មួយគីឡូរាប់សិបដុល្លារ! មកស្គាល់ដំណាំ៤ ប្រភេទនៅកម្ពុជាលក់បានថ្លៃ ដាំហើយមិនខ្វះទីផ្សារ
ធី ស្រីល័ក្ខJANUARY 10 2024844 views

ដំណាំ ៤ប្រភេទដែលបានដាំដុះនៅកម្ពុជាកំពុងតែឆក់បេះដូងអ្នកទិញ ខណៈប្រើពេលវេលាថែទាំងរៀងយូរបន្តិចប៉ុន្តែនៅពេលដែលចេញផលហើយគឺអាចលក់បានថ្លៃចំណែកទីផ្សារវិញក៏មានមិនខ្វះផងដែរ។ នាពេលនេះចាបក្រហមនឹងលើកបង្ហាញនៅដំណាំកសិកម្ម ៤ប្រភេទនៅកម្ពូជា ដែលបងប្អូនអាចពិចារណាដាំដុះបាន៖

១. ដំណាំកាកាវ

ដំណាំកាកាវ គឺដំណាំដ៏សែនទំនើបមួយស្ថិតនៅក្នុងខេត្តមណ្ឌលគិរី ដែលដំណាំមួយនេះត្រូវបានដាំដោយកសិករខ្មែរ១រូបគឺ លោក ជ្រិន ចាន់ថុល អគ្គនាយកក្រុមហ៊ុនកាកាវ ដែលបានចាប់ផ្តើមដាំដុះតាំងពីចុងឆ្នាំ២០១៥ មកម្លេះ ។ មូលហេតុដែលសម្រេចឱ្យលោកបានជ្រើសរើសការដាំដំណាំកាកាវនេះ ព្រោះតែលោកមើលឃើញថានាពេលបច្ចុប្បន្ននេះពុំទាន់មាននរណានិយមដាំដំណាំនេះឡើយ ម្យ៉ាងទៀតលោកក៏បានមើលឃើញថាដំណាំកាកាវនេះក៏ជាដំណាំមួយដែលបានទីផ្សារល្អផងដែរ។

អគ្គនាយកក្រុមហ៊ុនកាកាវ បានបន្ថែមទៀតថា ដំណាំកាកាវនេះគឺស្រួលថែស្រួលដាំខ្លាំងណាស់ ហើយកាកាវចូលចិត្តអាកាសធាតុត្រជាក់ក្រោម ៣៦ អង្សារគឺអាចដាំដំណាំនេះបានហើយ។ តែបើក្រឡេកមកមើលខេត្តដែលអាចដំាកាកាវហើយទទួលបានផលល្អនោះគឺខេត្តមណ្ឌលគិរិ រតនៈគិរី ពីព្រោះខេត្តទាំងនេះគឺត្រជាក់លឿនហើយអាកាសធាតុបែបនេះគឺងាយស្រួលខ្លាំងណាស់ក្នុងការដាំកាកាវបាន។

លោក ជ្រិន ចាន់ថុល ដែលជាអគ្គនាយកក្រុមហ៊ុនកាកាវ បានបញ្ជាក់ថាចំពោះប្រជាពលរដ្ឋខ្មែរទាំងអស់ដែលនៅតំបន់ផ្សេងៗសុទ្ធតែអាចដាំដំណាំកាកាវនេះបានទាំងអស់ប៉ុន្តែអ្វីដែលសំខាន់នោះគឺកុំឱ្យតែប្រភេទដីចុមទឹក។ បែបនេះប្រសិនជាយើងចង់ដាំកាកាវនេះទីមួយគឺត្រូវរើសដីដែលមានជីវជាតិ ទី២មានទឹកគ្រប់គ្រាន់ផ្គត់ផ្គង់ ទីបីត្រូវចេះថែទាំ សរុបមកវិញរឿង៣នេះសំខាន់ខ្លាំងណាស់សម្រាប់អ្នកដែលចង់ដាំកាកាវ ប្រសិនជាយើងមានបីនេះគ្រប់គ្រាន់អាចចាប់ផ្តើមដាំកាកាវបានហើយ ហើយវានឹងទទួលបានផលល្អ។

១៧

២. ដំណាំវ៉ាន់នីឡា

វ៉ាន់នីឡា ជាប្រភេទដំណាំកសិឧស្សាហកម្មដែលដាំដុះនៅតំបន់ត្រូពិកដូចជាប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ិកស៊ិកកូ។វ៉ាន់នីឡាមានផ្លែស្រដៀងគ្នាទៅនឹងសណ្តែក ផ្លែវាត្រូវបានគេយកទៅប្រើប្រាស់ធ្វើជាគ្រឿងទេសដ៏សំខាន់ក្នុងទឹកជ្រលក់ ការ៉េម ទឹកសឺរ៉ូ និងបង្អែមជាដើម។ផ្លែវ៉ាន់នីឡាមានតម្លៃថ្លៃខ្លាំងណាស់ ដោយក្នុងមួយគីឡូមានតម្លៃចន្លោះពី ៣០០ដុល្លារ ឡើងដល់ ៥០០ដុល្លារទៅ ៦០០ដុល្លារក្នុងមួយគីឡូក្រាម ទៅតាមប្រភេទនិងគុណភាពរបស់វ៉ាន់នីឡា។

ជាក់ស្តែង លោក Christonphe ជាម្ចាស់ចំការវ៉ាន់នីឡា ដែលមានទីតាំងស្ថិតនៅស្រុកបន្ទាយស្រី ក្នុងខេត្តសៀមរាប បានឱ្យដឹងថា លោកបានចាប់យកការដាំវ៉ាន់នីឡានេះតាំងពីឆ្នាំ ២០១២ មកម្លេះហើយមូលហេតុដែលធ្វើឱ្យលោកចាប់យកការដាំដុះវ៉ាន់នីឡានេះ ដោយសារលោកមើលឃើញពីភាពអំណោយផលនៃអាកាសធាតុនៅក្នុងប្រទសកម្ពុជា ម្យ៉ាងដំណាំនេះនៅស្រុកខ្មែរមិនទាន់មានគេធ្វើខណៈនៅប្រទេសជិតខាងមានការដាំដុះយ៉ាងហូហែរទៅហើយ។

គួរបញ្ជាក់ផងដែរថា សម្រាប់បងប្អូនដែលចាប់អារម្មណ៍ក្នុងការដាំវ៉ាន់នីឡា អាចធ្វើការសាកសួរព័ត៌មានបន្ថែមពីលោក Christonphe បានតាមរយៈលេខទំនាក់ទំនង ០១២ ៦២២ ៩៣១/ ០៩៧ ៧៦៦ ២៩៣១  ដោយសារដំណាំមួយប្រភេទនេះមិនមែនចេះតែដាំៗនោះទេ ត្រូវមានការថែទាំដិតដល់ និងបច្ចេកទេសដាំត្រឹមត្រូវទើបធ្វើទៅទទួលបានផល។

16

៣. ដំណាំផ្លែមន

និយាយដល់ដំណាំមនឬជាភាសាអង់គ្លេសគេហៅថា Mulberry ប្រាកដជា​មាន​បង​ប្អូន​ខ្លះបានស្គាល់ថាជា ប្រភេទដំណាំម្យ៉ាងដែលគេនិយមដាំ​យកស្លឹក​ធ្វើ​ជា​ចំ​ណី​ដង្កូវនាង ផ្លែ​វា​មាន​​លក្ខណៈស្រដៀងទៅនឹងទំពាំងបាយជូរ ប៉ុន្ដែ​វាតូចជាង​និ​ង​​​ពណ៍​ខ្មៅ​លាយ​ក្រហម​តិច​ៗ មានរសជាតិជូរ-ផ្អែម ចំពោះបងប្អូនអ្នកខ្លះទៀត ក៏មិនទាន់បាន​ស្គាល់នៅឡើយទេ ព្រោះ​ថា​នៅស្រុក​ខ្មែរយើ​ងមិន​សូវជា​មា​ន​អ្នក​ដំ​ណាំ​នេះ​ច្រើនប៉ុ​ន្មានទេ។

តួយ៉ាងដើមមនរាប់ពាន់ដើមដុះលូតលាស់ផ្ដល់ផ្លែឡើងខ្មៅពេញដើម កំពុងមានវត្ដ​មាននៅ ខេត្ដបាត់ដំប។ នៅក្នុងនោះម្ចាស់ចំការផ្លែមន នៅខេត្តបាត់ដំបងបានបង្ហើបថា លោកបានដាំផ្លែមន បានរយៈពេល ៧ឆ្នាំមកហើយដោយបច្ចុប្បន្ននេះដើមមនរបស់លោកមានចំនួន ៦ពាន់ដើម ហើយក្នុងមួយថ្ងៃលោកអាចលក់ចេញពី១០គីឡូ ទៅ២០គីឡូឯណោះ(និងលក់ផ្លែស្រស់បានមួយគីឡូ៨ដុល្លារ)។

ម្ចាស់ចំការផ្លែមននៅបាត់ដំបង បាននិយាយថា សម្រាប់ដំណាំមន គឺមានអត្ថប្រយោជន៍ជួយដល់សុខភាពជាច្រើនសូម្បីតែស្លឹករបស់វា សម្រាប់ផ្លែមនតែម្តងគឺជួយដល់ការបង្កើតគ្រាប់ឈាមក្រហម ការពារមហារីក ចំណែកឯស្លឹកវាជួយដល់ការទប់សម្ពាធឈាមមិនងាយឱ្យឡើង។ ដំណាំមននេះដាំតែ១ឆ្នាំគឺបានផលហើយ សំខាន់ឱ្យតែដាំវានៅចំកណ្តាលថ្ងៃ ហើយប្រសិនជាយើងព្យាយាមបូតស្លឹកវា និងស្រោចទឹកវា គឺនឹងអាចទទួលបានផលសឹងតែរាល់ឆ្នាំ ព្រោះដំណាំមននេះឱ្យតែបូតស្លឹកចេញគឺវាចេញផ្លែតែម្តង។

15

៤. ដំណាំលម៉ើ

លោកគីម ហួរ ដែលជាស្ថាបនិកនៃ​កសិដ្ឋាន GreenFarm នាពេលបច្ចុប្បន្ននេះកំពុងតែកាក់កបខ្លាំងជាមួយនឹងរបរកសិកម្ម។ បន្ថែមពីនេះទៀត បើយោងទៅតាមបទសម្ភាសន៍ជាមួយ Business Cambodia លោកបានឱ្យដឹងថា តាមរយៈបទពិសោធន៍នៃការប្រកបរបរទាក់ទងនឹងវិស័យកសិកម្មអស់រយៈពេលជាច្រើនឆ្នាំនោះ លោកមើលឃើញថា លម៉ើគឺជាដំណាំមួយប្រភេទដែលមានសក្ដានុពលខ្លាំង និងមានតម្រូវការទីផ្សារខ្ពស់ទាំងក្នុងនិងក្រៅស្រុក ដែលកសិករ និងអ្នកដែលចង់វិនិយោគទៅលើវិស័យកសិកម្មមិនគួរមើលរំលនោះឡើយ។

លោកបានបន្ថែមថា លម៉ើគឺជាដំណាំដែលមិនសូវពិបាកដាំដុះ និងមិនពិបាកក្នុងការមើលថែប៉ុន្មាននោះទេ។ ដោយក្នុងមួយហិកតាយើងអាចដាំបានខ្ទង់ ៤០០ដើម ប្រសិនបើយើងដាំ ៥×៥ ម៉ែត្រ។ ហើយក្រោយពីដាំចន្លោះពី ២ឆ្នាំកន្លះទៅ ៣ឆ្នាំ យើងអាចប្រមូលផលបានហើយ។ បន្ថែមពីនេះទៀត បន្ទាប់ពីដាំបាន ៥ឆ្នាំ ក្នុងលម៉ើមួយដើមអាចទទួលបានទិន្នផលរហូតដល់ទៅជាង ១០០ គីឡូឯណ្ណោះ។ ពិសេសជាងនេះទៅទៀត គ្រាន់តែចាយពេលខ្ទង់ ៣ ឆ្នាំ យើងអាចអង្គុយចាំប្រមូលផលបានរហូតដល់ទៅជាង ៩០ ឆ្នាំឯណ្ណោះ។ ដោយគ្រាន់តែដាំ ១ ទៅ ២ហិកតាអាចទាញចំណូលចិញ្ចឹមយើងបានមួយជីវិត៕

១៨

អត្ថបទ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia