ចំណូលតិច ចំណាយច្រើន កើនតែបន្ទុក នេះជាជ្រោះនៃសេចក្តីទុក្ខរបស់មនុស្សភាគច្រើននាពេលបច្ចុប្បន្ន។ ដោយមើលឃើញពីបញ្ហានេះ លោក Robert Kiyosaki ម្ចាស់ក្រុមហ៊ុន Rich Dad និងជាអ្នកជំនាញខាងផ្នែកហិរញ្ញវត្ថុមួយរូប បានប្រាប់ច្រកធំៗ៣ អាចកសាងទ្រព្យសម្បត្តិពិតប្រាកដ និងមានជីវភាពធូរធារទាំងវ័យក្មេង៖
១/. អាជីវកម្ម
សព្វថ្ងៃ អាជីវកម្មគ្រប់ប្រភេទកំពុងរីកដូចផ្សិតដុះបន្តកន្ទុយគ្នា មិនថាខ្នាតតូច មធ្យម ឬធំ និងមានលក្ខណៈសម្បូរបែប។ ក្នុងនោះ អាជីវកម្មគឺជាទ្រព្យពិតមួយ ព្រោះវាបានបង្កើតចរន្តសាច់ប្រាក់វិលជុំ និងទាញចំណូលខ្ពស់ដល់ម្ចាស់អាជីវកម្ម។ ជាក់ស្តែង បុគ្គលវ័យក្មេងដែលមានបំផុតជាច្រើនរូបលើពិភពលោកបានកើតចេញពីការធ្វើអាជីវកម្ម ឬបង្កើតក្រុមហ៊ុននេះឯងដូចជា ក្រុមហ៊ុន Facebook, Google និង Apple ជាដើម។
២/. អចលនទ្រព្យ
លោក Robert Kiyosaki បានលើកឡើងថា អ្វីដែលឪពុកអ្នកមានបានបង្រៀនលោក គឺការរួមបញ្ចូលគ្នារវាងភាពជាសហគ្រិននៅក្នុងអាជីវកម្មនិងសហគ្រិននៅក្នុងអចលនទ្រព្យ។ ជាការពិត កំណើនមនុស្សពីមួយថ្ងៃទៅមួយថ្ងៃមានការកើនឡើងជាលំដាប់ ដូច្នេះតម្រូវការលំនៅឋាន ឬកន្លែងកម្សាន្តនានាក៏ត្រូវកើនឡើងដូចគ្នា។ ហេតុនេះហើយអចលនទ្រព្យ គឺជាប្រភពចំណូលដ៏សំខាន់មួយ និងជាទ្រព្យពិតដែលអាចធ្វើឲ្យអ្នកក្លាយទៅជាអ្នកមានយ៉ាងពិតប្រាកដ។
៣/. ការវិនិយោគដោយការទិញទុកនិងលក់ចេញ
មានការវិនិយោគច្រើនដែលអាចបង្កើតផលចំណេញមកឲ្យអ្នក ប៉ុន្តែវាទាមទារឲ្យអ្នកមានការអត់ធ្មត់ខ្ពស់ និងមានចំណេះដឹងគ្រប់គ្រាន់។ ឧទាហរណ៍ដូចជា ស្តុក មូលបត្រ ឬផ្សារហ៊ុនជាដើម។ ធាតុទាំងអស់នេះនឹងអាចធ្វើឲ្យអ្នកទទួលបានភាពមានបាន ប្រសិនបើអ្នកចេះគ្រប់គ្រងវាបានល្អ។
យ៉ាងណាមិញ ទ្រព្យសម្បត្តិពិត និងយូរអង្វែង កើតឡើងនៅពេលអ្នកគិតត្រូវ និងធ្វើសកម្មភាពត្រូវ។ បើចំណូលនៅតិច ចាយវាយប្រផិតប្រផើយ គួររកផ្លូវទាញលុយតាមច្រកធំៗ៣ខាងលើឲ្យបាន នោះជីវិតអ្នកនឹងប្រសើរ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)