ដើមខ្លឹមច័ន្ទកម្ពុជា នៅតែមានភាពពេញនិយម នៅលើទីផ្សារតំបន់មជ្ឈឹមបូព៌ា ជាពិសេសប្រទេសអារ៉ាប៊ីសាអូឌីតមិនតែប៉ុណ្ណោះ ខ្លឹមច័ន្ទនេះ បានធ្វើឱ្យប្រជាជនអារ៉ាប់ស្គាល់កម្ពុជា និងបានជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនឡើងផងដែរ។
ជាក់ស្តែង បើយោងតាមការចុះផ្សាយដោយក្រសួងព័ត៌មានបានឱ្យដឹងថា ប្រជាជនអារ៉ាប់និយមប្រើប្រាស់ខ្លឹមច័ន្ទ កែច្នៃជាទឹកអប់ និងធូបក្រអូប ដែលការនិយមនេះត្រូវបានចាត់ទុកជាទំនៀមទំលាប់ប្រពៃណី និងវប្បធម៌របស់ប្រជាជនអារ៉ាប់ដ៏យូរលង់ណាស់មកហើយ។ វប្បធម៌នៃការប្រើប្រាស់ទឹកអប់ចម្រាញ់ចេញពីខ្លឹមច័ន្ទ និងការដុតធូបក្រអូបនៃឈើខ្លឹមច័ន្ទនៅក្នុងគេហដ្ឋានរបស់ប្រជាជនអារ៉ាប់ បានបង្កើតការងារដល់ប្រជាជននៅក្នុងស្រុក តាមរយៈការបើកអាជីវកម្មលក់ដើមខ្លឹមច័ន្ទ និងទឹកអប់ឬគ្រឿងក្រអូបពីដើមឈើមួយនេះ តាមទីផ្សារនានាក្នុងប្រទេស។
ចំពោះ ខ្លឹមច័ន្ទដែលមានវត្តមាននៅក្នុងទីផ្សារប្រទេសអារ៉ាប់ត្រូវបាននាំចូលភាគច្រើន ពីប្រទេសកម្ពុជា ឥណ្ឌា ឥណ្ឌូនេស៊ី និងបណ្តាប្រទេសមួយចំនួនទៀតផងដែរ។
សូមបញ្ជាក់ថា ខ្លឹមច័ន្ទជាប្រភេទដើមឈើក្រអូបម្យ៉ាងដែលមានអត្ថប្រយោជន៍យ៉ាងច្រើនដូចជា កែច្នៃធ្វើធូប និងដើមច័ន្ទគ្រឹស្នាអាចចម្រាញ់ចេញជាទឹកអប់ កែច្នៃជាសាប៊ូដុសខ្លួន តែឆុងមានក្លិនឈ្ងុយ ប្រេងម៉ាស្សាដែលជំនួយដល់ការដកដង្ហើម និងប្រើប្រាស់ជាវត្ថុធាតុដើមសម្រាប់បង្កើតបានជាផលិតផលផ្សេងៗទៀត៕