បើកប្រាក់ខែមកអស់ៗ! កុំឆ្ងល់ហេតុអ្វី ចុងខែមិនទាន់ទេ ដាច់លុយ ព្រោះតែអ្នកជា មនុស្ស៣ប្រភេទនេះ
Ping Chou EngOCTOBER 18 2024364 views

សព្វថ្ងៃនេះបញ្ហាភាគច្រើនដែលមនុស្សជួបប្រទះគឺរឿងលុយកាក់ អ្នកខ្លះមានការងារធ្វើ ពិបាករកលុយ អ្នកខ្លះមិនចេះចាត់ចែងលុយឬមានលុយហើយក៏ចាយទាល់តែដាច់យ៉ៃជាដើម។

 

យ៉ាងណាមិញបើតាមប្រភពស្រាវជ្រាវរបស់ Yahoo Finance បានឱ្យដឹងថាមនុស្ស៣ប្រភេទខាងក្រោមនេះទោះមានការងារល្អធ្វើ ទទួលបានប្រាក់ចំណូលសមរម្យហើយក៏នៅតែធ្លាក់ខ្លួនដាច់លុយដែរ។

 

ប្រភេទទី១. មនុស្សចាយតាមសង្គម មនុស្សប្រភេទនេះពួកគេជាអ្នកដែលពូកែរកលុយតែក៏ពូកែចាយដែរ ហើយតែងតែចាយលុយតាមនិន្នាការសង្គម គេកំពុងពេញនិយមអ្វីតែងទិញរបស់នោះមកសាកដែរដេញស៊េរីរបស់របរទំនើបៗ ទិញលក់ៗ ដូរឱ្យទាន់ឆ្នាំ ខណៈជារបស់ពុំចាំបាច់ ឬពេលខ្លះចំណាយលុយប្រចាំខែបង់លោះលើរបស់ថ្លៃៗលើសចំណូលទៀត ដោយអាងថានឹងរកចំណូលបានច្រើនដើម្បីបង់។

 

ជាដំណោះស្រាយសម្រាប់មនុស្សប្រភេទនេះតាមក្បួនរបស់លោក​ Warran Buffet គឺគួរចាយលើចំណង់និងតាមសង្គមឱ្យតិចជាងចំណូលបំផុតត្រឹម២០% ព្រោះថាចំណូលតែងមានចុះ មានឡើង ដូច្នេះទោះបីកំពុងមានចំណូលសមរម្យហើយ ក៏មិនគួរមើលរំលងការចំណាយបែបសន្សំសំចៃដែរ។

 

ប្រភេទទី២. មនុស្សខ្វះផែនការអនាគត៖ ជាប្រភេទមនុស្សមិនសូវខ្វល់ចិត្តរឿងហិរញ្ញវត្ថុ តែក៏មិនសូវសល់លុយដែរ ដោយប្រភេទមនុស្សនេះពុំមានផែនការសម្រាប់អនាគតច្បាស់លាស់ទេ ពោលគឺមានតែបំណងដូចជា ចង់បានឡាន ចង់មានផ្ទះ ចង់រៀបការ ចង់សល់លុយ តែពួកគេបានត្រឹមតែចង់ប៉ុណ្ណោះ ទោះមានចំណូលច្រើន តែក៏មិនបានរៀបផែនការថានឹងដើរទៅរកគោលដៅអនាគតបែបណាឡើយ។

 

ជាដំណោះស្រាយសម្រាប់មនុស្សប្រភេទនេះគឺគួរបែងចែកកញ្ចប់ចំណាយឱ្យបានត្រឹមត្រូវ ទោះមានចំណូលច្រើនមិនសូវតានតឹងនឹងហិរញ្ញវត្ថុក៏ដោយ ក៏ត្រូវរៀបចំការចំណាយសម្រាប់បំណងអនាគតដែលខ្លួនចង់បានឱ្យល្អប្រសើរផងដែរ ដូចជាថាតើគួរដកប៉ុន្មាន%ក្នុង១ខែនៃប្រាក់ចំណូល ដើម្បីសល់លុយទិញផ្ទះសម្រាប់រយៈពេល៥ឆ្នាំ ឬ១០ឆ្នាំខាងមុខ។

 

ប្រភេទទី៣. មនុស្សមិនខ្វល់ពីវ័យនិងសុខភាព៖ មនុស្សប្រភេទនេះតែងគិតថាពេលវេលារបស់ខ្លួននៅសល់ច្រើន នៅវ័យក្មេងមានកម្លាំង នៅអាចធ្វើការរកលុយបានច្រើនទៀត ឥឡូវចាយតាមចិត្តចង់បានសិនក៏មិនអីដែរ តែងបរិភោគមិនសូវគិតពីសុខភាព ជួបជុំរាល់ល្ងាច ចំណាយពេលពេលកាន់តែយូរវ័យកាន់តែច្រើន លុយមិនសល់ៗតែក្បាលពោះនឹងខ្លាញ់អាក្រក់ទៅជាឈឺប្រមូលលុយឱ្យពេទ្យញឹកញយ។

 

ជាដំណោះស្រាយសម្រាប់មនុស្សប្រភេទនេះគឺគួរតែកុំពន្យារពេលក្នុងការចាត់ចែងលុយកាក់ ចាំឆ្នាំនេះចាំឆ្នាំនោះទៀត ដោយគិតថាខ្លួននឹងរកលុយបានច្រើនៗរហូតអី ត្រូវចាប់ផ្តើមចាត់ចែងលុយកាក់សេនពីបន្តិចបន្តួចទៅ ហើយគួរទទួលទានឱ្យត្រឹមត្រូវ កុំយល់ថាខ្លួននៅក្មេង មានកម្លាំងខ្លាំងមិនងាយឈឺ អ្វីដែលធ្វើបានគួរតែចាប់ផ្តើមធ្វើ។

 

ជារួមមកវិញមនុស្សទាំង៣ប្រភេទនេះ ទោះបីជាពួកគេមានចំណូលសមរម្យនិងអាជីពល្អគឺក៏នៅតែឧស្សាហ៍ដាច់លុយចុងខែដែរ ដោយសារពួកគេមិនសូវយកចិត្តទុកដាក់ជាមួយលុយ គិតថាលុយងាយស្រួលរកតាមសមត្ថភាពដ៏ខ្លាំងនៃការងាររបស់ពួកគេ ប៉ុន្តែគេភ្លេចគិតថាលុយដែលរកបានមកនោះ គឺត្រូវប្តូរជាមួយវ័យនិងពេលវេលារបស់ខ្លួន៕

 

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia