ឃើញដំរីជុះ កុំជុះតាមដំរី! បើស្ថិតក្នុងស្ថានភាព ៣ នេះ ពុំគួរទិញលំនៅឋានដោយការបង់រំលស់ឡើយ
Bunthoeun KoemMAY 9 2024102 views

សេវាកម្មបង់រំសល់លំនៅឋាន បានក្លាយជាវិធីសាស្ដ្រមួយដ៏ពេញនិយាយនៅក្នុងទីផ្សារអចលនទ្រព្យមួយរយៈចុងក្រោយនេះ។ ដោយសារវិធីសាស្ដ្រនេះជួយឲ្យអ្នកដែលមានចំណូលទាប មិនមានលុយទិញផ្ដាច់ អាចធ្វើការបង់រំលស់ប្រចាំខែជាមួយម្ចាស់បុរី ឬក្រុមហ៊ុន។

ប៉ុន្ដែយ៉ាងមុននឹងសម្រេចចិត្ដក្នុងការបង់រំលស់ អ្នកក៏ត្រូវសិក្សាឲ្យបានច្បាស់លាស់ផងដែរចៀសវាងមានបញ្ហាទៅក្រុមខាងមុខ។ ជាក់ស្ដែងកន្លងមកនេះក៏មានអ្នកទឹកភ្នែកមិនតិចនោះដែរ ដែលផុងខ្លួនដោយសារការបង់រំលស់ផ្ទះនេះ។ ហើយប្រសិនបើអ្នកស្ថិតនៅក្នុងស្ថានភាព ៣ នេះសូមកុំបង់រំលស់ឲ្យសោះ។

១. គ្មានចំណូលច្បាស់លាស់

ប្រសិនបើអ្នកកំពុងមានប្រភពចំណូលពុំច្បាស់លាស់ មានមួយខែអត់មួយខែ យកល្អកុំទាន់គិតលើការបង់រំលស់នេះអី ព្រោះអាចធ្វើឲ្យអ្នកជួបបញ្ហាលុយការនាពេលណាមួយក៏ថាបាន។ ព្រោះការបង់រំលស់គឺតម្រូវឲ្យយើងត្រូវបង់ប្រាក់ជាប្រចាំខែជូនម្ចាស់គម្រោង អ៊ីចឹងបើសិនប្រភពចំណូលអ្នកមិនច្បាស់ ប៉ះចំខែខ្លះរកពុំបាន តើបានអ្វីបង់ឲ្យគេ។ អ៊ីចឹងពុំគួរបង់រំលស់ទេនៅក្នុងស្ថានភាពបែបនេះ។ ប៉ុន្ដែចាំដល់អ្នកមានប្រភពចំណូលច្បាស់លាស់ រឹងមាំ ចាំធ្វើការបង់ក៏មិនហួសពេលដែរ។

២. កំពុងជាប់បំណុល

ការសម្រេចចិត្ដបង់រំលស់ផ្ទះទាំងខ្លួនកំពុងជាប់ជំពាក់បំណុល គឺជារឿងគ្រោះថ្នាក់ និងជួបហានិភ័យច្រើន ព្រោះការទិញផ្ទះដោយបង់រំលស់គឺជាបំណុលដែលអ្នកត្រូវបង់ឲ្យម្ចាស់គម្រោងជារៀងរាល់ខែ។ អ៊ីចឹងបើអ្នកកំពុងតែជាប់បំណុលផ្សេងហើយ មកធ្វើការបង់រំលស់បន្ថែមទៀត មានន័យថាកំពុងបន្ថែមបំណុលពីលើជួយជាន់ទៀតហើយ។

ប៉ុន្ដែប្រសិនបើអ្នកមានប្រភពចំណូលអាចទប់បាន ហើយផ្ទះដែលបង់រំលស់នេះអាចរកចំណូលឲ្យបានតាមរយៈការជួយ ឬធ្វើអាជីវកម្ម គឺមិនអីនោះទេ តែបើចំណូលស្ទើររំលស់ហើយមិនអាចរកចំណូលដើម្បីជួយដោះបំណុល ចៀសបានគួរតែចៀសសិនទៅ ចាំដោះបំណុលពីខ្លួនអស់ចាំបង់រំលស់ក៏ជារឿងល្អដែរ។

៣. រំលស់តាមគេ

សុភាសិតខ្មែរមួយបានពោលថា «កុំឃើញដំរីជុះ ប្រឹងជុះតាមដំរី» មានន័យថាកុំឃើញធ្វើអីប្រឹងធ្វើតាមគេ ពេលខ្លះគេស្ថិតក្នុងស្ថានភាពផ្សេងយើងស្ថិតក្នុងស្ថានផ្សេង។ ធៀបនឹងការបង់រំលស់ផ្ទះ បើសិនជាអ្នកឃើញគេបង់ ហើយទៅបង់នឹងគេដែរ ដោយពុំមានគិតពីស្ថានភាពហិរញ្ញវត្ថុខ្លួន គឺជារឿងលំបាកបំផុត។ ពេលខ្លះគេរំលស់ដោយសារគេមានប្រភពចំណូលរឹងមាំ មានតម្រូវការចាំ តែបើឃើញមិនទាន់មានភាពចំបាច់ ចំណូលនៅស្ទើរគួរទប់ចិត្ដសិន ខំប្រឹងសន្សំប្រាក់ បង្កើតចំណូលឲ្យបានច្រើន ចាំបង់ទើបជាការល្អ។ «កុំហ៊ឺហាតាមអ្នកដទៃ ទាំងរាល់ថ្ងៃចំណូលនៅតិច» ៕

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia