បកត្រលប់ទៅ ២០ ឬ ៣០ឆ្នាំមុន គ្រាមិនទាន់មានរោងភាពយន្តទំនើបៗ នៅប្រទេសកម្ពុជាក៏មានរោងភាពយន្តជាតិរបស់ខ្លួនផងដែរ រួមទាំងមានការសម្តែងល្ខោន យីកេ និងការចាក់បញ្ចាំងខ្សែភាពយន្តខ្មែរសុទ្ធតែម្តង។ ខាងក្រោមនេះគឺជារោងកុនដ៏មានប្រជាប្រិយបំផុតនៅរាជធានីភ្នំពេញកាលពីអតីតកាល កម្រមានអ្នកដឹង៖
រោងភាពយន្តដ៏ល្បីល្បាញដែលកកើតឡើងក្នុងអំឡុងសម័យអាណានិគមនិយមបារាំង គឺរោងកុនលុច្ស បានក្លាយជារោងកុនបែបបុរាណតែមួយគត់នៅកម្ពុជា ដែលបើកដំណើរការរហូតមកទល់បច្ចុប្បន្ន។ បើទោះបីជាបំពាក់នូវឧបករណ៍បច្ចេកវិទ្យាទំនើបចុងក្រោយក្តីក៏រោងភាពយន្តនេះនឹងកម្ទេច ឬផ្លាស់ប្តូររូបរាងឡើងវិញក្នុងពេលឆាប់ៗខាងមុខ ដើម្បីបន្តអភិរក្ស និងចូលរួមគាំទ្រវិស័យភាពយន្តខ្មែរបន្តទៀត។
២/. រោងភាពយន្ត កាពីតូល (សន្តិភាព)
កាពីតូល ជារោងកុនមួយក្នុងចំណោមរោងកុនចំនួន១៩ ដែលបានបើកទ្វារ និងបញ្ចាំងភាពយន្តជាលើកដំបូងក្នុងរាជធានីភ្នំពេញ ប៉ុន្តែក្រោយមកបានប្ដូរឈ្មោះទៅជា រោងភាពយន្តសន្តិភាព វិញ និងបានជួសជុលកែលម្អថ្មី ហើយបើគិតមកដល់ឆ្នាំ១៩៩០ រោងភាពយន្តនេះ មានបំពាក់កៅអីចំនួន ៩៣៧ ម៉ាស៊ីនត្រជាក់ចំនួន ៤គ្រឿង និងម៉ាស៊ីនបញ្ចាំង ៣០២អ៊ីង រួមទាំងធ្លាប់បញ្ចាំងភាពយន្តខ្មែរដ៏ល្បីល្បាញប្រចាំប្រវត្តិសាស្ត្រផងដែរ ខណៈលើកទីមួយគឺរឿង «ផ្ការីកផ្ការោយ» ក្នុងឆ្នាំ១៩៦០ និងលើកទី២ គឺរឿង «វិលវិញណាបង» ក្នុងឆ្នាំ១៩៦៦។ ក្នុងនោះក៏មានភាពយន្តខ្មែរល្បីៗផ្សេងទៀតដូចជា រឿង «កងកម្ម កងកែវ» រឿង «កុលាបប៉ៃលិន» រឿង «សមុទ្រទឹកភ្នែក» «ខ្យងសង្ខ» ។ល។
តែមិនយូរប៉ុន្មាន នៅអំឡុងទសវត្សរ៍ទី៩០ រោងភាពយន្តសន្តិភាព បានបិទទ្វារទាំងស្រុង អាចមកពីមូលហេតុ កាលនោះភាពយន្តបរទេសហូរចូលស្រុកច្រើនពេក ស្របពេលដែលមានការលេចឡើងនូវវត្តមានទូរទស្សន៍ក៏ច្រើនណាស់ដែរ ជាហេតុតបង្កឲ្យមានផលប៉ះពាល់ដល់វិស័យរោងភាពយន្ត។
៣/. រោងភាពយន្ត ចេនឡា
រោងភាពយន្ត ចេនឡា បានកសាងនៅចុងទសវត្សរ៍ទី៦០ និងមានកេរ្តិ៍ឈ្មោះល្អដាច់គេនាសម័យនោះ។ មិនតែប៉ុណ្ណោះ រោងភាពយន្តនេះក៏ធ្លាប់ត្រូវបានសម្ពោធបញ្ចាំងខ្សែភាពយន្តរបស់អតីតព្រះមហាក្សត្រសម្តេចព្រះបរមរតនកោដ្ឋថែមទៀតផង តែមិនយូរប៉ុន្មានប្រទេសជាតិក៏បានធ្លាក់ចូលក្នុងភ្លើងសង្គ្រាម។ បច្ចុប្បន្នទីតាំងនេះបានបំបែកមួយផ្នែកជាសាលមហោស្រពចេនឡានៅទ្រង់ទ្រាយដើម, ជាធនាគារកាណាឌីយ៉ា, ជាវិមានចរណៃ(កន្លែងជប់លៀងមង្គលការ) និងជាផ្សារ។
យ៉ាងណាមិញ បើយើងក្រឡេកមកមើលសព្វថ្ងៃវិញមានរោងភាពយន្តទំនើបបានកកើតបន្តបន្ទាប់ជាច្រើនកន្លែង និងពង្រីកសាខាពាសពេញប្រទេសទាំងទីក្រុងភ្នំពេញ និងបណ្តាខេត្តល្បីៗ ដោយរោងភាពយន្តទំនើបដែលចាប់កើតឡើងដំបូងគេនៅប្រទេសកម្ពុជាគឺ រោងភាពយន្ត Legend Cinema ឆ្នាំ២០១១ បន្ទាប់មក Cineplex (សូរិយា តែបានបិទទ្វារ) Major Cineplex និង Prime Cineplex៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)
សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។
កក់តាម https://t.me/hangchhengH24