ក្បួនប្រើលុយទាំង៧ របស់បិតាវិនិយោគ Warren Buffett នៅតែប្រើបានផលមកដល់បច្ចុប្បន្ន
SOKLY SOAUGUST 18 2023270 views

ចាស់តែមិនហួសសម័យ លោក Warren Buffett គឺជាសេដ្ឋីសញ្ជាតិអាមេរិកដ៏លេចធ្លោមួយរូបក្នុងពិភពលោក។ លោកទទួលបានភាពជោគជ័យហិរញ្ញវត្ថុយ៉ាងធំធេង នោះក៏ដោយសារគំនិតដ៏ឆ្លៀសវៃនិងជំនាញក្នុងការរកស៊ីព្រមទាំងការវិនិយោគរបស់លោក។

 

ទាក់ទងនឹងរឿងនេះដែរ Business Cambodia សូមលើកបង្ហាញពីក្បួននៃការប្រើប្រាស់លុយទាំង៧យ៉ាង របស់បិតាវិនិយោគ Warren Buffett ដែលអ្នកគួររៀនសូត្រតាម ហើយវានៅតែប្រើបានផលរហូតមកដល់បច្ចុប្បន្ន។ 

 

. បើអ្នកទិញរបស់ដែលមិនចាំបាច់នៅថ្ងៃនេះ អ្នកនឹងលក់របស់ដែលចាំបាច់នៅថ្ងៃក្រោយ

 

ប្រសិនបើអ្នកហានទិញឡានទំនើប សម្ភារនិយមស៊ីវីល័យដែលមិនចាំបាច់ខ្លាំង ឬដល់ថ្នាក់ខ្ចីបុលគេដើម្បីទិញរបស់ទាំងនោះក្នុងកគោលបំណងគ្រាន់តែចង់បង្អួតភ្នែកអ្នកដទៃ ឬនរណាម្នាក់ដែលអ្នកមិនពេញចិត្ត មិនយូរទេអ្នកនឹងត្រូវដល់ដំណាក់កាលលក់ផ្ទះ ឬវត្ថុដែលចាំបាច់ដើម្បីដោះបំណុលទាំងនោះ។

 

. កុំសន្សំលុយក្រោយពីការចំណាយ តែត្រូវចំណាយលុយដែលសល់ពីការសន្សំ

 

បើអ្នកចំណាយលុយហើយទើបសន្សំដែលសល់ពីការចំណាយនោះ ពិតណាស់អ្នកនឹងសល់តិចតួចដើម្បីសន្សំ ព្រោះយើងតែងតែពិបាកក្នុងការហាមឃាត់ចិត្តខ្លួនឯងមិនឲ្យចំណាយ។ ដូច្នេះអ្នកគួរសន្សំទុកជាមុនសិន បន្ទាប់មកយកប្រាក់ដែលនៅសល់ពីការសន្សំមកចំណាយវិញ។ នោះអ្នកនឹងមិនបារម្ភពីការចាយអស់លុយនោះទេ ពីព្រោះប្រសិនបើអ្នកចាយអស់ក៏គ្មានបញ្ហាដែរ។

 

. កុំរំពឹងពីចំណូលមួយប្រភព

 

ចំណូលមួយប្រភពអាចត្រឹមឲ្យអ្នកផ្គត់ផ្គង់ជីវភាពដើម្បីតែមួយរស់តែប៉ុណ្ណោះ តែប្រសិនបើអ្នកចង់សល់ច្រើនអ្នកគួរចាប់ផ្តើមបង្កើនប្រភពចំណូលឲ្យបានចាប់ពីពីរឡើងទៅ។ អ្នកអាចធ្វើវាបានតាមរយៈដូចជា ការយកលុយសន្សំមកវិនិយោគទៅលើអ្វីដែលអាចបង្កើតលុយឲ្យអ្នកបន្ថែមទៀតជាដើម។ ឬម្យ៉ាងទៀត អ្នកអាចយកលុយទៅរកស៊ីឬធ្វើអាជីវកម្មណាដែលលោកអ្នកជឿថាវាអាចបង្កើតប្រាក់ចំណេញបានដូចជា ទិញរបស់ ឬទំនិញដែលថោកហើយលក់ទៅវិញក្នុងតម្លៃដែលថ្លៃឬលើសពីតម្លៃនៃទំនិញដែលអ្នកបានទិញដើម្បីទទួលបាននូវប្រាក់កម្រៃពីការលក់នោះ។

 

. កុំវាស់ជម្រៅទឹកដោយដាក់ជើងទាំងពីរចូល

 

នៅពេលប្រឡូកខ្លួនរកស៊ីអ្វីមួយកុំដាក់ហ៊ុន ឬដើមទុនទាំងអស់ជាដាច់ខាត ព្រោះប្រសិនបើខាត ឬបរាជ័យនោះអ្នកនឹងងើបលែងរួច រួមទាំងបាក់ស្បាតលែងហានរកស៊ីបន្តទៀត ថាមិនត្រូវអ្នកអាចនឹងក្សៃធនអស់គ្មានឱកាសអាចនឹងងើបមកម្តងទៀតនោះទេ។

 

. កុំដាក់ស៊ុតទាំងអស់នៅក្នុងកន្ត្រក់តែមួយ

 

ប្រសិនបើអ្នកមានដើមទុន មានធនធានច្រើនហើយមានក្រុមហ៊ុនតែមួយ​អ្នកគួរធ្វើការពិចារណាបង្កើតជាសាខា ឬបង្កើតក្រុមហ៊ុនមួយទៀតដើម្បីវិនិយោគដើមទុននោះ។ ទីមួយគឺដើម្បីបង្កាពេលក្រុមហ៊ុនបរាជ័យ​ អ្នកនៅមានលទ្ធភាពគ្រប់គ្រាន់ក្នុងការសល់ក្រុមហ៊ុនមួយទៀត។​ ចំណែកឯទីពីរ ដើម្បីបង្កើតប្រភពចំណូលបន្ថែម។

 

. ភាពស្មោះត្រង់គឺមានតម្លៃណាស់ ចូលកុំរំពឹងពីមនុស្សថោកទាប

 

នៅក្នុងវិស័យជំនួញភាពស្មោះត្រង់គឺជាយន្តមួយសម្រាប់អ្នកក្នុងការកសាងចំណងរឹងមាំរវាងដៃគូ និងអតិថិជន។ ប្រសិនបើអ្នកចង់ឲ្យពួកគេផ្តល់តម្លៃដល់អ្នក និងក្រុមហ៊ុនដែលអ្នកបានដាក់ទុន អ្នកត្រូវតែផ្តល់ឲ្យពួកគេនូវភាពស្មោះត្រង់។ វាបានសបញ្ជាក់ឲ្យឃើញថា ភាពស្មោះត្រង់គឺសំខាន់ណាស់ចំពោះការរកស៊ី។

 

. ធម្មជាតិបង្កើតភ្នែកយើងឲ្យនៅខាងមុខ ដូច្នេះយើងត្រូវសម្លឹងទៅមុខជាជាងសម្លឹងទៅក្រោយ

 

នៅក្នុងការរកស៊ីយើងត្រូវផ្តោតសំខាន់នៅក្នុងបច្ចុប្បន្ន ក៏ប៉ុន្តែកុំភ្លេចសំឡឹងទៅមុខដើម្បីឲ្យដើរឲ្យទាន់ការប្រែប្រួលរបស់ទីផ្សារ និងដើម្បីក្តោបក្តាប់ឱកាសបានមុនគេ ក៏ដូចជាដើម្បីគ្រប់គ្រងទីផ្សារឲ្យបានមុនគេ៕

 

អត្ថបទដោយ៖ សូ សុខលី

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia