ជារៀងរាល់ថ្ងៃមនុស្ស មិនថាដើមសប្តាហ៍ឬថ្ងៃសម្រាកនោះទេ គឺតែងតែរវល់ជានិច្ច រវល់ធ្វើការ រវល់រកស៊ី មិនសូវមានពេលឈប់ឈរ។ ហេតុនេះមានតែពេលយប់ប៉ុណ្ណោះដែលអាចមានពេលច្រើនដើម្បីសម្រាក តែក្រៅពីការគេងសម្រាក សកម្មភាព៣នេះ អាចជួយឱ្យអ្នកមានអារម្មណ៍ល្អ កាត់បន្ថយនឿយហត់ និងមានផលិតភាពនៅពេលព្រឹកព្រលឹមបានទៀតផង៖
១. រៀបចំគ្រែគេង
សកម្មភាពមួយនេះមិនមែនធ្វើតែពេលព្រឹកព្រលឹម មុនពេលយើងក្រោកពីដំណេកនោះទេ តែការរៀបចំគ្រែគេងនៅមុនពេលចូលដំណេកឱ្យមានរបៀបរៀបរយ មានក្លិនល្អ ក៏ជាកត្តាសំខាន់ផងដែរ ដែលធ្វើឱ្យអ្នកមានអារម្មណ៍ល្អ កាត់បន្ថយភាពនឿយហត់ គេងលក់បានស្កប់ស្កល់ និងមិនសូវមានបញ្ហាសុខភាព ដូចជាបញ្ហាស្បែក និងដំណកដង្ហើមផងដែរ។
២. មិនទទួលទានអាហារពេលល្ងាចច្រើនជ្រុល
ការមិនទទួលទានអ្វីសោះក៏មិនមែនជាការល្អដែរសម្រាប់សុខភាពយើង ប៉ុន្តែសម្រាប់ពេលល្ងាចឬមុនម៉ោង៨ល្ងាច បងប្អូនគួរតែកុំទទួលទានអាហារច្រើនជ្រុល ឬអាហារពិបាករំលាយ ដែលអាចធ្វើឱ្យរំខានដល់ការគេងនៅពេលយប់។
ទម្លាប់មិនទទួលទានច្រើនជ្រុលនៅពេលល្ងាចនេះក៏អាចជួយដល់សុខភាពផ្លូវកាយផង និងសុខភាពផ្លូវចិត្តបានមួយកម្រិតដែរ ប្រសិនបើបងប្អូនជ្រើសយកផ្លែឈើឬទឹកគោមកជំនួសអាហារពេលល្ងាចដែលមានជាតិខ្លាញ់ច្រើនបាន ។
៣. អានសំណេរឬអត្ថបទខ្លីៗ
មានមនុស្សជាច្រើនដឹងថាការលេងទូរស័ព្ទមុនចូលដំណេកអាចធ្វើឱ្យខួរក្បាលមិនសូវចងចាំ និងខ្សោយកម្លាំងនៅពេលក្រោកពីដំណេកនាពេលព្រឹក។
ប៉ុន្តែនាសម័យថ្មីនេះការងាររបស់មនុស្សជាច្រើនគឺនៅជាមួយទូរស័ព្ទ-កុំព្យូទ័រដោយចៀសពុំរួច ហេតុនេះដើម្បីកុំឱ្យរំខានដំណេកនៅពេលយប់ បងប្អូនអាចធ្វើការអានសៀវភៅដែលមានសំណេរខ្លីៗ គំនិតខ្លីៗ ឱ្យបាន១៥នាទីក្រោយបិទគ្រឿងអេឡិចត្រូនិច ព្រោះនេះជាសកម្មភាពមួយដែលអាចជួយកាត់បន្ថយអារម្មណ៍ស្មុគស្មាញ មានគំនិតល្អៗសម្រាប់ពិចារណាមុនចូលដំណេក និងមានថាមពលនៅថ្ងៃស្អែក។
យ៉ាងណាមិញសកម្មភាពតូចៗទាំង៣នេះ អាចកាត់បន្ថយភាពនឿយហត់របស់យើងបាន ព្រោះការធ្វើចលនារាងកាយផ្សេងៗដូចជាការងូតទឹកត្រជាក់ៗ រៀបចំគ្រែគេងឱ្យមានរបៀប ហើយសម្រាប់ចលនាខួរក្បាល ដើម្បីឱ្យមានការគិតល្អដោយការអានសំណេរឬអត្ថបទខ្លីៗ និងការស្តាប់ក៏ជាចំណែកមួយជួយឱ្យថាមពលយើងកើនឡើងវិញផងដែរបន្ទាប់ពីធ្វើការហត់ពេញមួយថ្ងៃ៕
អត្ថបទដោយ៖ ពីង ជូអេង