រយៈពេលប្រាំ ប្រាំមួយឆ្នាំចុងក្រោយនេះ វិស័យអចលនទ្រព្យមានការរីកលូតលាស់យ៉ាងខ្លាំង ដែលជំរុញឲ្យទីផ្សារទិញ-លក់ និងការអភិវឌ្ឍគម្រោងផ្សេងៗដូចជា បុរី និងដីឡូតិ៍ មានការកើនឡើងគួរឲ្យកត់សម្គាល់។ ហើយនៅក្នុងភាពអំណោយផលនេះដែរ ក៏បានធ្វើឲ្យអ្នកវិនិយោគ និងអ្នកអភិវឌ្ឍន៍ដែលមានភាពប្រាកដប្រជាទាញបានផលចំណេញរៀងៗខ្លួនពីវិស័យនេះ។
យ៉ាងណាក្រៅភាពរីកលូតលាស់ និងឱកាសទាំងនេះ ក៏មានហានិភ័យធំ ២ ដែលតែងកើតមាន នាំឲ្យអ្នកដែលវិនិយោគក្នុងវិស័យនេះ ត្រូវបាត់បង់ប្រាក់កាក់ និងដាក់ខ្លួនចូលក្នុងប្រវ៉ាក់បំណុលក៏មាន។ ដោយហានិភ័យធំទាំង ២ នោះរួមមាន៖
១. វិនិយោគបានការប្រាក់ខ្ពស់
បច្ចុប្បន្ននេះ មានបងប្អូនយើងមួយចំនួន ត្រូវរងទឹកភ្នែក និងធ្លាក់ខ្លួនចូលទៅក្នុងច្រវ៉ាក់បំណុល ដោយសារការវិនិយោគទទួលបានការប្រាក់ខ្ពស់នេះ។ ព្រោះកន្លងមកអ្នកអភិវឌ្ឍន៍អចលនទ្រព្យមួយចំនួន បានប្រកាសកៀគរទុនពីអ្នកចង់ចូលហ៊ុន ដែលហ៊ានឲ្យការប្រាក់ខ្ពស់ ខណៈអ្នកខ្លះមានដល់ ១០០%ឯណោះក្នុងមួយឆ្នាំ។ ប៉ុន្ដែនៅពេលដែលប្រមូលបានប្រាក់ សម្រាប់តែគម្រោងជាប់គាំង គ្មានប្រាក់ឲ្យអ្នកចូលហ៊ុន ក៏គេចវេស ឬគេចខ្លួនបាត់ក៏មាន។ នេះគឺមានហានិភ័យដែលមុនចូលហ៊ុនវិនិយោគត្រូវគិតឲ្យបានល្អិតល្អន់។
ទាក់ទងនឹងរឿងនេះដែរថ្មីៗនេះ លោក ង៉ែត ជូរ អ្នកជំនាញ និងអ្នកវិនិយោគ ជើងចាស់រូបនៅកម្ពុជាបានលើកឡើងថា ធម្មជាតិនៃការវិនិយោគគឺអាចខាត អាចរួចខ្លួន ឬអាចចំណេញ។ ពោលគឺការចំណេញឬខាតកំរិតណាបានត្រឹមតែធ្វើការព្យាករណ៍ប៉ុណ្ណោះ ហើយមិនមានអ្នកណាម្នាក់ ឬក្រុមហ៊ុនណាមួយអាចសន្យាថាត្រូវតែចំណេញប៉ុណ្ណេះ ឬចំណេញប៉ុណ្ណោះនោះទេព្រោះលទ្ធផលជាក់ស្តែងវាអាស្រ័យលើការអនុវត្ត តំរូវការទីផ្សារ កត្តាសេដ្ឋកិច្ច និងកត្តាដទៃជាច្រើនទៀតដែលមិនអាចទស្សន៍ទាយបាន។
ដូច្នេះរាល់ការវិនិយោគដែលសន្យាថាអោយការប្រាក់ខ្ពស់ ឬប្រាក់ចំណេញប៉ុណ្ណះឬ ប៉ុណ្ណោះគឺមានហានិភ័យក្នុងការបាត់បង់ខ្ពស់ដែលអាចបណ្តាលមកពីភាពអវិជ្ជានៃអ្នកបង្កើតគំរោង ឬភាពលោភលន់។ ក្រៅពីនោះមានតែការដាក់ប្រាក់សន្សំនៅធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលទទួលប្រាក់បញ្ញើរ និងការបោះលក់មូលបត្របំណុលនៅផ្សារហ៊ុនប៉ុណ្ណោះដែលអាចសន្យាថាអោយការប្រាក់ ឬផលចំណេញជាគូប៉ុង (coupon) ក្នុងកំរិតអតិបរមារង្វង់៨%ក្នុង១ឆ្នាំ។
២. លក់អចលនទ្រព្យខ្យល់
ក្បួនឆបោកមួយនេះ ក៏កើតមានច្រើននៅក្នុងទីផ្សារទិញ-លក់អលចនទ្រព្យនាប៉ុន្មានឆ្នាំកន្លងមកនេះ។ ដោយធ្វើឲ្យអតិថិជនដែលជាអ្នកទិញត្រូវខាតបង់ប្រាក់កាក់ រាប់ពាន់ រាប់ម៉ឺនដុល្លារដោយសារបង់លុយអស់ហើយតែមិនបានទ្រព្យដែលចង់បាននោះ។
បើតាមការលើកឡើងពីលោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងអចលនទ្រព្យវត្ថុកម្ពុជា បានលើកឡើងថា ក្បួនឆបោកខាងលើនេះ គឺមានអ្នកលក់អចលនទ្រព្យដែលមិនមែនជារបស់ខ្លួន មានអ្នកដើរតួរជាភ្នាក់ងារដែលមិនមានអាជ្ញាបណ្ណ ដើរទទួលលុយកក់ជំនួសម្ចាស់អចលនទ្រព្យ ឬហៅថាអ្នកគួកជេ។ ដោយគេថាមានដីទីនេះ មានដីទីនោះ ហើយយើងមើលរូបភាពខាងក្រៅអត់ដឹងទេ ធ្វើឲ្យឆាប់ជឿ ឆាប់កក់ និងឆាប់ទិញ។ ប៉ុន្ដែពេលទទួលបានលុយការងារលែងទៅមុខក៏រត់បាត់។
ដើម្បីការពារបញ្ហានេះ លោកបានណែនាំឲ្យ ថាមុននឹងទិញគឺត្រូវសួរភ្នាក់ងារអចលនទ្រព្យជំនាញដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ មេធាវី ឬមន្ដ្រីសុរិយោដី ប៉ុន្ដែបើយើងច្បាស់ហើយមិនអីនោះទេ។ ហើយអ្វីដែលចាំបាច់ទៀត នៅពេលដែលអ្នកកក់ប្រាក់ ឬទិញអចលនទ្រព្យនោះ ត្រូវសុំមើលបណ្ណកម្មសិទ្ធ និងប្លង់ថាត្រឹមត្រូវឬក៏អត់។ ការទិញលក់អចលនទ្រព្យដែលត្រឹមត្រូវបំផុត គឺទិញលក់រវាងម្ចាស់ពិតប្រាកដជាមួយអ្នកទិញ៕