មកក្រោយប្រយ័ត្នមិនទាន់គេ! នេះជាគន្លឹះទាំង៤ក្នុងការបើកអាជីវកម្មខ្នាតតូចទទួលបានភាពជោគជ័យ
Srey NuthJANUARY 29 2024372 views

អាជីវកម្ម​ត្រូវបានគេកំណត់ទំហំ​៣ធំៗដូចជា​​ខ្នាត​តូច មធ្យម និងធំ។​ នៅ​ប្រទេសមួយចំនួន​លើ​សកលលោក​គេកំណត់​ទំហំ​នៃពាណិជ្ជកម្ម​ដោយ​ផ្អែកទៅលើ​ចំនួន​និយោជិក ដើមទុន​​​ និង​ប្រាក់​ចំណូល​ជាដើម។​ ដោយឡែក​នៅក្នុង​ប្រទេស​កម្ពុជាការ​កំណត់​ទំហំនៃ​ពាណិជ្ជកម្ម​យោងទៅលើ​ប្រាក់​ចំណូលជា​ចម្បងដោយ​អាជីវកម្ម​ខ្នាត​តូចស្ថិតនៅក្នុង​ប្រាក់​ចំណូល​ចន្លោះ​មិនលើសពី១០ម៉ឺនដុល្លារ។

 

សម្រាប់​អ្នក​ដែលមានដើមទុន​សមល្មម​ហើយ​គិតថា​ចង់បើកអាជីវកម្ម​ ថ្ងៃនេះចាបក្រហម​ សូមណែនាំ គន្លឹះមួយចំនួ​ននឹង​ជួយឲ្យ​អ្នកវិភាគពីចំណុចទាំងឡាយ​ដែល​ជួយឲ្យអាជីវកម្ម​អ្នកទទួលបានភាពជោគជ័យ ៖

 

១.គិតពីទំហំ​ទីផ្សារ

 

កាលណាអ្នកបានសិក្សា​ពីទីផ្សារ​នៃក្រុមអតិថិជនគោលដៅរបស់អ្នក​បាន​ច្បាស់លាស់​និង​ជ្រើសរើសយក​អាជីវកម្ម​ដែលត្រឹមត្រូវស្របតាម​ជំនាញរបស់​អ្នកទៀត​នោះ​វានឹង​ធ្វើឲ្យអ្នក​កាន់​តែមានភាពងាយស្រួល​ឡើង។ ប្រសិនបើ​ទីផ្សារ​របស់​អ្នកកាន់​តែធំនោះ​អត្រានៃការ​លក់​របស់​អ្នកក៏​កាន់តែ​កើនឡើង​ដែរ។​ ឧទាហរណ៍ថា​អ្នក​ចង់​បើក​អាហារដ្ឋាន​មួយ​កន្លែង​នៅទល់​មុខផ្សា​រ​​អូរឫស្សី​នោះ​មាន​ន័យថា​អ្នកនៅក្បែរៗ​នោះនិងអតិថិជនដែល​មក​ផ្សារ​គឺ​សុទ្ធតែ​ជា​អតិថិជន​គោលដៅរបស់អ្នកទាំងអស់។ យើង​សង្កេតឃើញ​ថា​អ្នកគឺមានទី​ផ្សារធំណាស់ដោយសារតែ​នៅផ្សារ​នោះគឺ​មានមនុស្ស​ចូលច្រើន​ស្ទើររាល់ថ្ងៃ។ យ៉ាងណាមិញ​វាស្ថិតនៅលើ​ការសម្រេចចិត្ត​របស់អ្នក​ថាតើអ្នកនឹង​រើសយក​ប្រភេទនៃអាជីវកម្ម​បែបណាតែប៉ុណ្ណោះ។ ទោះបីជាយ៉ាងណា​អ្នកត្រូវមានភាពវ័យឆ្លាតក្នុង​ការ​ជ្រើសរើសប្រភេទអាជីវកម្ម​ព្រមទាំង​សម្រួចគោលដៅទៅកាន់​អតិថិជន​របស់អ្នក។

 

២. ធម្មជាតិ​នៃ​ផលិតផលឬ​សេវាកម្ម

 

វាត្រូវមើល​តាម​ប្រភេទនៃ​ផលិតផល​អ្នកដែរ​ថាតើវាត្រូវបានគេ​​​ប្រើប្រាស់រាល់ថ្ងៃ ម្តងម្កាល ឬអាចមានទំនិញជំនួសច្រើនជាងនិងថោកជាង។ ប្រសិនបើវា​ជា​ផលិតផល​ដែលគេតែងប្រើប្រាស់​រាល់​ថ្ងៃ​ប្រាកដណាស់ថា​អ្នកនឹងមិន​សូវមានការ​ព្រួយ​បារម្ភឡើយ​ថាខ្លាចវាលក់​មិនដាច់ឬ​ឆាប់ខូច​គុណភាពជាដើម។

 

៣.​ ដៃគូប្រកួតប្រជែង

 

​​អ្នក​មិនត្រូវ​ភ្លេចគិតគូរពីដៃគូ​ប្រកួតប្រជែងរបស់អ្នក​នោះទេ។ អ្នក​ត្រូវដឹង​ថា​អ្នកណាខ្លះដែលជា​ដៃគូ​ប្រកួតប្រជែង​របស់អ្នក​និង​មានលក់ផលិតផល​ឬបម្រើ​សេវាកម្មជំនួស​អ្នកបាន​។ ជាពិសេស​អ្នក​ត្រូវ​រកវិធីសាស្រ្តណាដែលអាចដណ្តើម​បាន​ការទិញពី​អតិថិជន​តែត្រូវតែ​ប្រកប​ដោយ​ក្រមសីលធម៌​និងស្របច្បាប់។

 

៤. របៀបដឹកជញ្ជូន និងស្តុក

 

អ្នកត្រូវគិតគូឲ្យហើយ​ថា​ផលិតផល​របស់អ្នកអាច​ដឹកជញ្ជូនតាមរបៀប​ណាខ្លះដើម្បីយកមកលក់និងលក់ឲ្យ​អតិថិជន​ ឬមួយអតិថិជនត្រូវ​មក​ទិញ​ដោយផ្ទាល់​ឬយ៉ាងណា។ បើ​អ្នក​បានគិតគូរ​ពីវារួចជាស្រេច​វានឹងធ្វើឲ្យ​ងាយស្រួល​ក្នុងការ​ដាក់​តម្លៃទំនិញ។ ក្រៅពីនេះ​អ្នកក៏​ត្រូវពិចារណា​ថ្លៃ​ចំណាយចំពោះ​ការរក្សាទុក​ទំនិញ​របស់អ្នកដែរ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia