ល្អណាស់! SDF បានរៀបចំសិក្ខាសាលា ដើម្បីចែករំលែកបទពិសោធន៍ ការរីកចម្រើនក្នុងអាជីពការងារ និងអាជីវកម្ម របស់ប្រទេសសិង្ហបុរី ដល់៤០ស្ថាប័ននៅខ្មែរ

កាលពីថ្មីៗនេះ ឯកឧត្តមបណ្ឌិត ផាន់ ផល្លា បានជួបពិភាក្សាជាមួយ លោក YEO LI PHEOW ដែលជានាយកប្រតិបត្តិ Institute for Adult Learning Singapore (IAL) ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការ លើការអភិវឌ្ឍជំនាញរវាងប្រទេសកម្ពុជា និងប្រទេសសិង្ហបុរី។

 

នៅក្នុងជំនួបនេះដែរ ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានទទួលជួបពិភាក្សាការងារជាមួយ លោក YEO LI PHEOW នាយកប្រតិបត្តិ Institute for Adult Learning Singapore (IAL) ដែលជាស្ថាប័នឈានមុខគេក្នុងការរៀបចំកម្មវិធីបណ្ដុះបណ្ដាលយុវជន និងគ្រូបង្គោល និងជាដៃគូសហការយ៉ាងជិតស្និទ្ធជាមួយ SkillsFuture Singapore (SSG) ដែលជាស្ថាប័នជំនាញក្នុងការដឹកនាំ និងសម្របសម្រួលការអភិវឌ្ឍជំនាញថ្នាក់ជាតិ នៅប្រទេសសិង្ហបុរី។

23

ឯកឧត្តមបណ្ឌិត ផាន់ ផល្លា បានស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ លោក YEO LI PHEOW និងសហការី ដែលបានឆ្លៀតពេលជួបពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ល្អៗក្នុងការអភិវឌ្ឍជំនាញរវាងប្រទេសកម្ពុជា និងប្រទេសសិង្ហបុរី។

18

ក្នុងជំនួបពិភាក្សានេះ IAL បានចែករំលែកបទពិសោធន៍ល្អៗនៃការអភិវឌ្ឍជំនាញរបស់ប្រទេសសិង្ហបុរី ដោយផ្តោតសំខាន់លើដូចជា៖

 

. យុទ្ធសាស្ត្រនៃការលើកកម្ពស់ការអភិវឌ្ឍជំនាញ

 

.ភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន (Public-Private Partnership) ក្នុងការជំរុញការអភិវឌ្ឍជំនាញដែលត្រូវនឹងតម្រូវការឧស្សាហកម្ម

 

.ក្របខ័ណ្ឌជំនាញ (Skills Framework) ដែលជាគំនិតផ្តួចផ្តើមថ្នាក់ជាតិ ដើម្បីជួយតម្រង់ទិសដល់និយោជិត, និយោជក, យុវជន និងគ្រឹះស្ថានបណ្តុះបណ្តាលក្នុងការអភិវឌ្ឍជំនាញ។

 

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត បានចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍជំនាញនៅកម្ពុជា តាមរយៈ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ក្នុងរយៈពេល ៦ឆ្នាំ ចុងក្រោយនេះ ទាំងបទពិសោធន៍ជោគជ័យ និងបញ្ហាប្រឈមនានា ដែលរាំងស្ទះការបង្កើនល្បឿនក្នុងការពង្រឹង និងពង្រីកបេសកកម្មអភិវឌ្ឍន៍ជំនាញ របស់ SDF ។

 

ជាមួយគ្នានោះដែរ ក្រោយពី ឯកឧត្តមបណ្ឌិត ផាន់ ផល្លា បានជួបពិភាក្សាជាមួយ លោក YEO LI PHEOW ដែលជានាយកប្រតិបត្តិ Institute for Adult Learning Singapore (IAL) បានជួបពិភាក្សាគ្នាហើយក៏បានសម្លឹងឃើញពីគន្លឹះជោគជ័យរបស់ប្រទេសសិង្ហបុរី តាមរយៈការអភិវឌ្ឍជំនាញដើម្បីបង្កើនភាពរីកចម្រើនក្នុងអាជីពការងារ អាជីវកម្ម និងទទួលស្គាល់ថាចក្ខុវិស័យក្នុងការអភិវឌ្ឍធនធានមនុស្សរបស់ SDF មានលក្ខណៈស្របគ្នាយ៉ាងខ្លាំងជាមួយបេសកកម្មរបស់ប្រទេសសិង្ហបុរី។ SDF ក៏បានសហការជាមួយ  Institute for Adult Learning Singapore (IAL)  ដែលជាដៃគូសហការយ៉ាងជិតស្និទ្ធជាមួយ Skills Future Singapore (SSG) ដែលជាស្ថាប័នជំនាញក្នុងការដឹកនាំ និងសម្របសម្រួលការអភិវឌ្ឍជំនាញថ្នាក់ជាតិនៅប្រទេសសិង្ហបុរី, ធ្វើការរៀបចំសិក្ខាសាលាស្តីពី "ការចែករំលែកបទពិសោធន៍ នៃការអភិវឌ្ឍជំនាញរបស់ប្រទេសសិង្ហបុរី" ជូនដល់ថ្នាក់ដឹកនាំរោងចក្រ-សហគ្រាស និងគ្រឹះស្ថានបណ្តុះបណ្តាលចំនួន ៤០ស្ថាប័ន ដែលបានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមជ្ឍមណ្ឌលអភិវឌ្ឍធុរកិច្ច រាជធានីភ្នំពេញផងដែរ។

19

លោក  YEO LI PHEOW ដែលជានាយកប្រតិបត្តិ IAL ក៏បានចែករំលែកបទពិសោធន៍ល្អៗរបស់ប្រទេសសិង្ហបុរី ក្នុងការអភិវឌ្ឍជំនាញដែលគន្លឹះជោគជ័យសម្រាប់យុវជននិងម្ចាស់រោងចក្រ-សហគ្រាសគ្រប់កម្រិតបង្កើនភាពរីកចម្រើនជាបន្តបន្ទាប់ក្នុងអាជីពការងារនិងអាជីវកម្មរបស់ពួកគេ។

 

មិនតែប៉ុណ្ណោះ លោក YEO LI PHEOW ក៏បានបង្ហាញពីសារៈសំខាន់នៃភាពជាដៃគូសហការរវាងវិស័យសាធារណៈនិងឯកជន (PPP) ដែលជាគំនិតផ្តួចផ្តើមក្នុងការជំរុញការអភិវឌ្ឍជំនាញដើម្បីបំពេញតម្រូវការឧស្សាហកម្មក្នុងប្រទេសសិង្ហបុរីបានយ៉ាងមានប្រសិទ្ធភាពនិងបានសង្កត់ធ្ងន់លើការបង្កើតទម្លាប់រៀនសូត្រជាប្រចាំ (Lifelong Learning) ដែលអាចជួយបង្កើនជំនាញកម្លាំងពលកម្ម ក្នុងការឆ្លើយតបបានទៅនឹងតម្រូវការទីផ្សារប្រកួតប្រជែងផងដែរ។

20

លោក YEO LI PHEOW ក៏បានបង្ហាញពីសារៈសំខាន់នៃភាពជាដៃគូសហការរវាងរដ្ឋ និងឯកជន (PPP),ក្របខណ្ឌជំនញ,ការពង្រឹងសមត្ថភាពគ្រូនិងកម្មវិធីសិក្សា,ការវាយតម្លៃលទ្ធផលនៃការបណ្តុះបណ្តាលនិងទម្រង់កៀគរហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍជំនាញ ។

21

លោកក៏បានសង្កត់ធ្ងន់លើការបង្កើតទម្លាប់រៀនជាប្រចាំ (Lifelong Learning) សម្រាប់បុគ្គលម្នាក់ៗ ដែលនេះជាទម្លាប់ដ៏ល្អមួយក្នុងអាចជួយបង្កើនជំនាញកម្លាំងពលកម្ម ក្នុងការឆ្លើយតបបានទៅនឹងតម្រូវការទីផ្សារប្រកួតប្រជែងផងដែរ។ បន្ទាប់ពីកិច្ចពិភាក្សាយ៉ាងផុសផុល ជាទីបញ្ចប់ លោកនាយកប្រតិបត្តិ​ SDF បានសំយោគនូវបទពិសោធន៍ល្អៗរបស់ សិង្ហបុរី និងបូកសរុបកិច្ចការអាទិភាពចំនួន ៥ ដែលគ្រោងរៀបចំជាមួយដៃគូពាក់ព័ន្ធក្នុងស្រុក និងក្នុងតំបន់ រួមមាន៖

 

. ក្របខ័ណ្ឌជំនាញ (Skills Framework)​ ដោយសហការជាមួយសមាគមធុរកិច្ច, សហគ្រាសសគ្រប់កម្រិត, ក្រុមប្រឹក្សាជំនាញតាមវិស័យ, និងគ្រឹះស្ថានបណ្តុះបណ្តាលសម្រាប់វិស័យអាទិភាព ដើម្បីតម្រង់ទិសក្នុងការអភិវឌ្ឍមូលធនមនុស្ស និងទីផ្សារការងារ

 

. កម្មវិធីបង្កើនសម្ថភាពគ្រូបង្គោល (Training of Trainer) ផ្តោតលើជំនាញគន្លឹះៗមួយចំនួនដូចជា៖ បញ្ញាសិប្បនិម្មិត, យានយន្តអគ្គិសនី, ទាក់ទាញ, គ្រប់គ្រង និងរក្សាធនធានមនុស្ស ។

 

. កម្មវិធីគាំទ្រការទទួលស្គាល់កម្រិតជំនាញ (Skill Recognition) សម្រាប់វាយតម្លៃ និងទទួលកម្រិតជំនាញរបស់អ្នកដែលកំពុងបម្រើការងារនៅតាមរោងចក្រសហគ្រាស

 

. ការអភិវឌ្ឍជំនាញដោយផ្ទាល់នៅកន្លែងការងារ (Workplace Learning & Work-Study Program) ដើម្បីបង្កើនភាពងាយស្រួល និងភាពបត់បែនដល់ការអភិវឌ្ឍជំនាញដល់បុគ្គលិក

 

. កម្មវិធីពង្រឹងសមត្ថភាពដល់ដៃគូរបស់, SDF  ដើម្បីបង្កើនគុណភាព និងពង្រីកការអភិវឌ្ឍជំនាញដល់រោងចក្រសហគ្រាសនៅក្នុងវិស័យអាទិភាពរបស់ SDF ។

 

លើសពីនេះទៅទៀត SDF បានជឿជាក់ថា ការចែករំលែកបទពិសោធន៍របស់ IAL ក្នុងសិក្ខាសាលានេះនិងជួយជំរុញលើកទឹកចិត្តថ្នាក់ដឹកនាំសហគ្រាស, គ្រឹះស្ថានបណ្តុះបណ្តាល និងវិស័យឯកជនទាំងអស់យកចិត្តទុកដាក់ក្នុងការអភិវឌ្ឍជំនាញផ្ទាល់ខ្លួននិងបុគ្គលិករបស់ខ្លួនព្រោះការអភិវឌ្ឍជំនាញមិនមែនជាការចំណាយដែលមិនទទួលបានផលចំណេញនោះឡើយតែជាការវិនិយោគដ៏ត្រឹមត្រូវនិងចាំបាច់បំផុតសម្រាប់ភាពរីកចម្រើនទាំងបុគ្គល អាជីវកម្ម សេដ្ឋកិច្ចសង្គមជាតិ និងបង្កើនភាពប្រកួតប្រជែងក្នុងតំបន់នាពេលខាងមុខសំដៅឆ្ពោះទៅរកការសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសចំណូលខ្ពស់ក្នុង ឆ្នាំ២០៥០។ “ជំនាញខ្ពស់ ចំណូលខ្ពស់” “បង្កើនជំនាញ បង្កើនចំណូល បង្កើនឱកាសរីកចម្រើនជាបន្តបន្ទាប់”

 

អំពី SDF ៖ https://sdfcambodia.org/

 

អំពី IAL ៖ https://www.ial.edu.sg/

 

អំពី SSG ៖ https://www.skillsfuture.gov.sg/

គួរបញ្ជាក់ថា តាមរយៈការផ្លាស់ប្តូរបទពិសោធន៍នៃការអភិវឌ្ឍជំនាញនៃប្រទេសទាំងពីរ, SDF និង IAL មានចក្ខុវិស័យស្ទើរតែដូចគ្នាទាំងស្រុងក្នុងការអភិវឌ្ឍមូលធនមនុស្សក្នុងប្រទេសរបស់ខ្លួនដែលឱកាសនេះមិនត្រឹមតែជាជំនួបពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ប៉ុណ្ណោះទេថែមទាំងបង្កើតកិច្ចសហប្រតិបត្តិការទ្វេភាគីសម្រាប់កិច្ចការបន្តជាច្រើនផ្សេងទៀតដើម្បីលើកកម្ពស់កំណើនការងារក្នុងប្រទេសរបស់ខ្លួននិងបន្តសហការយ៉ាងជិតស្និទ្ធជាមួយគ្នាដើម្បីសម្រេចបានសមិទ្ធផលជាច្រើនទៀតសម្រាប់ប្រជាជននិងប្រទេសទាំងពីរផងដែរ៕

22

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia