នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ នេះ ក្រុមហ៊ុនជីប ម៉ុង បាននាំយកថវិកាចំនួន ៤៥ ម៉ឺនដុល្លារ មកបានមកពីសប្បុរសជនចូលរួមតាមរយៈកម្មវិធី Gumball 3000 ជូនទៅដល់មន្ទីរពេទ្យកុមារអង្គរ។ ដោយការប្រគល់ថវិកាខាងលើនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងវត្ដមានរបស់ថ្នាក់ដឹកនាំក្រុមហ៊ុនជីប ម៉ុង គ្រុប ដែលមានលោកអ្នកឧកញ៉ា លាង ឃុន អ្នកឧកញ៉ា លាង ម៉េង និងលោកឧកញ៉ា លាង ពៅ (ភីធ័រ)ផងដែរ។
សូមជម្រាបថា ព្រឹត្ដិការណ៍ Gumball 3000 ដែលជាព្រឹត្ដិការណ៍ក្បួនរថយន្ដលំដាប់ពិភពលោក បានរៀបចំ និងធ្វើដំណើរឆ្លងកាត់ប្រទេសកម្ពុជាចំនួន ៣ ថ្ងៃ គឺនៅថ្ងៃទី១៥ រហូតដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។ ដោយក្នុងនោះគឺមានការចូលរួមពីមហាសេដ្ឋី អ្នកមានឥទ្ធិពលលើបណ្តាញសង្គម កីឡាករ និងតារារ៉េបល្បីៗជុំវិញពិភពលោក។
អ្វីដែលសំខាន់ក្រៅពីប្រមូលមូលនិធិជូនដល់មន្ទីរពេទ្យកុមារអង្គរ ព្រឹត្ដិការណ៍ខាងលើនេះត្រូវបានគេរំពឹងថា នឹងចូលរួមជួយផ្សព្វផ្សាយ និងជំរុញវិស័យទេសចរណ៍របស់កម្ពុជាឲ្យបានកាន់តែទូលំទូលាយបន្ថែមទៀតទៅកាន់ពិភពលោកផងដែរ៕