ធនាគារ វីង និង មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” រកឃើញជ័យលាភីធុរកិច្ចថ្មីបច្ចេកវិទ្យាពីកម្មវិធី “នវានុវត្តន៍បញ្ច្រាស” រដូវកាលទី៤
Toeuy HongNOVEMBER 30 2024

មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” បានបិទបញ្ចប់កម្មវិធី “នវានុវត្តន៍បញ្ច្រាស” រដូវកាលទី ៤ ដោយជោគជ័យ ហើយបានរកឃើញបេក្ខជនជ័យលាភី ៥ក្រុម ចំពោះការបង្កើតបាននូវដំណោះស្រាយដ៏មានភាពច្នៃប្រឌិតរបស់ពួកគេដើម្បីដោះស្រាយបញ្ហាប្រឈមដែលរកឃើញដោយសាជីវកម្ម សមាគម ក៏ដូចជាភាគីពាក់ព័ន្ធនានានៅក្នុងប្រទេសកម្ពុជា។

Cover

ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" បានថ្លែងថា៖ “កម្មវិធី «នវានុវត្តន៍បញ្រ្ចាស» គឺពឹងផ្អែកទៅលើភាពជាដៃគូដ៏រឹងមាំរវាងតួអង្គដែលពាក់ព័ន្ធ។ ការជ្រោមជ្រែងគាំទ្ររបស់ធនាគារ វីង បានធ្វើឱ្យយើងអាចផ្តល់ ធនធានសំខាន់ៗ និង ឱកាសដល់ធុរកិច្ចថ្មី ដែលពួកគេត្រូវការ ដើម្បីជំរុញនូវនវានុវត្តន៍ និង ផលវិជ្ជមានទៅកាន់សហគមន៍។ យើងមានមោទនភាពដែលបានឃើញវឌ្ឍនភាព និង សមិទ្ធិផលក្នុងរដូវកាលនេះ ដោយអាចបង្ហាញពីការរីកចម្រើននៃប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីក្នុងប្រទេសកម្ពុជា”។

W4

គាំទ្រដោយធនាគារ វីង (ខេមបូឌា) ម.ក “នវានុវត្តន៍បញ្ច្រាស”​ រដូវកាលទី ៤ ដែលជាកម្មវិធីពន្លឿនអាជីវកម្មផ្តោតលើបចេ្ចកវិទ្យាហិរញ្ញវត្ថុ ដោយមានការចូលរួមពីក្រុមហ៊ុនធំៗ និងគណៈគ្រប់គ្រងនៅក្នុងវិស័យនេះក្នុងការផ្តល់ជាទស្សនទានទាក់ទិននឹងចំណោទបញ្ហាដើម្បីឱ្យក្រុមធុរកិច្ចថ្មីបង្កើតនូវសេវាកម្ម ឬផលិតផលដែលអាចជួយដោះស្រាយបញ្ហាប្រឈមទាំងនោះប្រកបដោយប្រសិទ្ធភាព។

លោក ហោ ប៊ុនថែ អគ្គនាយរកធនាគារ វីង បានលើកឡើងថា៖ “សូម្បីតែក្រុមហ៊ុនធំៗមួយចំនួន​ក៏ចាប់ផ្តើមចេញពីអាជីវកម្មបង្កើតថ្មីដែរ។​ ហើយការផ្តល់ការគាំទ្រកម្មវិធីនវានុវត្តន៍បញ្ចា្រសគឺជាមធ្យោបាយមួយដើម្បីបង្កើតអាជីវកម្មថ្មីៗកាន់តែច្រើនថែមទៀត ហើយអាចវិវឌ្ឍខ្លួនក្លាយជាក្រុមហ៊ុនសាជីវកម្មនាពេលអនាគត ដោយប្រើប្រាស់ជំនាញរបស់ពួកគេដើម្បីដោះស្រាយបញ្ហាប្រឈមនានានៅក្នុងសហគមន៍ និងបង្កើតឱកាសការងារបានកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា។”

W3

រដូវកាលថ្មីនេះ មានធុរកិច្ចថ្មីចំនួន២០ក្រុមបានចូលរួមប្រកួតប្រជែង​ ក្នុង​កម្មវិធី​ពន្លឿន​អាជីវ​កម្ម​ដ៏​មមាញឹក​នេះ ហើយ​ធុរកិច្ច​ថ្មី​ចំនួន ៥ ក្រុម បានក្លាយជាម្ចាស់ជ័យលាភីដ៏លេចធ្លោ ដោយ​ទទួល​បាន​ទុនវិនិយោគ​ដែល​មិន​យក​ភាគហ៊ុន (Equity-free investment) សរុប​ចំនួន ១២៨ លានរៀល​ក្នុង «ថ្ងៃបទបង្ហាញសាធារណៈ» ដែល​ជា​វគ្គផ្តាច់​ព្រ័ត្រ​នៃ​កម្មវិធី​ដែល​បេក្ខជនជ័យ​លាភី​ទាំង​នោះ​មានដូចជា៖

  • Mylekha គឺជាក្រុមធុរកិច្ចថ្មីដែលធ្វើបានល្អបំផុតពីកម្មវិធី ដែលបានទទួលពានTop Performance Award ជាមួយនឹងទឹកប្រាក់ចំនួន ៤០ លានរៀល ហើយ​ធុរកិច្ច​ថ្មី​នេះ​ផ្តល់​ប្រព័ន្ធ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សម្រាប់​សហគ្រាស​ធុនតូច និងមធ្យម។
  • Krubkrong គឺជាក្រុមធុរកិច្ចថ្មីបន្ទាប់ ដែលទទួលបានពាន Special Mention Award ជាមួយ​នឹង​ទឹក​ប្រាក់​ចំនួន ២៨ លានរៀល ទៅ​លើ​ប្រព័ន្ធ​គ្រប់គ្រង​សារពើ​ភ័ណ្ណ្ឌ​នៃ​អាជីវកម្ម​ខ្នាត​តូច​ដែល​មាន​ហាង​រួច​ជា​ស្រេច។
  • Snaprec, Jaytech និង Quanta បានទទួលនាមជា Top finalists ជាមួយនឹងទឹកប្រាក់ចំនួន ២០ លាន​រៀល​ក្នុងមួយក្រុម ទៅលើដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតរបស់ពួកគេដែលមានដូចជា គណនេយ្យករ​ដែល​គ្រប់គ្រង​ដោយ​បញ្ញា​សិប្បនិម្មិត, ការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន និង ថ្នាលតភ្ជាប់ហិរញ្ញវត្ថុ។

ចាប់តាំងពីឆ្នាំ ២០២១មក កម្មវិធី “នវានុវត្តន៍បញ្ច្រាស” រៀបចំឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” បានក្លាយជាកត្តាលីករដ៏សំខាន់ដែលជំរុញឱ្យមានការបង្កើតនូវដំណោះស្រាយថ្មីៗ។​ ដោយទទួលបានកិច្ចសហការជាមួយភាគីពាក់ព័ន្ធសំខាន់ៗទៀតដូចជា៖ សហគ្រិនខ្មែរ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងសមាគមធនាគារនៅកម្ពុជា កម្មវិធីនេះនៅតែបន្តផ្តល់ឱកាសទៅដល់ធុរកិច្ចបង្កើតថ្មីដើម្បីបង្កើតដំណោះស្រាយដែលផ្តល់វិជ្ជមានទៅដល់សង្គម។

បន្ថែមពីលើការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ ធនាគារ វីង​ ក៏តែងតែចូលរួមជាគណៈកម្មការវាយតម្លៃជ្រើសរើសបេក្ខជនជ័យលាភីផងដែរ ដែលបង្ហាញពីការប្តេជ្ញាចិត្តបន្ថែមទៀតរបស់ធនាគារ វីង ក្នុងការជំរុញនវានុវត្តន៍ និងសហគ្រិនភាពនៅក្នុងសហគមន៍ផងដែរ។

ធនាគារ វីង ដែលជាស្ថាប័នចូលរួមចំណែកក្នុងសង្គមយ៉ាងសកម្មមួយ​ បានបង្ហាញភាពជាដៃគូគាំទ្រដ៏សំខាន់ទៅដល់មជ្ឈមណ្ឌលធុរកិច្ចថ្មី “តេជោ” ដោយផ្តល់នូវការឧបត្ថម្ភហិរញ្ញវត្ថុ ក៏ដូចជាជំនាញចាំបាច់នានាដើម្បីជំរុញវឌ្ឍនភាពប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឱ្យបានកាន់តែប្រសើរ។ កម្មវិធីទាំងនោះរួមមាន៖  កម្មវិធីនវានុវត្តន៍បញ្រ្ចាសចាប់ពីរដូវកាលទី១ រហូតដល់រដូវកាលទី៤, កម្មវិធីពន្លឿនអាជីវកម្មសហគ្រាសធុនតូច និងមធ្យមឌីជីថល២០២១, កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលក្នុងឆ្នាំ ២០២២-២០២៣, កម្មវិធី Turning Hackathon រដូវកាលទី៦ ឆ្នាំ២០២៤ និងការឧបត្ថម្ភដំណើរទស្សនកិច្ចស្វែងយល់ពីប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីនៅប្រទេសវៀតណាមក្នុងឆ្នាំ២០២៤ជាដើម៕

W2

W1

W

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia