ទិញខុនដូតំបន់ណាល្អ ខណៈអ្នកជំនាញបង្ហាញទីតាំងកំពុងលេចធ្លោរនៅភ្នំពេញ
Bunthoeun KoemFEBRUARY 9 2024100 views

ខុនដូជាអចលនទ្រព្យមួយប្រភេទដែលមានការអភិវឌ្ឍ និងវិនិយោគគួរឲ្យកត់សម្គាល់នាមួយរយៈពេលចុងក្រោយនេះ។ មូលហេតុក៏ព្រោះតែលំនៅឋានលើអាកាសនេះ គឺមានភាពពេញនិយមសម្រាប់ការរស់នៅរបស់ជនបរទេស និងទំនោរស់នៅរបស់ប្រជាជនសម័យថ្មីផងដែរ។ ប៉ុន្ដែការទិញខុនដូ មិនថាសម្រាប់វិនិយោគ ឬសម្រាប់រស់នៅ ទីតាំងគឺជាចំណុចសំខាន់ដែលអ្នកទិញត្រូវគិតគូរឲ្យបានល្អិតល្អន់ បើចង់ទទួលបានផលចំណេញ និងដាក់ជួលបានថ្លៃ។ ដូច្នេះសម្រាប់ឆ្នាំថ្មី ២០២៤ បើចង់វិនិយោគខុនដូ តើគួរជ្រើសរើសតំបន់ល្អ?

 

 

បើតាមការលើកឡើងពីលោក អ៊ុយ សុជី អ្នកជំនាញផ្នែកអចលនទ្រព្យមួយរូបបានបង្ហាញនូវទីតាំងសក្ដានុពលមួយចំនួនដែលអ្នកចង់វិនិយោគខុនដូមិនគួរមើលរំលង។ ដោយទីតាំងទាំងនោះរួមមាន៖ តំបន់បឹងកេងកង, តំបន់ផ្លូវ ៦០ ម៉ែត្រ, តំបន់សែនសុខ, តំបន់កោះពេជ្រ, តំបន់កោះនរា និងតំបន់ជ្រោយចង្វារ។

ថ្លែងប្រាប់ Business Cambodia លោកបានលើកឡើងយ៉ាងដូច្នេះថា “សម្រាប់ខុនដូ ខ្ញុំមើលឃើញ ៣, ៤ ទីតាំងដែរ ដែលមានឱកាសសម្រាប់ការវិនិយោគ ទី១ តំបន់ផ្លូវ ៦០ ម៉ែត្រ ខាងផ្សារទំនើបអ៊ីអន ៣ បច្ចុប្បន្នកំពុងបុកខ្លាំងទៅលើការអភិវឌ្ឍខុនដូ ខណៈរាជរដ្ឋាភិបាលបានរៀបចំជាក្រុងរណបថ្មី១ទៀតផងដែរ (ទីក្រុងរណប ING City)។ មួយទៀតតំបន់កោះនរា ក៏ជាទីតាំងដែលមានចំណុចពិសេសៗ ដោយសារបន្ដិចទៀតគេក៏នឹងបុកសាងសង់ខុនដូដែរ។ ក្រៅពីកោះនរា ខ្ញុំមើលឃើញតំបន់សែនសុខ និងតំបន់ត្រោយម្ខាង ចំនៀរជ្រោយចង្វារ”

 

លោក អ៊ុយ សុជី លើកឡើងបន្ដថា សម្រាប់ជនបរទេសដែលគេជ្រើសរើសខុនដូតែម្ដង ភាគច្រើនគឺជ្រើសរើសយកតំបន់បឹងកេងកង ដោយសារនៅតំបន់ហ្នឹងប្រជុំទៅដោយ special economic ច្រើន ហើយអ្វីក៏មានដែរនៅតំបន់នោះ។ ហើយទិដ្ឋភាពមួយនេះគឺងាយស្រួលសម្រាប់ការចេញចូលរបស់ភ្ញៀវ​បរទេស។ ដោយឡែកសម្រាប់តម្លៃជួលវិញលោកបានបញ្ជាក់ថា ខុនដូតំបន់បឹងកេងកងគឺមានតម្លៃជួលថ្លៃជាងគេ ប៉ុន្ដែតម្លៃខុនដូ ក៏ខ្ពស់ជាងគេផងដែរ។  

 

ការទិញខុនដូ ដែលអាចវិនិយោគបាន គឺអាចស្រ័យលើអ្នកវិនិយោគផ្ទាល់ បើក្នុងករណីទិញទិញផ្ដាច់ខុនដូដែលមានស្រាប់ គឺអាចដាក់ជួលភ្លាមនៅក្នុងឆ្នាំថ្មីបាន ប៉ុន្ដែក្នុងករណីទិញមិនបាន ឬទិញបានខុនដូកំពុងសាងសង់ទេ ត្រូវចាយពេលវេលាចន្លោះពី ១ ឆ្នាំទៅ ២ ឆ្នាំទៀតដើម្បីអាចដាក់ជួលបាន។ អ៊ីចឹងបើធៀបទៅ សម្រាប់គំនិតខ្ញុំបើមានលុយឥឡូវ គួរទិញខុនដូដែលសាងសង់ហើយ ដោយសារម្ចាស់មួយចំនួនដែលគាត់បង់ពីមុនមក គាត់អាចជួបបញ្ហាហិរញ្ញវត្ថុ ហើយអាចនឹងដាក់លក់ក្នុងតម្លៃមួយដែលទាបជាងពេលធម្មតា។ ប៉ុន្ដែសម្រាប់ការទិញគម្រោងខុនដូដែលកំពុងសាងសង់ ក៏ល្អម្យ៉ាងដែរព្រោះតម្លៃនៅទាប ដូច្នេះពេលគម្រោងសង់រួចតម្លៃនឹងកើនឡើងដែលអាចទាញផលចំណេញបាន។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក។

 

លោក អ៊ុយ សុជី លើកឡើងទៀតថា ខុនដូជាហេតុផលមួយដែលយើងអាចទាញអ្នកវិនិយោគបរទេសបានច្រើន ជាពិសេសចិន តៃវ៉ាន់ ហុងកុង សឹហ្គាពួរ តែងតែមកវិនិយោគនៅខ្មែរយើងទាក់ទងនឹងខុនដូនេះតែម្ដង។ ហើយកាលពីពេលថ្មីៗកន្លងទៅនេះ រាជរដ្ឋាភិបាលក៏បានអញ្ជើញអ្នកធុរកិច្ចមកកម្ពុជាដើម្បីមកសិក្សាពីការវិនិយោគផងដែរ ហើយជាធម្មតាជនបរទេសមិនមានសិទ្ធិក្នុងការទិញអចលនទ្រព្យជាប់នឹងដីបានទេ អ៊ីចឹងគឺមានតែទិញខុនដូនេះតែប៉ុណ្ណោះ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia