CEO Shopify៖ ធ្វើការ១២ម៉ោងក្នុង១ថ្ងៃ មិនអាចឱ្យអ្នកជោគជ័យទេ បើពុំផ្តោតលើរឿង១នេះឱ្យខ្លាំង
Kan DaraOCTOBER 20 2023472 views

លោក Tobias Lutke ដែលត្រូវបានគេស្គាល់ថាជាស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិករបស់ប្រទេសកាណាដាតម្លៃរាប់ពាន់លានដុល្លារ Shopify បាននិយាយថា «ការធ្វើការ ៨០ម៉ោងក្នុងមួយសប្តាហ៍ គឺមិនចាំបាច់សម្រាប់ភាពជោគជ័យរបស់មនុស្សម្នាក់ៗនោះទេ»។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Make it CNBC។

 

ខណៈមានការជជែកវែកញែកគ្នាលើបណ្តាញសង្គម X (Twitter) ដោយអ្នកខ្លះយល់ថា ការធ្វើការពេលយប់ និងថ្ងៃចុងសប្តាហ៍បន្ថែមពីលើថ្ងៃធ្វើការស្តង់ដារគឺចាំបាច់សម្រាប់ភាពជោគជ័យ។ ឆ្លើយតបទៅនឹងគំនិតចម្រូងចម្រាសនេះ នាយកប្រតិបត្តិ Shopify បានបញ្ចេញមតិផ្ទាល់ខ្លួនយ៉ាងដូច្នេះថា៖ «ខ្ញុំមិនដែលធ្វើការពេញមួយយប់ទេ»។ «ពេលដែលខ្ញុំធ្វើការលើសពី ៤០ម៉ោងក្នុងមួយសប្តាហ៍ គឺជាពេលដែលខ្ញុំចង់ធ្វើដូច្នេះប៉ុណ្ណោះ។ ខ្ញុំត្រូវការគេង ៨ម៉ោងក្នុងមួយយប់។ ដូចគ្នានឹងអ្នកដទៃដែរ មិនថាយើងទទួលស្គាល់ឬអត់នោះទេ»។ លោកបានបន្តទៀតថា៖ «សម្រាប់ជំនឿរបស់ខ្ញុំ មនុស្សមិនចាំបាច់ធ្វើការងារច្រើនលើសលប់ពេកទេដើម្បីសម្រេចជោគជ័យ អ្នកត្រូវការពេលត្រឹមតែ ៥ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃទៅលើការងារប្រកបដោយភាពច្នៃប្រឌិតខ្ពស់»។

 

លោក Tobias Lutke មានទ្រព្យសម្បត្តិប្រមាណ ៧.៥ពាន់លានដុល្លារ ចេញផ្សាយដោយទស្សនាវដ្តី Forbes គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ និងបានកសាងក្រុមហ៊ុនមួយដែលមានមូលធនប័ត្រទីផ្សារបច្ចុប្បន្នប្រហែល ៤៨ពាន់លានដុល្លារ បានលើកឡើងនៅលើ X (Twitter) ផ្ទាល់ខ្លួនថា៖ «ខ្ញុំត្រឡប់ទៅផ្ទះវិញនៅម៉ោង ៥:៣០pm ជារៀងរាល់ល្ងាច។ ការងាររបស់ខ្ញុំគឺអស្ចារ្យណាស់ ប៉ុន្តែវាគ្រាន់តែជាការងារមួយប៉ុណ្ណោះ។ គ្រួសារ និងសុខភាពផ្ទាល់ខ្លួនមានចំណាត់ថ្នាក់ខ្ពស់ជាងនៅក្នុងបញ្ជីអាទិភាពរបស់ខ្ញុំ»។

 

ជាមួយគ្នានេះដែរ ជុំវិញការបង្កើតគំនិតច្នៃប្រឌិតខ្ពស់ លោក Jeff Bezos ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Amazon បានប្រាប់ Thrive Global ក្នុងឆ្នាំ ២០១៦ ថា៖ «ការទទួលបានការគេង ៨ម៉ោង ធ្វើឱ្យមានការផ្លាស់ប្តូរដ៏ធំមួយសម្រាប់ខ្ញុំ ហើយខ្ញុំព្យាយាមយ៉ាងខ្លាំងដើម្បីធ្វើឱ្យវាជាអាទិភាព»។ «សម្រាប់ខ្ញុំ នោះគឺជាចំនួនម៉ោងដែលត្រូវការក្នុងការទទួលទានដំណេក ដើម្បីមានអារម្មណ៍ថាមានថាមពល និងស្រស់ស្រាយ»។

 

មិនខុសគ្នានឹងលោក Bill Gates សហស្ថាបនិកក្រុមហ៊ុន Microsoft ឡើយ លោកក៏យល់ស្របនឹងការយល់ឃើញខាងលើផងដែរ ដោយមហាសេដ្ឋីរូបនេះធ្លាប់បានសរសេរនៅលើប្លុករបស់ខ្លួនថា៖ «រាល់​យប់ប្រសិនបើខ្ញុំគេងមិនគ្រប់៨ម៉ោង វានឹងបង្កឲ្យមានបញ្ហាច្រើន»។ «ការ​គេង​គឺ​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​សម្រាប់​សុខភាព និង​ការ​ផ្តោត​អារម្មណ៍​ក្នុង​ការងារ»៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia