កុំអន់ចិត្តនឹងគេថារស់នៅបន្ទប់ជួល! នេះជាគុណសម្បតិ្តដ៏ធំបំផុតនៃការរស់នៅផ្ទះជួលឬបន្ទប់ជួល
Toeuy HongAPRIL 21 20241.7 K views

ពេលខ្លះអ្នកអាចនឹងមានអារម្មណ៍ខ្មាសគេឬអន់ចិត្តបើធៀបនឹងអ្នកដៃទខណៈ មិត្តភក្តិឬសាច់ញាតិបងប្អូនដែលគេមានផ្ទះរស់នៅផ្ទាល់ខ្លួនចំណែកខ្លួនឯងវិញត្រឹមរស់នៅផ្ទះជួលឬបន្ទប់ជួល។ យ៉ាងណាមិញបើអ្នកអាចកាត់អារម្មណ៍អន់ចិត្តឬអារម្មណ៍ខ្មាស់គេចោលហើយបន្តរស់នៅផ្ទះជួលឬបន្ទប់ជួលនោះអ្នកអាចនឹងទទួលបានគុណសម្បត្តិនាពលអនាគត។

 ត្រូវចាំថាអ្នកមានផ្ទះភាគច្រើនគឺស្ថិតនៅក្នុងដំណើរការទិញផ្ទះបង់រំលស់រាប់ឆ្នាំទើបបង់ដាច់អស់ដូច្នេះពួកគាត់ត្រូវជាប់ជើងនឹងបំណុលផ្ទះទិញរាប់ឆ្នាំ។ ឧទាហរណ៍បើអ្នកមានប្រាក់ចំណូល១ពាន់ដុល្លារក្នុងមួយខែហើយបង់រំលស់ផ្ទះប្រចាំខែ៥០០ដុល្លារ ចំណែក៥០០ដុល្លារទៀតសម្រាប់ចំណាយចាំបាច់ក្នុងការរស់នៅប្រចាំខែ។ ត្រង់នេះមាន័យថាមួយខែៗអ្នកគ្មានឱកាសសល់លុយសម្រាប់សន្សំនិងវិនិយោគដើម្បីកសាងប្រភពចំណូលឬកសាងទ្រព្យសម្រាប់អនាគត់ឡើយ។

យ៉ាងណាមិញ ឧទាហរណ៍អ្នកមានប្រាក់ខែ៦០០ដុល្លារហើយរស់នៅបន្ទប់ជួលមួយខែ៦០ដុល្លារ ចំណែកចំណាយក្នុងការរស់នៅប្រចាំខែអ្នកចំណាយ៣០០ដុល្លារនោះមួយខែអ្នកសល់លុយ២៤០ដុល្លារ ហើយលុយដែលសល់២៤០ដុល្លារគឺជាលុយសម្រាប់សន្សំសម្រាប់គោលដៅអនាគត់ ដូចជាសន្សំទុកជាដើមទុនរកស៊ី ដើមទុនវិនិយោគនិងសម្រាប់វិនិយោគលើចំណេះជំនាញដែលធ្វើឲ្យអ្នកអាចរកលុយកាន់តែច្រើនថែមទៀត។ ដូច្នេះគុណសម្បត្តិឬផលតបស្នងសម្រាប់អ្នករស់ផ្ទះជួលឬបន្ទប់ជួលនោះគឺ​ពួកគាត់នឹងមានឱកាសក្នុងការសន្សំដើម្បីជាដើមទុនសម្រាប់កសាងទ្រព្យតាមរយៈការវិនិយោគនិងរកស៊ីនេះឯង។

អញ្ចឹងបើអ្នកអាចកាត់អារម្មណ៍ខ្មាសគេចិត្តដោយបន្តរស់នៅផ្ទះជួលឬបន្ទប់ជួលហើយមកផ្ដោតលើការអភិវឌ្ឍន៍សមត្ថភាពផ្ទាល់ខ្លួនដើម្បីបង្កើនឥទ្ធិពលរកចំណូលបានកាន់តែច្រើន ប្រឹងរកលុយឲ្យបានច្រើនហើយសន្សំ វិនិយោគមិនយូរមិនឆាប់អ្នកនឹងអាចបង្កើនទ្រព្យបានច្រើន ហើយពេលនោះអ្នកអាចនឹងមានអ្វីៗដែលអ្នកចង់បានដូចជាផ្ទះ ឡាននិងប្រភពចំណូលរយៈពេលវែង។

ផ្ទះពិតជាសំខាន់ហើយអ្នកណាៗក៏ចង់បានផ្ទះរស់នៅផ្ទាល់ខ្លួនដែរប៉ុន្ដែបញ្ហាមួយរបស់ប្រជាជនកម្ពុជានោះគឺត្រង់ថាពួកគាត់ទិញផ្ទះលើសពីលទ្ធភាពដែលធ្វើឲ្យពួកគាត់ជាប់ជើងជាមួយបំណុលរាប់ឆ្នាំហើយស៊ីអត់ស៊ីឃ្លានព្រោះបំណុលទិញផ្ទះ ហើយគ្មានសល់លុយសម្រាប់ចាប់ឱកាសវិនិយោគនិងរកស៊ីដើម្បីកសាងទ្រព្យឡើយ។

ដូច្នេះអ្នកគួររស់នៅទៅតាមលទ្ធភាពទើបមានអ្នកឱកាសក្នុងការសន្សំលុយសម្រាប់សម្រេចគោលដៅហិរញ្ញវត្ថុ ហើយរស់នៅស្រណុលខ្លួន រស់នៅមានសេរីភាពមិនរងសម្ពាធនៃលុយកាក់៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia