ខេត្តមណ្ឌលគិរី ជាខេត្តស្ថិតនៅភាគខាងកើតរបស់កម្ពុជា ដែលជាតំបន់ទេសចរណ៍ធម្មជាតិដ៏សស្រស់ស្អាតសម្រាប់អ្នកដែលចូលចិត្តធម្មជាតិ រួមមានទឹកជ្រោះ សត្វព្រៃ ព្រៃកោងកាង និងភ្នំតូច-ធំជាដើម។ ហើយអ្វីដែលកាន់តែពិសេសនៅក្នុងខេត្តនេះមានអាកាសធាតុល្អ និងផ្លូវស្អាតៗ អមដោយព្រៃឈើដែលអមសងខាងផ្លូវ គួរជាទីទាក់ទាញសម្រាប់អ្នកធ្វើដំណើរ។
យ៉ាងណាមិញសម្រាប់បងប្អូនមួយចំនួនដែលមិនទាន់បានទៅ ឬកំពុងមានគម្រោងដើរកម្សាន្តនៅថ្ងៃឆ្លងឆ្នាំខាងមុននេះ មកដឹងទីតាំងរមណីយដ្ឋានស្អាតៗមួយចំនួនក្នុងខេត្តមណ្ឌលគិរី បើបានទៅហើយមិនគួររំលង៖
១.ភ្នំអណ្ដូងស្នេហ៍
ភ្នំនេះគឺស្ថិននៅ ភាគភាគឦសាននែខេត្តមណ្ឌលគីរី ដែលជាទីតាំងស័ក្ដិសិទ្ធិ។ ភ្នំអណ្ដូងស្នេហ៍ មានទីតាំងក្នុងភូមិដាក់ដាំ ឃុំដាក់ដាំ ស្រុកអូរាំង ខេត្តមណ្ឌលគិរី។
២.សមុទ្រឈើ
សមុទ្រឈើ ស្ថិតនៅភូមិឡៅកា ឃុំសុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ជាកន្លែងដែលមានទេសភាពស្រស់ត្រកាល ដោយអាចមើលព្រៃឈើដ៏ក្រាស់ឃ្មឹក ដាច់កន្ទុយភ្នែកជាប់ជើងមេឃប្រៀបដូចជាសមុទ្រ។ ភ្ញៀវទេសចរទៅលេងនៅមណ្ឌលគិរី គឺមិនដែលសូវរំលងតំបន់នេះទេ ព្រោះទេសភាពនៅទីនោះស្រស់ស្អាតមែនទែន ជាពិសេសគឺពេលថ្ងៃរះ និងថ្ងៃលិចជាដើម។
៣.ដើមស្រល់ នៅមណ្ឌលគិរី
ធ្វើដំណើរចេញពីទីក្រុងសែនមនោរម្យ ទីរួមខេត្តមណ្ឌលគិរី ឆ្ពោះទៅឃុំដាក់ដាំ ស្រុកអូររាំង ចម្ងាយប្រហែល១៥គីឡូម៉ែត្រ លោកអ្នកប្រាកដជាបានឃើញដើមស្រល់ជាច្រើន ដុះអមសងខាងផ្លូវ លើភ្នំខ្ពស់ទាប និងបង្ហាញសម្រស់ធម្មជាតិស្រស់ស្អាត មិនចាញ់ដើម Christmas (គ្រីស្មាស) នោះទេ។ នៅលើដងផ្លូវកៅស៊ូរដ៏សែនស្ងាត់ ដែលពុំសូវមានអ្នកដំណើរឆ្លងកាត់ ហើយពេលឃើញដើមស្រល់យ៉ាងច្រើនដុះលើភ្នំ ពិតជាធ្វើឲ្យអ្នកមានអារម្មណ៍ថា វាពិតជាស្អាតមែនទែន។
៤.ទឹកធ្លាក់រម្យនា
ទឹកធ្លាក់នេះធ្លាក់លើផ្ទាំងថ្មកម្ពស់ប្រហែលជា៥ម៉ែត្រ ប៉ុន្តែបើសរុបទាំងផ្នែកខាងលើ និងខាងក្រោមប្រហែលជា៣០០ម៉ែត្រដែលអាចលេងកម្សាន្តបាន។ នៅជាប់ទឹកធ្លាក់នោះមានវារីអគ្គិសនីខ្នាតតូចមួយដែលអាចបម្រើដល់អ្នកភូមិនៅទីនោះបានខ្លះ។ ទឹកធ្លាក់រមនាទីពីរជាកន្លែងកម្សាន្តដ៏រីករាយមួយនៅក្នុងខេត្តមណ្ឌលគិរី។ ពេលភ្ញៀវជាតិ និងអន្តរជាតិទៅដល់ទីនោះប្រាកដជាចម្លែកអារម្មណ៍នឹងសំឡេងពីរខុសគ្នាពោលគឺសំឡេងទឹកធ្លាក់ និងសំឡេងវារីអគ្គិសនីលាយបញ្ចូលគ្នាក្នុងពេលតែមួយ។
៥. ភ្នំដោះក្រមុំ
រមណីយដ្ឋានភ្នំដោះក្រមុំ ស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ត្រូវបានអ្នកជំនាញផ្នែកវប្បធម៌ គ្រោងដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌជាតិ និងបេតិកភណ្ឌពិភពលោក។ តំបន់នេះ មានចំណុចពិសេសច្រើន ដូចជាទីតាំងនៅក្នុងក្រុង ប្រមូលផ្ដុំដោយជំនឿជនជាតិដើមភាគតិចផងដែរ។ ហើយនៅទីនេះក៏ជាកន្លែងអំណោយផលបំផុតសម្រាប់ការថតរូប និងមើលថ្ងៃរៀបលិច។
៦. ទឹកជ្រោះសែនមនោរម្យ
ទឹកជ្រោះសែនមនោរម្យនៅកណ្តាលក្រុងសែនមនោរម្យ នៃខេត្តមណ្ឌលគិរីបានក្លាយជាកន្លែងងាយស្រួលបំផុតសម្រាប់អ្នកដែលចូលចិត្តលំហែកាយ ខណៈទឹកធ្លាក់មានកម្ពស់រាប់ម៉ែត្រ និងដើមឈើធំៗដែលបង្កើតជាខ្យល់បកត្រជាក់ឆ្អឹងខ្នង។ វាមានទីតាំងនៅក្នុងស្រុកសែនមនោរម្យចម្ងាយត្រឹមតែ៥គីឡូម៉ែត្រប៉ុណ្ណោះពីទីរួមខេត្តតាមរយៈផ្លូវគ្រួសក្រហម។ តាមសងខាង ផ្លូវលំនោះមានឧស្សាហកម្មចម្ការកៅស៊ូ កាហ្វេ និងស្វាយចន្ទីផងដែរ។ ទឹកធ្លាក់មានកម្ពស់ជាង១០ម៉ែត្រដែលបង្កើតបានជាសំឡេងកងរំពងពេញត្រចៀកនៅពេលភ្ញៀវស្ថិតនៅផ្នែកខាងក្រោម។ នៅមាត់ទឹកធ្លាក់នោះមានដើមគគីរធំមួយដើមដែលមានអាយុកាលរាប់រយឆ្នាំមកហើយ។
៧.ទឹកជ្រោះប៊ូស្រា
រមណីយដ្ឋាននេះស្ថិតក្នុងស្រុកពេជ្រចិន្ដា ចម្ងាយជាង ៤០ គីឡូម៉ែត្រពីស្រុកសែនមនោរម្យ ខេត្តសំបូរភ្នំមណ្ឌលគិរី។ ភ្ញៀវទេសចរភាគច្រើនដែលទៅដល់ខេត្តមណ្ឌលគិរី គឺមិនដែលចន្លោះនូវរមណីយដ្ឋានទឹកជ្រោះប៊ូស្រានោះទេ។ ។ ទឹកកជ្រោះនេះចែកចេញជា៣ដំណាក់៖
ដំណាក់ទី១: ហូរធ្លាក់ក្នុងកំពស់ ៨ ទៅ ១២ម៉ែត្រ ដែលមានមុខកាត់ទទឹង ១៥ម៉ែត្រ នៅរដូវវស្សា និង កំពស់ពី១០ ទៅ ១៥ម៉ែត្រ នៅរដូវប្រាំង។
ដំណាក់ទី២: ហូរធ្លាក់ពីកំពស់ ១៥ ទៅ ២០ម៉ែត្រ និង មុខកាត់ទទឹង ២០ម៉ែត្រនៅរដូវវស្សា និង កំពស់ពី១៨ ទៅ ២៥ម៉ែត្រ ដែលមានមុខកាត់១៣ម៉ែត្រ នៅរដូវប្រាំង។ ទឹកធ្លាក់ទី២នេះ មានចំងាយ១៥០ម៉ែត្រពីទឹកធ្លាក់ទី១។
ដំណាក់ទី៣: ហូរធ្លាក់ដោយល្បឿនលឿនខ្លាំងជាងល្បាក់ទី២។ ល្បាក់នេះ យើងមិនអាចទៅដល់បានទេ ពីព្រោះជាតំបន់ព្រៃក្រាស់ ខ្វះមធ្យោបាយធ្វើដំណើរ និង តំបន់គ្រោះថ្នាក់នៃពពួកសត្វព្រៃ៕
អត្ថបទដោយ៖ ឌឿក ស្រី នុត