ក្រុមហ៊ុនទទួលដៃ២! ពេលសម្ភាស.ន៍កា.រងារ លក្ខណៈ៣របស់បេក្ខជន អាចជួយឱ្យគេជាប់កា.រងារបាន
Ping Chou EngAPRIL 23 20244.9 K views

ខណៈពេលដែលក្រុមហ៊ុនមួយចំនួនកំពុងប្រកាសពីការបញ្ឈប់ការងារ និងការលាលែងពីតំណែងដើម្បីរើសមនុស្សត្រឹមត្រូវមកធ្វើការវិញ តែងតែជាបញ្ហាមួយសម្រាប់ផ្នែកធនធានមនុស្ស។ ស្របគ្នានេះដែរបេក្ខជនដែលទៅដាក់ពាក្យធ្វើការ ក៏មានបញ្ហាក្នុងការទាក់ទាញផ្នែកធនធានឱ្យមើលមកខ្លួនជាបេក្ខជនលេចធ្លោនិងគួរជ្រើសរើសផងដែរ។ យ៉ាងណាមិញបើតាមប្រភពពី CNBC បានឱ្យដឹងថានេះជាលក្ខណៈពិសេស៣យ៉ាង របស់បេក្ខជន អាចជួយឱ្យគេជាប់ការងារបាន។

. CV សាមញ្ញតែពេញលេញ៖ នៅក្នុងការសម្ភាសន៍ការងារ អ្នកសម្ភាសន៍បេក្ខជនឬប្រធានធនធានមនុស្សនឹងចំណាយពេលតិចតួចប៉ុណ្ណោះ ក្នុងការពិនិត្យប្រវត្តិរូបសង្ខេប (Curriculum Vitae) របស់បេក្ខជន។ ដូច្នេះដើម្បីទាក់ទាញចំណាប់អារម្មណ៍ ពេលដំបូងឱ្យជាប់ជាជម្រើស (Shortlist) ការសរសេរនិងរៀបចំ CV ឱ្យមានភាពសាមញ្ញា ពេញលេញ ងាយយល់ មានព័ត៌មានគ្រប់ជ្រុងជ្រាយ ដូចឬប្រហាក់ប្រហែលនិងអ្វីដែលក្រុមហ៊ុនចង់បាន ពិតជាអាចជួយឱ្យមនុស្សមានសង្ឃឹមជាប់ការងារបាន។ 

ក្នុងនោះបើតាមលោក Erica Thomas អ្នកជំនាញជ្រើសរើសបុគ្គលិករបស់ក្រុមហ៊ុនអាមេរិក Palm Coast  បានណែនាំថា នៅពេលដែលដាក់ពាក្យធ្វើការ អ្វីដែលសំខាន់បំផុតគឺប្រវត្តិរូបសង្ខេបត្រូវភ្ជាប់ជាមួយនឹងបទពិសោធន៍ការងារ ដែលសាមីខ្លួនគួរតែរៀបចំឱ្យបានស្អាតនិងឧស្សាហ៍ធ្វើកំណែទម្រង់(Update) លើប្រវត្តិរូបសង្ខេបរបស់ខ្លួនឱ្យបានទៀងទាត់ថែមទៀត។  

. ចំណាប់អារម្មណ៍ ច្បាស់លាស់ សមហេតុផល៖ ជាធម្មតានៅពេលសម្ភាសន៍សំណួរដ៏ពេញនិយមបំផុតរបស់អ្នកជ្រើសរើសបុគ្គលិកគឺ “តើហេតុអ្វីអ្នកចាប់អារម្មណ៍ដាក់ពាក្យមកធ្វើការនៅទីនេះ?” ដូច្នេះដើម្បីឱ្យការសម្ភាសន៍របស់អ្នកកាន់តែលេចធ្លោ ការឆ្លើយតបជាមួយនឹងសំណួរចំណាប់អារម្មណ៍គួរតែមានភាពច្បាស់លាស់នឹងសមហេតុផល ឱ្យស្របតាមអ្វីដែលជាចក្ខុវិស័យ បេសសកម្ម ដែលក្រុមហ៊ុនកំពុងធ្វើ។

ក្នុងនោះលោក Pete Lamson នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Employ បានឱ្យដឹងថាបេក្ខជនដែលលេចធ្លោនិងមានលក្ខណៈទាក់ទាញ តែងមានចំណាប់អារម្មណ៍សមហេតុផល មានគោលដៅច្បាស់លាស់លើការងារ ជាមួយនឹងចក្ខុវិស័យរបស់ក្រុមហ៊ុន ព្រោះពួកគេបានស្រាវជ្រាវនិងស្គាល់ពីក្រុមហ៊ុនច្រើនមុនមកដាក់ពាក្យធ្វើការ។

. ការរំពឹងទុកប្រាក់ខែ៖ ភាគច្រើននៃមនុស្សប្រហែលជាគិតថាការនិយាយអំពីប្រាក់ខែឬសុំប្រាក់ខែមុនធ្វើការ អាចជារឿងមិនសមរម្យ។ ទន្ទឹមនឹងនេះអ្នកនាង Angela Copeland នាយកគ្រប់គ្រងផ្នែកទីផ្សារម្នាក់បានយល់ថា ការចរចារអំពីប្រាក់ខែមុនគឺជារឿងដែលអ្នកនាងណែនាំ ដើម្បីចៀសវាងការមិនសប្បាយចិត្តរបស់បុគ្គលិកនិងថៅកែ​ទៅលើប្រាក់ខែកំឡុងពេលធ្វើការ ប៉ុន្តែការចរចាររឿងប្រាក់ខែនេះដែរ គួរតែផ្អែកលើបទពិសោធន៍បេក្ខជន ស្រាវជ្រាវទីផ្សារប្រាក់ខែ និងតាមទំហំការងារ ឱ្យបានត្រឹមត្រូវនឹងច្បាស់លាស់ មុនចរចាររឿងនេះជាមួយអ្នកជ្រើសរើសបុគ្គលិក។

ជាការពិតណាស់ដើម្បីទទួលបានការជ្រើសរើសឱ្យធ្វើការងារ និងទទួលបៀវត្ស៍ច្រើន ក្រៅពីលក្ខណៈពិសេសទាំងនេះ ជាបុគ្គលិកម្នាក់ក៏ទាមទារឱ្យមានជំនាញច្បាស់លាស់ ចំណេះដឹងសមរម្យ សីលធម៌និងវិន័យល្អ ដើម្បីទទួលភាពលេចធ្លោឬក្លាយជាបុគ្គលិកឆ្នើមបាន៕

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia