ប្រទេសភាគច្រើនទូទាំងពិភពលោកសុទ្ធតែមានបំណុលសាធារណៈ ទោះបីជាប្រទេសនោះជាប្រទេសកំពុងអភិវឌ្ឍន៍ឬក៏ប្រទេសអភិវឌ្ឍន៍ក៏ដោយ ភាគច្រើនសុទ្ធតែមានបំណុលគ្រាន់តែបំណុលតិចឬច្រើនទៅតាមប្រទេសនីមួយៗ។
និយាយទាក់ទងនឹងបំណុលនេះ បើយោងតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបង្ហាញថាគិតត្រឹមដំណាច់ត្រីមាសទី៤ឆ្នាំ២០២២កន្លងទៅ បើគិតទាំងបំណុលមរតក កម្ពុជាមានសន្និធិបំណុលសាធារណៈចំនួន៩.៩៩ពាន់លានដុល្លារ។
នៅក្នុងនោះដែរ ៩៩.៨២% ដែលត្រូវនឹងប្រមាណជា៩.៩៧ពាន់លានដុល្លារជាបំណុលសាធារណៈក្រៅប្រទេស(ក្រខ័ណ្ឌទ្វេភាគីប្រមាណ៦៨% និងក្រខ័ណ្ឌពហុភាគីប្រមាណ៣២%) និង០.១៨% ត្រូវនឹងប្រមាណជា១៧.៥១លានដុល្លារជាបំណុលសាធារណៈក្នុងស្រុក។
សមាសភាគបំណុលសាធារណៈទាំងនេះរួមមាន ៤៤%ជាប្រាក់ដុល្លារ ២១%ជាអេសដេអ៊ែរ ១២%ជាយន់ចិន ១១%ជាយ៉េនជប៉ុន ៧%ជាអឺរ៉ូ និង៥%ទៀតជារូបិយបណ្ណជាតិនិងរូបិយប័ណ្ណផ្សេងទៀត។
នៅឆ្នាំ២០២២កន្លងទៅរដ្ឋាភិបាលក៏បានអនុវត្តនូវការកៀគរទុនក្នុងស្រុកតាមរយៈការបោះផ្សាយលក់មូលបត្របំណុលរដ្ឋផងដែរ ដោយក្នុងត្រីមាសទី៤ឆ្នាំ២០២២រដ្ឋាភិបាលបានបោះផ្សាយលក់មូលបត្របំណុលរដ្ឋប្រមាណ៣០.៣០ពាន់លានរៀលសមមូលនឹងប្រមាណ៧.៣៦លានដុល្លារ។ ជារួមនៅឆ្នាំ២០២២ រាជរដ្ឋាភិបាលបានកៀគរទុនពីការបោះផ្សាយលក់មូលបត្របំណុលរដ្ឋចំនួន៧២.១ពាន់លានរៀល សមមូលនឹង១៧.៥១លានដុល្លារត្រូវនឹងប្រមាណជា៦%នៃទំហំសរុបដែលច្បាប់អនុញ្ញាតដើម្បីធ្វើហិរញ្ញប្បទានគាំទ្រគម្រោងវិនិយោគសាធារណៈ សំដៅលើកស្ទួយកំណើននិងផលិតភាពសេដ្ឋកិច្ច។
ចំពោះកិច្ចព្រមព្រៀងឥណទានវិញក្នុងត្រីមាសទី៤ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីជាមួយដៃគូអភិវឌ្ឍនានាសរុបចំនួន៨៨១.៧៧លានដុល្លារ ហើយជារួមនៅក្នុងឆ្នាំ២០២២ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីជាមួយដៃគូអភិវឌ្ឍនានាសរុបចំនួន២១៣៧.៨៣លានដុល្លារអាមេរិក។
ចំពោះការទូទាត់បំណុលសេវាបំណុលវិញក្នុងត្រីមាសទី៤ រាជរដ្ឋាភិបាលបានទូទាត់សេវាបំណុលជូនដៃគូអភិវឌ្ឍសរុបចំនួន៥៩.៦៤លានដុល្លារ ហើយជារួមនៅក្នុងឆ្នាំ២០២២ កម្ពុជាបាលបានទូទាត់សេវាបំណុលជូនដៃគូអភិវឌ្ឍសរុបចំនួន៤៦៤.២២លានដុល្លារ។
គួរបញ្ជាក់ផងដែរថាក្នុងចំណោមបំណុលសាធារណៈក្រៅប្រទេសទាំងអស់គិតត្រឹមដំណាច់ឆ្នាំ២០២២ កម្ពុជាជំពាក់ជប៉ុនប្រមាណ១,០៧៧.៦៦លានដុល្លារហើយក៏ជំពាក់ចិនប្រមាណជា៤,០០១.៧២លានដុល្លារពោលគឺចិននិងជប៉ុនជាម្ចាស់បំណុលធំបំផុតរបស់កម្ពុជា៕