មុខរបរតូចតាច គង់តែរីកធំទេ ឱ្យតែយើងមានចិត្តតស៊ូ និងស្វែងរកគំនិតថ្មីៗជាមួយវា។ ជាក់ស្តែង របរលក់ចាប់ហួយក៏អាចឱ្យអ្នកមានជីវភាពធូរធារបានដែរ ប្រសិនបើអ្នកចេះកែច្នៃវា និងផ្តោតលើរបរនេះឱ្យខ្លាំង។ ខាងក្រោមនេះ គឺជាស្នៀតទាំង៧ ដែលលោកអ្នកអាចយកទៅប្រើនៅក្នុងរបរលក់ចាប់ហួយ ឱ្យអាចរីកធំ និងរកចំណូលបានច្រើន៖
១. ទៅទិញទំនិញឱ្យដល់កន្លែងបោះដុំ៖ ការលក់ចាបហួយ ទោះលក់តិចឬច្រើន អ្នកត្រូវទៅរកកន្លែងបោះដុំឱ្យបាន។ ការទិញទំនិញបោះដុំ ទើបអាចឱ្យអ្នកចំណេញបានច្រើន និងងាយស្រួលក្នុងការលក់ចេញ ជាពិសេសអ្នកអាចក្លាយជាអ្នកបោះដុំ និងលក់រាយផងដែរ។ ប៉ុន្តែមានអ្នកលក់ចាប់ហួយច្រើនណាស់ ដែលតែងតែត្រូវគេលក់កោម្តងជាពីរដង មុននឹងអាចរកកន្លែងបោះដុំ ដែលមានតម្លៃល្អ។
ដូច្នេះដើម្បីរកទំនិញបោះដុំបាន អ្នកគួរសាកសួរ អ្នកដែលកំពុងលក់ស្រាប់ ឬអ្នកទៅផ្សារអូឬស្សី ឬផ្សារផ្សេងៗទៀតដែលអ្នកស្គាល់ ហើយដើរសួរតម្លៃឱ្យបានច្រើនតូប មុននឹងសម្រេចយកទំនិញពីកន្លែងណាមួយ។ លើសពីនេះ ដោយសារបច្ចុប្បន្ន មានទំនិញជាច្រើន ត្រូវបានគេដឹកតាមឡានយកទៅលក់ឱ្យយើងផ្ទាល់ៗតែម្តង ហេតុនេះ អ្នកក៏អាចស្ទាបស្ទឹងតម្លៃមើល ថារវាងអ្នកទៅទិញនៅផ្សារផ្ទាល់ និងគេយកមកលក់ឱ្យផ្ទាល់តើមួយណាតម្លៃលក់ជាង មុននឹងអ្នកសម្រេចយកឥវ៉ាន់ពីគេតាមក្រោយបាន។
២. លក់មិនឱ្យគេជំពាក់៖ មានអ្នកលក់ចាប់ហួយច្រើនណាស់ ដែលត្រូវបានក្ស័យធនដោយសារតែការលក់ជំពាក់នេះឯង។ ដូច្នេះ អ្នកមិនត្រូវឱ្យគេជំពាក់ឡើយ អ្នកមិនអាចយកមនោសញ្ចេតនា ឬអារម្មណ៍ដែលខ្លាចគេគិតថាអ្នកចិត្តអាក្រក់ ហើយឱ្យគេជំពាក់ជាដាច់ខាត។ ត្រូវចាំថា "លក់មិនឱ្យគេជំពាក់ គេខឹងអ្នកតែមួយគ្រាតែប៉ុណ្ណោះ តែនៅពេលអ្នកទៅទារ គេអាចខឹងអ្នកមួយជីវិត" ។ សម្រាប់វិធីកុំឱ្យគេជំពាក់ អ្នកអាចនិយាយថា អ្នកកំពុងត្រូវការលុយបង្វិលឥវ៉ាន់ថែម ឬត្រូវការលក់ធ្វើេនះធ្វើនោះ មិនអាចឱ្យជំពាក់បានឡើយ។
៣.កត់ចំណូលចំណាយឱ្យច្បាស់៖ ការរកស៊ី រឿងចំណូលចំណាយ គឺជាដង្ហើមរបស់អាជីវកម្ម អ្នកត្រូវកត់ចំណូល និងចំណាយឱ្យបានច្បាស់បំផុត តាមដែលអាចធ្វើទៅបាន។ ការកត់ត្រាចំណាយរួមមានដូចជា ថ្លៃដើម ថ្លៃទឹកភ្លើង ថ្លៃអ៉ីនធើណេត ថ្លៃបែកបាក់ ឬខូតខាត ថ្លៃដឹកជញ្ជូន ថ្លៃកម្លាំងពលកម្ម និងថ្លៃទំនិញដែលជាទូទៅ យើងតែងលក់សល់ជាដើម។ នៅពេលអ្នកកក់ចំណាយរួចអស់ហើយ ទើបអ្នកអាចកំណត់តម្លៃលក់ណាមួយ ដែលមិនថ្លៃពេក ហើយអ្នកអាចចំណេញបានតាមក្រោយ ហើយសូមកុំដកលុយចំណេញផ្តេសផ្តាសឱ្យសោះ។
៤.យកលុយចំណេញ ដាក់ឥវ៉ាន់ថែម៖ ក្នុងការរកសុីគេមានក្បួនមួយក្នុងការចាត់ចែងលុយកុំឱ្យរញ៉េរញ៉ៃ នោះគឺជាក្បួន ៣០% និង ៧០% ដោយប្រាក់ចំណេញ ៣០% សម្រាប់ការចាយវាយចាំបាច់ ដូចជាអាហារ និងសម្ភាៈផ្សេងៗ ហើយ៧០%ទៀត គឺសម្រាបទិញឥវ៉ាន់បន្ថែមទៀត។ ការបន្តយកប្រាក់ចំណេញ ពី៧០ភាគរយ ឬច្រើនជាងនេះ ដើម្បីទិញឥវ៉ាន់ថែម វានឹងធ្វើឱ្យតូបលក់ចាប់ហួយរបស់អ្នកកាន់តែរីកធំ។
៥. ច្នៃទំនិញចាស់ៗលក់កុំឱ្យសល់៖ ការលក់ដូរតែងមានឥវ៉ាន់សល់ ហើយបើអ្នកអាចធ្វើឱ្យទំនិញចាស់ៗសល់កាន់តែតិច សុខភាពអាជីវកម្មអ្នកកាន់តែល្អ។ ដូច្នេះ អ្នកអាចធ្វើប្រម៉ូសិន បញ្ចុះតម្លៃ ឬអ្នកអាចលក់ផ្គួបរវាងទំនិញថ្មី និងទំនិញចាស់ ឬអ្នកលក់ទំនិញថ្មីឱ្យរៀងថ្លៃបន្តិច ហើយថែមរបស់ចាស់ឱ្យគេក៏បាន ទៅតាមស្ថានភាពទំនិញ ឬផលិតផលរបស់អ្នករៀងៗខ្លួន។
៦.ត្រូវមានទំនិញពិសេសយ៉ាងតិច១៖ អ្នកលក់ពូកែ គឺជាអ្នកដែលពូកែរើសទំនិញ ហេតុនេះ ទោះបីយើងលក់ចាប់ហួយក៏ដោយ ក៏យើងត្រូវស្វែងរកទំនិញដែលពិសេសជាងគេយ៉ាងតិច១ នៅក្នុងតូបរបស់យើងដែរ។ ជាក់ស្តែង បើនៅក្នុងភូមិរបស់អ្នក គេគ្រប់គ្នា មិនលក់ជីទេ ដោយសារតែជីថ្លៃនោះ អ្នកគួរយកវាមកលក់ ពីព្រោះពេលអ្នកលក់ អ្នកនឹងក្លាយជាតូបចាប់ហួយតែមួយគត់ដែលមានជីលក់ ដូច្នេះចង់ឬមិនចង់ គេនឹងមកតូបរបស់អ្នកមិនខាន។
៧. លក់ចម្រុះមុខ៖ អ្នកលក់ចាប់ហួយភាគច្រើន តែងតែភ្លេចខ្លួន នៅពេលដែលមានភ្ញៀវទៅទិញឥវ៉ាន់ ហើយសួរទំនិញនេះ ទំនិញនោះ ពួកគាត់អត់មាន គាត់ធ្វើធម្មតា។ ប៉ុន្តែសម្រាប់អ្នកលក់ខ្លាំង បើភ្ញៀវមករកថ្ងៃនេះ អត់មាន នៅថ្ងៃស្អែក គេនឹងទៅយកទំនិញនោះមកលក់មិនខាន។ ការដាក់ទំនិញឱ្យបានច្រើនមុខ គឺជាយុទ្ធសាស្រ្តសំខាន់ សម្រាប់អ្នកលក់ចាប់ហួយគ្រប់ៗគ្នា ពីព្រោះអតិថិជន បើគេទៅទិញគ្រឿងទេស គេមិនចង់ទិញបីចេង នៅតូបនេះ ហើយទៅទិញស្ករ នៅតូបផ្សេងនោះឡើយ។
ក្រៅពីស្នៀតទាំង៧ខាងលើនេះ លោកអ្នកក៏គួរប្រើបច្ចេកវិទ្យាមកជួយការលក់របស់អ្នកផងដែរ។ ជាកស្តែង អ្នកអាចបង្កើតផេកលក់នៅលើហ្វេសប៊ុក ឬនៅបណ្តាញសង្គមណាមួយ ដែលអ្នកគិតថា មានមនុស្សប្រើច្រើន ដើម្បីបង្កើនការលក់បន្ថែម។ មួយវិញទៀត អ្នកគួរស្វែងយល់ពីប្រព័ន្ធ System ដែលអាចឱ្យអ្នកបញ្ចូលមុខទំនិញ និងតម្លៃទិញចូល លក់ចេញឱ្យបានច្បាស់ ដើម្បីងាយស្រួលតាមដានទំនិញ ដែលលក់អស់ និងនៅសល់ ផ្សេងៗជាដើម ៕
អត្ថបទដោយ៖ នៅ ថាត់សណា