មហាសេដ្ឋីចិត្តធម៌ Bill Gates និង Warren Buffett បាននឹងកំពុងបរិច្ចាគទ្រព្យសម្បត្តិផ្ទាល់ខ្លួន រាប់ពាន់លានដុល្លារ ក្នុងសកម្មភាពសប្បុរសធម៌ ជួយដល់អ្នកទីទាល់ក្រជុំវិញពិភពលោក ជាពិសេសនៅតំបន់អាហ្វ្រិក និងសហរដ្ឋអាមេរិក។
១/. មហាសេដ្ឋី Bill Gates៖ ថ្លែងក្នុងសុន្ទរកថាកាលពីដើមខែមិថុនា ឆ្នាំ ២០២៥ នៅទីស្នាក់ការសហភាពអាហ្វ្រិក ក្រុង Addis Ababa ប្រទេសអេត្យូពី មហាសេដ្ឋី Bill Gates បានលើកឡើងយ៉ាងដូច្នេះថា៖ «ភាគច្រើននៃមូលនិធិនឹងត្រូវចំណាយនៅអាហ្វ្រិក ដោយផ្តោតលើការការពារជំងឺ, ការលុបបំបាត់ភាពក្រីក្រ និងការកែលម្អវិស័យអប់រំ»។ ខណៈលោកទុកទ្រព្យសម្បត្តិត្រឹមតែ ១%ប៉ុណ្ណោះ សម្រាប់ចែកឲ្យកូនៗ។
២/. មហាសេដ្ឋី Warren Buffett៖ នៅក្នុងរបាយការណ៍ដែលបានដាក់ជូនគណៈកម្មការមូលបត្រអាមេរិក (SEC) មហាសេដ្ឋីវិនិយោគិនរូបនេះបាននិយាយថា ខ្លួនបានបរិច្ចាគភាគហ៊ុន ១.៥ លានប្រភេទ B របស់ Berkshire ដល់មូលនិធិ Susan Thompson Buffett ដែលជាអង្គការសប្បុរសធម៌មួយផ្តោតលើវិស័យ សុខាភិបាល។ លោកក៏បានបរិច្ចាគភាគហ៊ុនថ្នាក់ B ចំនួន ៩០០,០០០ ផ្សេងទៀត ដោយបែងចែកស្មើៗគ្នាក្នុងចំណោមអង្គការសប្បុរសធម៌ដែលគ្រប់គ្រងដោយកូនៗរបស់លោក។
លើសពីនេះ មហាសេដ្ឋី Warren Buffett បានចេញលិខិតដ៏កម្រមួយទៅកាន់ម្ចាស់ភាគហ៊ុនកាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយបញ្ជាក់សារជាថ្មីថា លោកនឹងបរិច្ចាគទ្រព្យសម្បត្តិច្រើនជាង ៩៩% របស់ខ្លួនទៅអង្គការសប្បុរសធម៌ ខណៈកូនៗនឹងក្លាយជាអ្នកប្រតិបត្តិតាមគន្លងរបស់លោក។
គួរជម្រាបផងដែរថា កាលពីមុនមហាសេដ្ឋី Warren Buffeet និង Bill Gates បានបង្កើត Giving Pledge ដែលលើកទឹកចិត្តឱ្យអ្នកមានបំផុត លើពិភពលោក បរិច្ចាគទ្រព្យសម្បត្តិយ៉ាងហោចណាស់ពាក់កណ្តាលរបស់ពួកគេទៅអង្គការសប្បុរសធម៌៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook