ខ្ជិលមាន៣កម្រិត! នេះវិធីសាស្រ្ត៣ ជួយដុះក្អែ.ល បញ្ហាបុគ្គលិ.កខ្ជិល អសកម្ម ឱ្យធ្វើកា.រងារខ្លាំងបាន
Ping Chou EngAPRIL 23 20241.6 K views

​នៅក្នុងក្រុមហ៊ុន ប្រសិនជាមានបុគ្គលិកខ្ជិលច្រើន ការងារមានភាពអសកម្មខ្លាំង អាជីវកម្មក៏ពិបាករីកចម្រើនទៅមុខដែរ។ ក្នុងនោះបុគ្គលិកខ្ជិលក៏មាន៣កម្រិតដែរ ដោយទី១ខ្ជិលព្រោះខ្វះគោលដៅ ទី២ខ្ជិលព្រោះខ្វះផែនការ មហ្ឆិចតា និងទី៣ខ្ជិលព្រោះខ្វះសកម្មភាព ខណៈខ្ជិលទាំង៣កម្រិតនេះ អាចរុញច្រានឱ្យពួកគេបរាជ័យក្នុងជីវិត&អាជីព ដោយមិនដឹងខ្លួន។

យ៉ាងណាមិញពាក់ព័ន្ធនឹងបញ្ហាបុគ្គលិកខ្ជិលនេះ យោងតាមអ្នកជំនាញនិងប្រភពពីគេហទំព័រ Timeular បានឱ្យដឹងថាមានវិធីសាស្រ្តធំៗ៣ ដែលអាចជួយដោះស្រាយបញ្ហា ដុះក្អែលបុគ្គលិកដែលខ្ជិលនិងអសកម្មទាំង៣កម្រិតនេះ ឱ្យធ្វើការងារបានល្អវិញបាន។

ខ្ជិលកម្រិតស្រាលទី១. ណែនាំតម្រង់ទិស៖​ បុគ្គលិកខ្លះអសកម្មដោយសារតែពួកគេជាបុគ្គលិកចំណូលថ្មី ដែលអាចមិនសូវមានជំនាញឬជាបុគ្គលិកចាស់ តែកំពុងជួបប្រទះបញ្ហាលំបាកអ្វីមួយក្នុងការងារ។ ដូច្នេះប្រសិនបើស្ថិតនៅក្នុងស្ថានភាពបែបនេះ នោះប្រហែលពួកគេត្រូវការជំនួយខ្លះពីអ្នកហើយៗវាមិនមែនមានន័យថាអ្នកនឹងធ្វើកិច្ចការជំនួសពួកគេនោះទេ។ ប៉ុន្តែអ្វីដែលអ្នកត្រូវជួយណែនាំគន្លឹះល្អៗ ជួយដោះស្រាយបញ្ហា​ តាមដានការងារ បណ្តុះបណ្តាលជាប្រចាំ និងប្រាប់ពួកគេអំពីរបៀបគ្រប់គ្រងភារកិច្ចនិងបន្ទុកការងាររបស់ខ្លួន ដែល​វាអាចជួយពួកឱ្យមានប្រសិទ្ធភាពការងារឡើងវិញ​បាន ប៉ុន្តែបើពួកគេមិនមានឆន្ទៈនោះទេត្រូវប្តូរផ្នែកការងារជាបន្ទាន់។

ខ្ជិលកម្រិតមធ្យមទី២. ត្រូវបង្ហាញពីតួនាទី និងទំនួលខុសត្រូវឱ្យបានច្បាស់លាស់៖ បុគ្គលិកដែលអសកម្មនៅកន្លែងការងារក៏អាចបណ្តាលមកពីពួកគេធ្វើការដោយគ្មានគោលដៅដែរ។ ដូច្នេះជំហានដំបូងដែលអ្នកត្រូវធ្វើនោះគឺ គ្រប់គ្រងអារម្មណ៍ខ្លួនឯងឲ្យបានល្អ ហើយព្យាយាមបង្ហាញពីអ្វីដែលជាតួនាទី ទំនួលខុសត្រូវ ទំហំការងារ ទៅកាន់បុគ្គលិកឱ្យបានច្បាស់លាស់ និងវាយតម្លៃការងារដែលជាទំនួលខុសត្រូវរបស់ពួកគេឲ្យម៉្មត់ចត់។ នេះជាវិធីសាស្រ្តមួយអាចបញ្ជូនសារឱ្យពួកគេភ្ញាក់រលឹកដោយខ្លួនឯងបានថា បើសិនជាមិនខំប្រឹងឱ្យគ្រប់តាមគោលដៅកំណត់នោះទេ ពួកគេនឹងត្រូវលំបាកឬបាត់បង់តួនាទីការងារ។  

ខ្ជិលកម្រិតធ្ងន់ទី៣. ដាក់ការងារនិងពិន័យ៖  បុគ្គលិកប្រភេទនេះ ជំនាញក៏ចេះចំណេះក៏មាន តែមិនចង់ធ្វើ ឬមកពីគេទំនេរនិងមិនសូវមានអ្វីធ្វើ យូរៗទៅជាទម្លាប់ខ្ជិល។ ដូច្នេះវិធីសាស្រ្តដោះស្រាយបញ្ហា ក្អែលដុះស្នឹមជាមួយបុគ្គលិកប្រភេទនេះ ជំហានដំបូងអ្នកត្រូវដាក់ការងារតាមតួនាទីឱ្យពួកគេឱ្យច្រើន មានវិន័យនិងដាក់ពិន័យ ហើយបើពួកគាត់ធ្វើបានចាត់ទុកថាពួកគាត់មានសមត្ថភាពនិងមានការព្យាយាមឡើងវិញ តែត្រូវការវិន័យនិងពិន័យជាប្រចាំ។ ប៉ុន្តែបើសិនពួកគាត់នៅតែពុំខំប្រឹងប្រែងលើការងារ ​បណ្តែតបណ្តាយ សំងំយកតែប្រាក់ខែ ការបញ្ឍប់ពីការងារជាជម្រើស​ពិចារណា។

ជាការពិតណាស់ខ្ជិលប្រៀបបីដូចជាជំងឺមេរោគមហារីក ដែលអាចស៊ីសរីរាង្គរបស់មនុស្សឱ្យមានភាពស្ពឹកស្រពន់ ​កាន់ច្រេះឧត្តមគតិ និងការខិតខំប្រឹង ហើយពេលខ្លះជំងឺខ្ជិលក៏បាននាំទុក្ខទៅដល់មនុស្សជុំវិញខ្លួនថែមទៀត។ ដូច្នេះដើម្បីទទួលបានសុភមង្គល និងភាពរីកចម្រើនក្នុងជីវិតមនុស្ស គួរតែកាត់ភាពខ្ជិលច្រអូស ប្រឹងប្រែងធ្វើការងារដែលខ្លួនស្រឡាញ់និងកំពុងមានឱ្យបានល្អបំផុត ដើម្បីខ្លួនឯងនិងមនុស្សជុំវិញខ្លួន៕​

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia