ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB បានធ្វើបច្ចុប្បន្នភាពនៃការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាជាថ្មីម្ដងទៀតទាំងនៅក្នុងឆ្នាំ២០២៣ និងនៅឆ្នាំ២០២៤ ខាងមុខ។ ដូច្នេះតើការព្យាករជាថ្មីនេះ កំណើនសេដ្ឋកិច្ចកម្ពុជាមានការកើនឡើង ឬយ៉ាង?
យោងតាមរបាយការណ៍សេដ្ឋកិច្ចរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានចេញផ្សាយកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បានឲ្យដឹងថា កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៣ ត្រូវបានរំពឹងថានឹងទាបជាងការព្យាករពីដើមឆ្នាំបន្តិច គឺមកត្រឹម ៥,៣% ពី ៥,៥% ជាចម្បងគឺ ដោយសារតែកំណើនវិស័យឧស្សាហកម្មយឺតជាងការរំពឹងទុកនៅក្នុងឆមាសទីមួយ។ របាយការណ៍របស់ ADB នេះបានរក្សាការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៤ នៅ ៦,០% ដដែល ។
របាយការណ៍ដដែលបានកត់សម្គាល់ថា ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរបានធ្លាក់ចុះ ១៨,៦% ឆ្នាំលើឆ្នាំ ក្នុងឆមាសទី១នៃឆ្នាំ ២០២៣។ ការធ្លាក់ចុះនេះត្រូវបានប៉ះប៉ូវមួយផ្នែកដោយកំណើន ២២,៩% នៃការនាំចេញ ផលិតផលកម្មន្តសាលក្រៅពីវិស័យកាត់ដេរ មានជាអាទិ គ្រឿងបន្លាស់រថយន្ត បន្ទះស្រូបពន្លឺព្រះអាទិត្យ និងគ្រឿងសង្ហារឹមជាដើម។
នាយិកា ADB ប្រចាំប្រទេសកម្ពុជា លោកស្រី Jyotsana Varma បានមានប្រសាសន៍ថា "ទស្សនវិស័យកំណើនកាន់តែប្រសើរឡើងនៅក្នុងសេដ្ឋកិច្ចជឿនលឿនធំៗ គួរតែជំរុញការនាំចេញរបស់កម្ពុជា សម្រាប់រយៈពេលដែលនៅសល់នៃឆ្នាំ 2023 ទោះបីជាកំណើនឧស្សាហកម្មក្នុងស្រុកបានធ្លាក់ចុះកាលពីដើមឆ្នាំនេះក៏ដោយ" ។
លោកស្រីបន្ដថា "សេវាកម្មគឺជាអ្នករួមចំណែកដ៏សំខាន់ដល់កំណើន ដោយសារវិស័យនេះលើសពីការរំពឹងទុកនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ដែលជំរុញជាចម្បងដោយការងើបឡើងវិញនៃវិស័យទេសចរណ៍ដ៏រឹងមាំ"។
យ៉ាងណាតាមរបាយការណ៍បានបង្កើនការព្យាករណ៍កំណើនវិស័យសេវាកម្មនៅឆ្នាំ២០២៣ពី៧,៣% ទៅ៨,០%។ ការព្យាករណ៍សម្រាប់កំណើនវិស័យឧស្សាហកម្មត្រូវបានបន្ថយពី៥,៨% មក៤,៨% ហើយការព្យាករណ៍សម្រាប់កំណើនវិស័យកសិកម្មត្រូវបានកែសម្រួលពី ១,១% ទៅ០,៩%។ ចំពោះការព្យាករណ៍អតិផរណាសម្រាប់ឆ្នាំនេះវិញគឺនៅកម្រិត៣,០% និងឆ្នាំក្រោយនៅកម្រិត៤,០%។
គួរជម្រាបផងដែរថា ការវិនិយោគលើគម្រោងរបស់ ADB នៅកម្ពុជាមានតម្លៃសរុប២,៤ពាន់លានដុល្លារ ហើយការផ្តល់ប្រាក់កម្ចីប្រចាំឆ្នាំជាមធ្យមពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២២ មានប្រមាណ៣៥០លានដុល្លារ។ធនាគារអភិវឌ្ឍន៍អាស៊ីកំពុងរៀបចំយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសថ្មីរបស់ខ្លួនសម្រាប់ប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០២៤-២០២៨៕