ក្រុមហ៊ុនហ៊ុនល្បីឈ្មោះរបស់ចក្រភពអង់គ្លេស Ave Arup Limited បានបង្ហាញពីបំណងរបស់ខ្លួនក្នុងការសហការជាមួយកម្ពុជា អភិវឌ្ឍន៍លើសេវាដឹកជញ្ជូនសាធារណៈ ដូចទៅនឹងប្រព័ន្ធរថភ្លើង MRT ដូចទៅនឹងប្រទេសសិង្ហបុរីដែរ។ នេះតាមការចុះផ្សាយដោយក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២។
យោងតាមខ្លឹមសាររបស់ក្រសួងសាធារណការបានសរសេរថា «ក្រុមហ៊ុន Arup បានបង្ហាញនូវវិស័យសក្កានុពលដែលខ្លួនចង់សហការជាមួយកម្ពុជា ក្នុងការសាងសង់ប្រព័ន្ធដឹកជញ្ជូនសាធារណៈ (ដូចករណីប្រព័ន្ធរថភ្លើង MRT នៅប្រទេសសិង្ហបុរី) និង បានបង្ហាញនូវទម្រង់ម៉ូដែលកិច្ចសហការរវាងរដ្ឋ និងឯកជន (Public-Private Partnership) ពាក់ព័ន្ធ ទៅនឹងលទ្ធកម្មផងដែរ»។
សូមជម្រាបថា កាលពីថ្ងៃមិញ ឯកឧត្ដម តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ជាតំណាង តំណាងក្រុមហ៊ុន Ave Arup Limited ប្រចាំប្រទេសកម្ពុជា វៀតណាម ថៃ និងអង់គ្លេស ដឹកនាំដោយ លោក ស្តេវាត ក្លេតុន (Stewart Clayton) ។
នៅក្នុងជំនួបនាឱកាសនោះ លោក Stewart Clayton បានណែនាំឱ្យតំណាងក្រុមហ៊ុនARUP ធ្វើបទបង្ហាញ ដែល បានផ្តោតជាសំខាន់លើសភាពការណ៍វិវត្តន៍ថ្មីៗនៅក្នុងពិភពលោកទាក់ទងនឹងដំណោះស្រាយសម្រាប់វិស័យដឹកជញ្ជូន ដំណោះស្រាយបញ្ហាចំពោះបម្រែបម្រួលអាកាសធាតុ និងផែនការមេទីក្រុងដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ និងការសម្របសម្រួលខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុផងដែរ។
ដោយឡែក ឯកឧត្តម តូច ចាន់កុសល ក៏បានជម្រាបជូនអំពីការរៀបចំគោលនយោបាយដឹកជញ្ជូនផ្លូវគោកទៅកាន់តំណាងក្រុមហ៊ុនខាងលើផងដែរ។ ដោយក្នុងនោះរួមមាន ការសិក្សាប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ (AGT) ប្រព័ន្ធរថភ្លើងក្រោមដី (Subway) ការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើង Monorail ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ និងគម្រោងមួយចំនួនផ្សេងទៀត៕
អត្ថបទ៖ កឹម ប៊ុនធឿន