ក្រុមហ៊ុន Golden Tree រៀបចំកម្មវិធីចុះបញ្ជីជាផ្លូវការនៅផ្សារមូលបត្រកម្ពុជាលើការបោះផ្សាយសញ្ញាបណ្ណបៃតងដំបូងគេនៅកម្ពុជា
Daneth MechJANUARY 20 2023

រាជធានីភ្នំពេញ,  ១៩ មករា ២០២៣ - ក្រុមហ៊ុន ហ្គោលដេនទ្រី (Golden Tree) ដែលជាក្រុមហ៊ុនអចលនទ្រព្យឈានមុខគេមួយនៅកម្ពុជា ដោយផ្តោតលើការផ្តល់សេវាកម្មជួលអគារការរិយាល័យ គ្រប់គ្រង និងប្រឹក្សាយោបល់ផ្នែកអចលនទ្រព្យ បានប្រកាសរៀបចំកម្មវិធីចុះបញ្ជីជាផ្លូវការនៅផ្សារមូលបត្រកម្ពុជា (CSX) លើការបោះផ្សាយសញ្ញាបណ្ណបៃតង ឬមូលបត្របំណុលបៃតងដំបូងគេនៅកម្ពុជា។ ក្រុមហ៊ុនហ្គោលដេនទ្រី បានកៀរគរមូលនិធិប្រមាណ ១,៥​ លានដុល្លារអាមេរិក ដោយជោគជ័យពីការបោះផ្សាយសញ្ញាបណ្ណបៃតង ក្នុងគោលដៅពង្រីកអាជីវកម្មរបស់ខ្លួន ខណៈដែលការបោះផ្សាយនេះត្រូវបានគេចាត់ទុកថាជាការរួមចំណែកដ៏សំខាន់ជាមួយរដ្ឋាភិបាលនៅក្នុងបេសកកម្មបង្កផលវិជ្ជមានដល់បរិស្ថាន និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

កម្មវិធីនេះត្រូវបានរៀបចំធ្វើឡើងនៅថ្ងៃទី ១៩ មករា ឆ្នាំ២០២៣ នៅអគារផ្សារមូលបត្រកម្ពុជា ដោយមានការអញ្ជើញចូលរួមក្រោមអធិបតីភាពពី ឯកឧត្តមបណ្ឌិត​ សុភាចារ្យ ហ៊ាង សាហ៊ីប រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកមម្ពុជា, ឯកឧត្តមស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា និងឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីតំណាងសាជីវកម្មអន្តរជាតិ (IFC), ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ក្រុមហ៊ុន Grand Cathay Investment Trust និងតំណាងស្ថាប័នពាក់ពន្ធជាច្រើនទៀតផងដែរ។

Photo 2023 01 20 11 43 01

លោក អ៊ុំ ដេវីដ ប្រធាននាយកដ្ឋានហិរញ្ញវត្ថុនៃក្រុមហ៊ុន ហ្គោលដេនទ្រី​ បានលើកឡើងថា ការបោះផ្សាយបំណុលបៃតងនេះ នឹងជួយបង្កើនទំនុកចិត្តពីវិនិយោគិនជាតិ និងអន្តរជាតិទៅលើធុរកិច្ចរបស់ក្រុមហ៊ុនហ្គោលដេនទ្រី ហើយក៏ជាការបើកលទ្ធភាពដ៏សំខាន់មួយក្នុងការទទួលបាននូវ​ប្រភពទុនសម្រាប់ការពង្រីកអាជីវកម្ម ព្រមទាំងចូលរួមបង្កើនសក្តានុពលនៃវិស័យហិរញ្ញវត្ថុនិរន្តរភាពនៅកម្ពុជាផងដែរ​។  

លោកថ្លែងថា៖ “យើងជឿជាក់ថាការគាំពារបរិស្ថាន គឺជាកាតព្វកិច្ចដែលត្រូវការចូលរួមទាំងអស់គ្នា ទាំងស្ថាប័នរដ្ឋ ឯកជន​ និងសាធារណជន។ ហើយការបោះផ្សាយសញ្ញាបណ្ណនេះ គឺជាជំហ៊ានមួយធ្វើឱ្យវិនិយោគិនរបស់យើងអាចយល់ដឹងមួយកម្រិតបន្ថែមទៀតទៅលើការវិនិយោគក្នុងវិស័យមូលបត្រនិរន្តរភាព ដែលពួកគេអាចទទួលបានទាំងផលចំណេញ និងគាំពារបរិស្ថានក្នុងពេលតែមួយ”។  

សញ្ញាបណ្ណបៃតងប្រមាណ ៦០ ០០០ សញ្ញាបណ្ណ របស់ក្រុមហ៊ុន ហ្គោលដេនទ្រី ត្រូវបានបោះផ្សាយលក់ទៅ​ដល់សាធារណជន ដោយក្នុងមួយសញ្ញាបណ្ណ ឬមួយឯកតា មានតម្លៃ ១០ម៉ឺនរៀល (២៥ដុល្លារអាមេរិក)។ សញ្ញាបណ្ណបៃតងនេះគឺមានរយៈពេល​ ៥ ឆ្នាំ ដោយមានអត្រាការប្រាក់​ ៧ ភាគរយក្នុងមួយឆ្នាំ ហើយការប្រាក់នឹងត្រូវទូទាត់នៅរៀងរាល់ប្រចាំឆមាស។ ក្រុមហ៊ុន SBI Royal Securities Plc និងក្រុមហ៊ុនCambodia Securities Plc ត្រូវបានជ្រើសយកជា​ទីប្រឹក្សា​ហិរញ្ញវត្ថុ និងក្រុមហ៊ុនធានា​ទិញមូលបត្រសម្រាប់ការបោះផ្សាយនេះ។​  

Photo 2023 01 20 11 43 06

អគ្គនាយកផ្សារមូលបត្រកម្ពុជា ឯកឧត្តម ហុង សុហួរ មានប្រសាសន៍ថា ការបោះផ្សាយ​សញ្ញា​បណ្ណ​បៃតង​នឹង​ធ្វើ​ឡើង​ដូច​ការបោះ​ផ្សាយ​សញ្ញាបណ្ណ​ធម្មតា​ដែរ ប៉ុន្តែ​ក្រុមហ៊ុន​ដែល​បោះផ្សាយ​គឺ​ទាមទារឱ្យមានការ​អនុលោម​គោរព​លើ​ការវិនិយោគ​ ដែល​មិន​ប៉ះពាល់​បរិស្ថាន និង​ការប៉ះពាល់​អាកាសធាតុ​។

ឯកឧត្តម​ថ្លែង​ថា​៖ «ការបោះផ្សាយ និងការចុះបញ្ជីសញ្ញាបណ្ណបៃតងរបស់ក្រុមហ៊ុនហ្គោលដេនទ្រីនៅថ្ងៃនេះ សបញ្ជាក់ឱ្យឃើញថាវិស័យមូលបត្រកំពុងតែចូលរួមយ៉ាងសកម្មក្នុងការគាំទ្រ និងលើកកម្ពស់បរិស្ថាន ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពនៅកម្ពុជា” ។

បើតាមឯកឧត្តម ហុង សុហួរ រហូតមកដល់បច្ចុប្បន្ន មាន១៨ ក្រុមហ៊ុនហើយ ដែលទទួលបានការចុះបញ្ជីនៅលើផ្សារមូលបត្រកម្ពុជា។ ក្នុងនោះមានចំនួន ៩ ក្រុមហ៊ុនបានសម្រេចការចុះបញ្ជីជាមូលបត្រកម្មសិទ្ធ និង៩ផ្សេងទៀតចុះបញ្ជីជាសញ្ញាបណ្ណ ដោយក្រុមហ៊ុនទាំងអស់នេះបានប្រមូលទុនពីទីផ្សារមូលបត្រកម្ពុជាមានទំហំទឹកប្រាក់ប្រមាណ ៣២៧ លានដុល្លារអាមេរិក។

សញ្ញាបណ្ណបៃតង របស់ក្រុមហ៊ុនហ្គោលដេនទ្រី គឺទទួលបានជំនួយបច្ចេកទេសពីធានាគារអភិវឌ្ឍន៍អាស៊ី ដើម្បីបោះផ្សាយឱ្យស្របតាមស្តង់ដាសញ្ញាបត្របៃតងអាស៊ាន។ បើតាមលោកដេវីដ ការបោះផ្សាយសញ្ញាបណ្ណបៃតងនេះ គឺស្របទៅតាមទស្សនៈ​ និងចក្ខុវិស័យប្រកបដោយយុទ្ធសាស្រ្ត​ យូរអង្វែងដើម្បីក្លាយជាក្រុមហ៊ុនអចលនទ្រព្យឈានមុខគេមួយនៅកម្ពុជា ដោយធ្វើអោយបានរឹងមាំនូវអភិបាលកិច្ចសាជីវកម្ម តម្លាភាពលើប្រព័ន្ធហិរញ្ញវត្ថុនិងយកចិត្តទុកដាក់លើបញ្ហាស្តង់ដាបរិស្ថាន សង្គម និងអភិបាលកិច្ចល្អ។ លោកបញ្ជាក់ទៀតថា គោលការណ៍ទាំងអស់នេះ នឹងធានាក្រុមហ៊ុនហ្គោដេនទ្រី បាននូវកំណើនធុរកិច្ចប្រកបដោយនិរន្តភាព និងជាកាលានុវត្តន៍ភាពសម្រាប់ក្រុមហ៊ុនធ្វើការសហការជាមួយដៃគូរជាតិ និងអន្តរជាតិក្នុងការអភិវឌ្ឍគម្រោងបៃតងថ្មីៗដែលមានចំពោះបរិស្ថាននៅកម្ពុជា។   

Photo 2023 01 20 11 43 29

ឯកឧត្តមស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានបង្ហាញការគាំទ្រ និងកោតសរសើរចំពោះក្រុមហ៊ុនហ្គោលដេនទ្រី ដែលបានសម្រេចនូវការចុះបញ្ជីលើការបោះផ្សាយសញ្ញាបណ្ណបៃតងដំបូងគេនៅកម្ពុជា។ ឯកឧត្តមបន្តថា ការបោះផ្សាយសញ្ញាបណ្ណបៃតងរបស់ក្រុមហ៊ុន ហ្គោលដេនទ្រី គឺ​ជាការបោះជំហាន និងផ្តល់គំរូល្អមួយដល់វិស័យឯកជនក្នុងការចូលរួមជាមួយវិស័យមូលបត្រដើម្បីកៀរគរប្រភពទុនពង្រីកអាជីវកម្ម។​

ឯកឧត្តមថ្លែងថា​៖ “​ទុនដែលប្រមូលបានពីការបោះផ្សាយសញ្ញាបណ្ណបៃតង​ គឺត្រូវយកទៅអភិវឌ្ឍន៍អាជីវកម្ម ដោយក្រុមអ្នកជំនាញ​នឹងធ្វើការវាយតម្លៃជារៀងរាល់ឆ្នាំ ដើម្បីឱ្យស្របទៅតាមបទដ្ឋានបៃតង ដែលកត្តានេះគឺជាការរួមចំណែករបស់វិស័យមូលបត្រដើម្បីប្រយុទ្ធប្រឆាំងនូវការប្រែប្រួលអាកាសធាតុ”។ 

Photo 2023 01 20 11 43 11

Photo 2023 01 20 11 42 54

កាលពីខែ តុលា ឆ្នាំ២០២២  សាជីវ​កម្ម​ហិរញ្ញ​វត្ថុ​អន្តរ​ជាតិ ​(IFC)​ ដែល​ជា​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ធនាគារ​ពិភព​លោក​បាន​ទទួល​ស្គាល់​អគារ​ការិ​យាល័យ ​VTrust​ Tower​ គ្រប់​គ្រង​ដោយ​ក្រុម​ហ៊ុនហ្គោលដេនទ្រី​ សម្រាប់​អគារ​ការិ​យាល័យពាណិជ្ជ​កម្ម​បៃតង​ដំបូងគេក្នុង​ប្រទេស​កម្ពុជាតាមប្រព័ន្ធ ​Edge ​ដែល​ជា​ប្រព័ន្ធ​ផ្តល់​វិញ្ញា​បនបត្រ​អគារ​បៃតង​មួយ​ដែល​មាន​ការ​​ទទួល​ស្គាល់​ជា​អន្តរជាតិ។ ការទទួលស្គាល់នេះ គឺដោយសារអគារ VTrust​ Tower សម្រេចការសន្សំប្រើប្រាស់ទឹកបាន 52%, ការសន្សំថាមពល 24%, និង 84% នៃវត្ថុធាតុដើមទាំងអស់ប្រើប្រាស់ ក្នុងអគារបង្កការរំខានតិចតូចដល់បរិស្ថាន ព្រមទាំងការរួមចំណែកដល់ការកាត់បន្ថយបំភាយឧស្ម័នកាបូនិច (CO2) ប្រមាណ២៣០ តោនប្រចាំឆ្នាំ។

ឧបករណ៍ហិរញ្ញវត្ថុនិរន្តរភាព កំពុងត្រូវបានយកចិត្តទុកដាក់ និងគាំទ្រយ៉ាងខ្លាំងពីស្ថាប័នអន្តរជាតិធំៗដូចជាធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារពិភពលោក ដើម្បីគាំទ្រដល់រដ្ឋាភិបាលក្នុងការលើកទឹកចិត្ត និងជំរុញវិស័យឯកជននានា តាមរយៈការកៀរ​គរទុនសម្រាប់ដំណើរការអាជីវកម្ម ឬគម្រោងវិនិយោគណា ដែលហុចផលវិជ្ជមានដល់បរិស្ថាន និងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព។​  

ការស្រាវជា្រវរបស់អង្គការគំនិតផ្តួចផ្តើមសញ្ញាបណ្ណអាកាសធាតុ ឬជាភាសាអង់គ្លេសហៅថា Climate Bond Initiative ចេញផ្សាយរបាយការណ៍ស្តីពីស្ថានភាពឧបករណ៍ហិរញ្ញវត្ថុនិរន្តរភាពក្នុងឆ្នាំ២០២១ បានបង្ហាញថា ក្នុងចំណោមរដ្ឋសមាជិកអាស៊ានទាំង ១០ មានតែប្រទេសសឹង្ហបុរី ថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាមប៉ុណ្ណោះ កំពុងបង្ហាញការចូលរួមកាន់តែច្រើនឡើងពីវិស័យឯកជនក្នុងការបោះផ្សាយសញ្ញាបណ្ណបៃតង ដើម្បីកៀរគរទុនពង្រីកប្រតិបត្តការអាជីវកម្មរបស់ពួកគេ។​

បើតាមរបាយការណ៍ មានតែប្រទេសសឹង្ហបុរីប៉ុណ្ណោះ ដែលនាំមុខគេលើការបោះផ្សាយសញ្ញាបណ្ណបៃតងក្នុងតំបន់អាស៊ាន នារយៈពេល៦ឆ្នាំចុងក្រោយនេះដែលគិតចាប់ពីឆ្នាំ ២០១៦ រហូតដល់មកដល់ដំណាច់ឆ្នាំ ២០២១។ សញ្ញាបណ្ណបៃតង ឬមូលបត្របំណុលបៃតង ស្ថិតក្នុងចំណោមឧបករណ៍ហិរញ្ញវត្ថុនិរន្តរភាព ដែលរួមមានសញ្ញា​បណ្ណ​បៃតង ​សញ្ញា​បណ្ណសង្គម និងសញ្ញា​បណ្ណ​និរន្តរភាព ឬជាភាសាអង់គ្លេស Green, Social and Sustainable bonds។​ របាយការណ៍បានបញ្ជាក់ថា ការបោះផ្សាយសញ្ញាបណ្ណបៃតងក្នុងប្រទេសសមាជិកអាស៊ានទាំង៦ មាន​ចំណែកដល់ទៅ ៧០ ភាគរយ​ នៃការកៀគរទុនតាមរយៈឧបករណ៍ហិរញ្ញវត្ថុនិរន្តរភាពដែលមានទំហំទឹកប្រាក់សរុបប្រមាណ ៥៤ ពាន់លានដុល្លារអាមេរិក ដែលគិតត្រឹម​ដំណាច់ឆ្នាំ២០២១៕ ​

Photo 2023 01 20 11 43 42

Photo 2023 01 20 11 43 36

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia