ស្រលាញ់លុយ តែលុយចេះតែរត់ចេញពីហោប៉ៅរហូត តស់មកសាកតិចនិក៥យ៉ាងធ្វើឱ្យលុយនៅជាមួយអ្នកបានយូរ
Toeuy HongMAY 5 2024871 views

មនុស្សភាគច្រើនសុទ្ធតែចង់ឱ្យលុយដែលខ្លួនខំរកមកបាន នៅជាមួយខ្លួនបានយូរ ប៉ុន្តែមិនបានដូចចិត្តសោះ ព្រោះលុយចូលតែមួយភ្លែតក៏ត្រូវចំណាយទៅវិញអស់ៗ ចង់សន្សំក៏សន្សំមិនដែលសល់។ ការពិតទៅលុយក៏មិនខុសពីមិត្តភាពដែល បើចង់រក្សាឱ្យគង់បានយូរត្រូវតែចេះពីរបៀបក្នុងការពង្រឹងទំនាក់ទំនងឱ្យបានរឹងមាំល្អជាមុនសិន។

ខាងក្រោមនេះជាទិកនិតិចនិកពិសេស៥យ៉ាង ដែលអាចជួយឱ្យទំនាក់ទំនងរវាងអ្នកនិងលុយ កាន់ស្អិតរមួត ព្រមទាំងរីកចម្រើនជាលំដាប់ តាមរយៈការកែប្រែផ្នត់គំនិតរបស់អ្នកចំពោះរឿងលុយកាក់។

ទី១. មិនបាច់តឹងរឹងពេកទេ

ចាប៉ី បើខំលេងទាំងខ្សែតឹងវាច្បាស់ជាដាច់ ដូច្នេះបើអ្នកតឹងរឹងចំពោះរឿងលុយកាក់ខ្លាំងពេក វានឹងធ្វើឱ្យអ្នកមានសម្ពាធ។ ទោះបីជាមានមនុស្សជាច្រើនណែនាំថា គួរតែសន្សំលុយឱ្យបានច្រើន គួរតែកាត់បន្ថយរបស់នេះ របស់នោះ កុំទៅកន្លែងនេះ ឬកន្លែងនោះ ទាល់តែក្បិតក្បៀតទើបអាចសល់លុយ ក៏មិនប្រាកដធ្វើតាមគេហើយបានផលល្អទាំងអស់នោះទេ។

អ្នកគួរដឹងថា មនុស្សម្នាក់ៗមានលក្ខខណ្ឌរស់នៅខុសៗគ្នា ហេតុនេះរបស់ខ្លះវាមិនចាំបាច់សម្រាប់គេ គេក៏កាត់ចេញ ប៉ុន្តែជួនកាលរបស់នោះវាចាំបាច់សម្រាប់អ្នក បើចង់កាត់តាមគេម្ដេចនឹងបានទៅ។ ដូច្នេះហើយអ្នកគ្រាន់តែស្វែងរកអ្វីដែលជាខ្លួនឯង ទុកតែរបស់ណាសំខាន់សម្រាប់ជីវិតរស់នៅ ហើយកាត់ចោលរបស់ណាដែលមិនចាំបាច់សម្រាប់អ្នក​សម្រាប់ការរស់នៅរបស់អ្នក ធ្វើតែប៉ុណ្ណឹងអ្នកក៏សល់លុយ ហើយគ្មានអាម្មណ៍ថាធ្វើបាបខ្លួនឯងពេកទេ។

ទី២. ប្តូរនិយមន័យរបស់ ពាក្យសន្សំ

កន្លងមកមនុស្សភាគច្រើនយល់ថា ការសន្សំគឺជាការដកលុយទុក ឬកាត់ការចំណាយ ប៉ុន្តែពេលនេះអ្នកគួរតែសាកគិតបែបនេះវិញគឺ ការសន្សំគឺជាការរកលុយឱ្យខ្លួនឯង។ ជាធម្មតាបើជាលុយសម្រាប់ខ្លួនឯងបែបនេះ ទុកតែ១០%នៃចំណូលវាមិនច្រើនពេកទេ។ ដូច្នេះហើយអ្នកអាចចាប់ផ្ដើមពីការ ដកទុកតិចតួចៗជាប្រចាំ​ ក្នុងគោលបំណងសម្រាប់ខ្លួនឯង យូរទៅវានឹងក្លាយជាទម្លាប់សន្សំដ៏ល្អមិនខាននោះទេ។

ទី៣. កាកសំណល់លុយ

កាកសំណល់ដែលអ្នកបោះចោលខ្លះក៏អាចជាលុយដែរ ដូចជាអាហារដែលអ្នកញ៉ាំសល់ជាដើម។ វាប្រហែលជាមិនមែនជារឿងពិបាកខ្លាំងពេកទេ ដែលគ្រាន់តែដួសម្ហូបដែលអ្នកញ៉ាំឱ្យសមល្មមតាមតម្រូវការ ដើម្បីចៀសវាងការសល់ចាក់ចោល។ អ្នកជំនាញបានលើកឡើងថា ជាមធ្យមជនជាតិអាមេរិកបោះបោលកាកសំណល់អាហារប្រហែលជា ៣២ដុល្លារក្នុងមួយខែ។ ហើយបើគេកាត់បន្ថយការចោលកាកសំណល់នោះ គេនឹងសល់លុយសម្រាប់ផ្គត់ផ្គង់ថ្លៃទឹកនិងថ្លៃភ្លើងដែរ។

ទី៤. ក្បួនសន្សំសាមញ្ញ

ក្បួនសន្សំដែលសាមញ្ញលើសពីការដកលុយ ១០%ពីចំណូលរបស់អ្នកគឺ ការប្រើប្រាស់ភ្លើង ឬឧបករណ៍ប្រើប្រាស់ដោយសន្សំសំចៃ។ អ្នកគ្រាន់តែយកចិត្តទុកដាក់លើអំពូលភ្លើង ក៏ស្មើនឹងអ្នកយកចិត្តទុកដាក់លើលុយដែរ។ ដូច្នេះហើយសូមបង្កើនការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់គ្រឿងអេឡិចត្រូនិកបន្ថែមទៀត ដើម្បីប្រាកដចិត្តថា អ្នកមិនបានខ្ជះខ្ជាយវាជ្រុលដោយការបើកចោលជាដើម។ ធ្វើរឿងនេះមិនបានមិនត្រឹមតែជួយអ្នកកាត់បន្ថយការចំណាយទេ​ តែជួយរក្សាផែនដីយើងទាំងមូលផងដែរ។

ទី៥. ផ្ដល់រង្វាន់ឱ្យខ្លួនឯង

មនុស្សភាគច្រើន តែងតែសប្បាយចិត្តនៅពេលដែលមានគេមើលឃើញពីគុណតម្លៃរបស់ខ្លួន។ ដូច្នេះហើយអ្នកកុំរំលងចំណុចនេះឱ្យសោះ មិនថាសម្រេចបានគោលដៅធំឬតូចទេ មិនថាសន្សំបាន ១ម៉ឺនដុល្លារ ឬ១០០ដុល្លារទេ អ្នកគួរតែឱ្យរង្វាន់ខ្លួនឯង។ រង្វាន់អាចជារបស់ប្រើប្រាស់សមល្មមដែលអ្នកចង់បាន និងត្រូវតាមតម្រូវការជីវិត ឬជាពាក្យលើកទឹកចិត្តខ្លួនឯងក៏បាន។

គួរបញ្ជាក់ផងដែរថា ខាងលើនេះគ្រាន់តែជាគន្លឹះដែលអ្នកជំនាញបានណែនាំ ហើយក៏មិនមែនសម្រាប់ឱ្យអ្នកអានហើយបានផលត្រឹមតែពេលមួយយប់នោះទេ។ គ្រប់យ៉ាងទាមទារឱ្យអ្នកមានការតាំងចិត្ត បើកចិត្តផ្លាស់ប្ដូរ និងចំណាយពេលវេលាអនុវត្តន៍មិនបោះបង់។ ធ្វើវាជារឿយៗរាល់ថ្ងៃ មិនយូរទេលុយដែលអ្នករកបាននឹង នៅជាមួយអ្នកបានយូរជាងមុនមិនខានឡើយ។

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia