ចង់ក្លាយជាសេដ្ឋីទេ? នេះជាផ្លូវបង្កើតចំណូលធំៗ៣ ដែលអ្នកមានជំនាន់ថ្មី ចូលចិត្តធ្វើ
SOKLY SOOCTOBER 25 20221.2 K views

គេថាបើចង់មានត្រូវរៀនពីអ្នកមាន​ រៀនពីរបៀបអ្នកមានរស់នៅ របៀបរកលុយ ព្រមទាំងចំណាយលុយ។ អាស្រ័យហេតុនេះ Business Cambodia សូមលើកយកប្រភពចំណូល៣ប្រភេទ ដែលអ្នកមានជំនាន់ថ្មីចូលចិត្តបំផុត មកចែកជូនជាចំណេះដឹងដល់មិត្តអ្នកអាន ដោយយោងតាមការចុះផ្សាយរបស់គេហទំព័រ Entrepreneur។

១. ខំធ្វើការយ៉ាងសកម្ម

ការងារ ឬការរកស៊ី គឺជាប្រភពចំណូលចម្បងគេបង្អស់សម្រាប់មនុស្សទូទៅ ហេតុនេះអ្នកមានៗ តែងតែសកម្មជាមួយនឹងការងាររបស់ខ្លួនជានិច្ច។ ការងារអាចផ្ដល់ឱ្យមនុស្សនូវចំណេះ ជំនាញ និងបទពិសោធន៍ រួមទាំងចំណូល។ ហើយអ្នកមានចូលចិត្តទាញលុយពីប្រភពមួយនេះឱ្យបានច្រើនពីមួយពេលទៅមួយពេល ដោយការខិតខំអភិវឌ្ឍន៍ខ្លួន រៀនសូត្រជាប្រចាំ បំពេញកិច្ចការឱ្យបានល្អ និងសង្កេតសកម្មភាពរបស់មនុស្សជុំវិញខ្លួនគ្រប់ពេលវេលា ដើម្បីរៀនសូត្រពីគេ។

សូមបញ្ជាក់ថា អ្នកមានមិនដែលយកលុយដែលរកបានពីកម្លាំងញើសឈាម ដែលខ្លួនបានប្ដូរដោយការធ្វើការ និងខំរកស៊ី ទៅទិញសម្ភារៈទំនើបៗឡើយ។ ប្រសិនបើគេចង់បានរបស់ល្អៗ ទាន់សម័យ គឺគេរង់ចាំយកលុយពីចំណូលអកម្មទៅទិញ។

២. បង្កើតចំណូលអកម្ម

ពេលបានប្រាក់ខែ ឬបានផលចំណេញពីអាជីវកម្ម អ្នកមានតែងដកលុយទុកមួយចំណែកសម្រាប់ការវិនិយោគបង្កើតចំណូលអកម្ម។ ជួនកាលគេយកទៅទិញភាគហ៊ុន ជួនកាលទិញដី ឬផ្ទះទុកដាក់ជួល ជួនកាលទិញតូបនៅផ្សារទុកដាក់ជួលជាដើម។ មិនថាទិញ ឬវិនិយោគលើអ្វីឡើយ អ្នកមានចំណាយលុយតែលើរបស់ ឬវិស័យណាដែលគេយល់ច្បាស់តែប៉ុណ្ណោះ។ សូមរំលឹកថាអ្នកមានភាគច្រើនសុទ្ធតែមានចំណូលអកម្ម ហើយអ្នកជំនាញហិរញ្ញវត្ថុក៏បានណែនាំដែលថា បើចង់មានបានត្រូវចេះបង្កើតចំណូលប្រភេទនេះ។

៣. សរសេរសៀវភៅ

អ្នកមានជំនាន់ថ្មី ទាញចំណូលអកម្មដ៏ពិសេសមួយចេញពីការ សរសេរសៀវភៅ ខណៈវាជាគម្រូដ៏ល្អសម្រាប់សង្គមផងដែរ ព្រោះបានចែករំលែកចំណេះដឹងទៅអ្នកដទៃ។ សៀវភៅដែលគេសរសេរ ភាគច្រើនគឺលើកយកពីបទពិសោធន៍ជីវិត និងបទពិសោធន៍ការងារក៏ដូចជាការរកស៊ី ដែលគេបានឆ្លងកាត់។ អ្នកជំនាញជាច្រើនសុទ្ធតែលើកទឹកចិត្តឱ្យ មានការអានសៀវភៅ ព្រោះសៀវភៅជាប្រភពនៃចំណេះដឹង។ លើសពីនេះសៀវភៅ ជាប្រភពចំណូលអកម្មដ៏ល្អមួយ​ ដែលមានរយៈពេលយូរ នឹងអាចយូរដល់តកូនតចៅ បើអ្នកនិពន្ធសៀវភៅនោះបានល្អ។

អត្ថបទដោយ៖ សូ​ សុខលី

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia