ពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតជ័យលាភី នៃកម្មវិធីសិក្សាសញ្ញាបត្រជាន់ខ្ពស់ផ្នែកពន្ធដារកម្ពុជា ច្បាប់ពន្ធដារកម្ពុជា ច្បាប់ពាណិជ្ជកម្មកម្ពុជា និងស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិសម្រាប់សហគ្រាសធុនតូច និងមធ្យម នៃវិទ្យាស្ថានខេមអេដ
Daneth MechSEPTEMBER 6 2024

កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ នៅសណ្ឋាគារ រ៉ូសវូដ ភ្នំពេញ  វិទ្យាស្ថានខេមអេដ បានរៀបចំពិធីអបអរសាទរ និងប្រគល់សញ្ញាបត្រ ជូនដល់និស្សិតជ័យលាភី នៃកម្មវិធីសិក្សាសញ្ញាបត្រ ជាន់ខ្ពស់ផ្នែកពន្ធដារកម្ពុជា ច្បាប់ពន្ធដារកម្ពុជា ច្បាប់ពាណិជ្ជកម្មកម្ពុជា និងស្តង់ដារ របាយការណ៍ ហិរញ្ញវត្ថុអន្តរជាតិ សម្រាប់សហគ្រាសធុនតូច និងមធ្យម ក្រោម​អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យ និងសវនកម្ម ព្រមទាំងមាន​ការអញ្ជើញ​ចូលរួមពីសំណាក់ លោកនាយក គណៈគ្រប់គ្រង នៃវិទ្យាស្ថានខេមអេដ   និងនិស្សិតជ័យលាភីប្រមាណ ១២៣ នាក់ ផងដែរ។​

Photo 2024 09 06 10 06 46

លោក​ ខេស៊ី បាណេត នាយកវិទ្យាស្ថានខេមអេដ បានចូលរួមអបអរសាទរដល់និស្សិត​ ជ័យលាភីទាំងអស់ និងសម្តែងនូវសេចក្តីសប្បាយរីករាយ ប្រកបដោយមោទនភាព ចំពោះការខិតខំ ប្រឹងប្រែង រហូតទទួលបាន​ជោគជ័យលើការប្រឡងរបស់និស្សិតជ័យលាភីក្នុងថ្ងៃនេះ និងមានប្រសាសន៍ ថា៖ បន្ទាប់ពីវិបត្តិនៃជំងឺកូវីតដែលរីករាលជាសាកល សេដ្ឋកិច្ចប្រទេសកម្ពុជាមិនសូវ ជាមានការកើន ឡើងខ្ពស់ប៉ុន្មានទេ តែទោះជាយ៉ាងណាក៏ដោយសេដ្ឋកិច្ចប្រទេសយើង បានកើនឡើង ចំនួន៥.៦ភាគរយ ក្នុងឆ្នាំ២០២៤នេះ។

ក្នុងនោះផងដែរ តម្រូវការលើផ្នែកសេវាកម្ម រួមមានសេវាកម្មផ្នែកគណនេយ្យ សវនកម្ម និងពន្ធដារមានការកើនឡើងខ្លាំងគួរឲ្យកត់សម្គាល់ ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។ បន្ថែមពីនេះ លោកខេស៊ីបានសង្កេតឃើញពីការកើនឡើង នៃអនុលោមភាព និងតម្លាភាពនៃការអនុវត្ត ច្បាប់ស្តីពីគណនេយ្យ និងសវនកម្មពីសំណាក់ក្រុមហ៊ុននានា ក្រោមការដឹកនាំ របស់ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យ និងសវនកម្ម។ ការកើនឡើងនៃអនុលោមភាព និងតម្លាភាពនៃការ អនុវត្តច្បាប់ស្តីពីគណនេយ្យ និងសវនកម្មនេះ បានផ្តល់ផលវិជ្ជមានដល់ការរីក លូតលាស់នៃសេដ្ឋកិច្ច ប្រទេសកម្ពុជា ដែលអាចឲ្យរដ្ឋាភិបាលមានលទ្ធភាពប្រមូលពន្ធបានច្រើន ដើម្បីប្រើប្រាស់ក្នុងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ និងការអប់រំ ដែលផ្តល់ការជម្រុញបន្ថែមលើការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជានា ពេលបច្ចុប្បន្ន និងអនាគត។

លោកខេស៊ីក៏បានបញ្ជាក់ផង ដែរថាសញ្ញាបត្រជំនាញពន្ធដារកម្ពុជា និងសញ្ញាបត្រជំនាញពាណិជ្ជកម្មកម្ពុជាត្រូវបានទទួលស្គាល់ ដោយសមាគមគណនេយ្យករជំនាញ អន្តរជាតិ អេ ស៊ី ស៊ី អេ នៅចក្រភពអង់គ្លេស ជាពិសេសនិស្សិតជ័យលាភី លើសញ្ញាបត្រជំនាញទាំងពីរ នេះនៅវិទ្យាស្ថានខេមអេដ នឹងទទួលបានកាត់មុខវិជ្ជាជំនាញពន្ធដារ និងច្បាប់ពាណិជ្ជកម្មនៃចក្រភព អង់គ្លេស ពីសមាគមផងដែរ។ មិនត្រឹមតែកម្មវិធីជំនាញទាំងពីរនេះ វិទ្យស្ថានខេមអេដទាំងមូល ក៏ទទួលបានការទទួលស្គាល់គុណភាពអប់រំ ពីសំណាក់ស្ថាប័នវាយតម្លៃគុណភាពអប់រំរបស់សហរដ្ឋ អាមេរិក ACBSP និងបណ្តាញសាកលវិទ្យាល័យអាស៊ាន AUN-QA ផងដែរ។ ការទទួលស្គាល់ទាំងអស់ នេះ បានកើតចេញពីការខិតខំប្រឹងប្រែងក្នុងការពង្រឹងគុណភាពអប់រំ ក៏ដូចជាពង្រឹងលើកម្មវិធីសេវាកម្ម និស្សិតនានា។ លោកខេស៊ី ក៏បានបង្ហាញផងដែរថា នៅក្នុងឆ្នាំនេះ វិទ្យាស្ថានខេមអេដក៏បានចុះ អនុសារណៈយោគយល់គ្នាលើកម្មវិធីជំនាញពន្ធដារ ជាមួយសាលាជាតិពន្ធដារ ដែលជាហេតុធ្វើឲ្យ និស្សិតដែលបញ្ចប់ការសិក្សាដោយជោគជ័យលើកម្មវិធីជំនាញពន្ធដារ នៅវិទ្យាស្ថានខេមអេដទទួល     បានការកាត់ក្រេឌីត ចំនួន៦ ក្នុងដំណើរការសិក្សាយកអាជ្ញាបណ្ណពន្ធដារ ពីសាលាជាតិពន្ធដារ។

Photo 2024 09 06 10 06 42

ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យ និងសវនកម្ម បានចូលរួមអបអរសាទរ និងបានបង្ហាញនូវការវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងពង្រឹងនូវកម្មវិធីសិក្សា គុណភាពសាស្ត្រាចារ្យ ក៏ដូចជាសេវាកម្មសិក្សានានា របស់វិទ្យាស្ថានខេមអេដ ដែលការខិតខំនេះបានរួមចំណែកយ៉ាងធំធេងក្នុង បេសកម្មពង្រឹងអនុលោមភាព និងតម្លាភាពនៃការអនុវត្តច្បាប់ស្តីពីគណនេយ្យ និងសវនកម្មនៅប្រទេស កម្ពុជា។ ឯកឧត្តម ក៏បានបញ្ជាក់ផងដែរថា វិទ្យាស្ថានខេមអេដ​ ជាវិទ្យាស្ថាន​តែមួយគត់ដែលបានការ ទទួលស្គាល់ និងបានចុះអនុស្សរណៈយោគយល់គ្នាជាមួយ និយ័តករគណនេយ្យ និងសវនកម្ម លើការ បណ្តុះបណ្តាលកម្មវិធីជំនាញពន្ធដារកម្ពុជា និងច្បាប់ពាណិជ្ជកម្មកម្ពុជាជូនដល់គណនេយ្យករ និង សវនករបរទេស ដែលមានបំណងសុំអាជ្ញាប័ណ្ណប្រកបវិជ្ជាជីវ:គណនេយ្យ និងសវនកម្មនៅប្រទេស កម្ពុជា។ ការសម្រេចនេះ គឺដោយសារតែមើលឃើញពីសម្ថភាពនិស្សិត ឆន្ទៈក្នុងការពង្រឹង គុណភាពអប់រំ រហូតទទួលបានការទទួលស្គាល់ពីស្ថាប័នគណនេយ្យករជំនាញអន្តរជាតិ  ​ACCA នៅ​ចក្រភពអង់គ្លេស។

ឯកឧត្តម ប៊ូ ថារិន ក៏បានបន្ថែមទៀតថា​ បច្ចុប្បន្ននៅប្រទេសកម្ពុជាមានសហគ្រាសធុនតូច និងមធ្យមប្រមាណជាង ៦០,០០០ក្រុមហ៊ុន ខណៈចំនួននិស្សិតដែលបានចូលរួមវគ្គសិក្សាស្តង់ដារ របាយការណ៍ហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យមគឺមានចំនួនរយនាក់នៅឡើយទេ ដែលគម្លាតនៃចំនួនសហគ្រាស និងអ្នកសិក្សានេះ បានបង្ហាញពីកង្វះធនធានអ្នកជំនាញលើផ្នែកនេះ។ ហេតុនេះហើយ ឯកឧត្តម សូមលើទឹកចិត្តដល់អ្នកជាប់ពាក់ព័ន្ធទាំងអស់មេត្តាបន្តអភិវឌ្ឍន៍ជំនាញ នេះបន្ថែម ហើយក៏ស្នើរដល់វិទ្យាស្ថានខេមអេដ​​​បន្តចូលរួមជារដ្ឋាភិបាល ក៏ដូចជានិយ័តករក្នុងការផ្តល់ ការបង្កើនអ្នកជំនាញផ្នែកគណនេយ្យ និងសវកម្មប្រកបដោយសម្ថភាពនៅប្រទេសកម្ពុជា។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia