មន្ទីរពេទ្យជាតិតេជោសន្ដិភាព ជាមន្ទីរពេទ្យដ៏ធំជាងគេនៅកម្ពុជា ដោយមានបំពាក់សម្ភារបរិក្ខារវេជ្ជសាស្ត្រទំនើបៗស្របតាមលក្ខណៈស្តង់ដារ នឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃស្អែកនេះហើយ ខណៈមន្ទីរពេទ្យនេះមានអគារសរុបដល់ទៅ១១ អគារឯណោះ។
មន្ទីរពេទ្យជាតិតេជោសន្ដិភាព ដែលស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញមានចំនួន ១១អគារដែលមានអគារព្យាបាល និងសង្គ្រោះបន្ទាន់ (E) មានទំហំ ៧ ៤៨០ ម៉ែត្រការ៉េ, អគារព្យាបាលកម្រិតធ្ងន់ (H1និង H2) មានគ្រែសរុបចំនួន ៥២៧គ្រែ, អគារព្យាបាលកម្រិតស្រាល (H3,H4,H5,H6 និងH7) មានគ្រែសរុប ៨ ៩៦៩គ្រែ គ្រែបុគ្គលិកពេទ្យប្រចាំការមានចំនួន ៤៦គ្រែនិងគ្រែបុគ្គលិកស្នាក់នៅចំនួន ២០៦គ្រែ, អគារបច្ចេកទេស (T1), អគារបច្ចេកទេស (T2), អគារផ្គត់ផ្គង់និងព័ត៌មាន (A) មានទំហំ ២ ៨៣៥ម៉ែត្រការ៉េ, អគារស្នាក់នៅសម្រាប់បុគ្គលិក (S) មានគ្រែសរុបចំនួន ២៣៤ គ្រែ ចំណតរថយន្តមានផ្ទៃក្រឡា ៧ ០២៦ ម៉ែត្រការ៉េ ដែលអាចចតរថយន្តបានចំនួន ២១០គ្រឿង មានសួនច្បារព័ណ៌បៃតងទំហំ ៤ ៤៩០ម៉ែត្រការ៉េ។
សូមជម្រាបថា មន្ទីរពេទ្យជាតិ តេជោសន្តិភាព បានចាប់ផ្តើមដំណើរការសាងសង់កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ លើផ្ទៃដីប្រមាណ ៧.៥៨ហិកតា ហើយបញ្ចប់ការសាងសង់ និងបំពាក់បរិក្ខារនៅចុងខែមិថុនា ឆ្នាំ២០២៣កន្លងទៅ និងត្រៀមសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅវេលាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ស្អែកនេះ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕