា ក៏បានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីមើលស្ថានភាពជាក់ស្តែងនៅស្ថានភាពប្រទេសកម្ពុជាយើង។
ដោយមើលឃើញឱកាស កំឡុងពេលនោះលោកបានផ្តល់ការផ្គត់ផ្គង់ឱសថក្នុងប្រទេសកម្ពុជាដោយនាំចូលពីប្រទេសបារាំង។ ក្រោយមកទៀតលោកក៏បានបង្កើតនៅសហគ្រាសផលិតទឹកសុទ្ធមុនគេនៅស្រុកខ្មែរបន្ទាប់ពីសង្រ្គោ.មបានចប់ បន្ទាប់មកទៀតរៀងរឹងដៃរឹងជើង នៅឆ្នាំ ២០២១លោកឧកញ៉ា ក៏បានបង្កើតក្រុមហ៊ុន Confirel នេះឡើង ខណៈបច្ចុប្បន្នក្រុមហ៊ុនអាចច្នៃកសិផលខ្មែរចេញជាផលិតផលជាង១០០ មុខ។
ជាក់ស្ដែងគ្រាន់តែស្ករត្នោត១ប្រភេទសោះ Confirel បានកែច្នៃចេញជាផលិតផលសម្រេចមិនតិចជាង ៤០មុខនោះទេ ហើយទឹកត្នោតដែលបានមកពីដើម បានកែច្នៃចេញជាស្រាសុខភាព និងផលិតផលអត្តសញ្ញាណជាតិជាហូរហែរ។
ឆ្លងកាត់ការធ្វើជំនួញក្នុងការជួយលើកកម្ពស់កសិផលខ្មែរ អស់រយៈពេលជាង២០ឆ្នាំ Confirel ត្រូវបានប្រជាជនកម្ពុជាឱ្យតម្លៃ ហើយបរទេសទទួលស្គាល់ រហូតទទួលបានលិខិតកោតសរសើរជាច្រើនប្រភេទ ដើម្បីជាការទទួលស្គាល់នូវការខិតខំប្រឹងប្រែង លើបេសកកម្មរបស់ Confirel តាំងពីថ្ងៃទី១ រហូតមកទល់នឹងពេលនេះយ៉ាងច្រើនសន្ធឹកផងដែរ។
គួរជម្រាបផងដែរថា ផលិតផល Confire ត្រូវទទួលស្គាល់ទាំងក្នុងស្រុកនិងអន្តរជាតិ និងបានបង្កើតការងារជាច្រើនដល់គ្រួសារខ្មែរថែមទៀត លើសពីនេះ Confire ត្រូវបាននាំចេញទៅកាន់ប្រទេស ជប៉ុន បារាំង និងប្រទេសមួយចំនួនធំក្នុងតំបន់អាស៊ានជាច្រើនទៀត។ ប្រសិនជាបងប្អូនចាប់អារម្មណ៍បងប្អូនអាចទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមពី ក្រុមហ៊ុន Confirel តាមរយៈទូរសព្ទលេខ៖ (+855) 093 981 724 ឬចូលទៅកាន់ Facebook Page: Confirel៕