កម្មវិធី Tik Tok អាចនឹងត្រូវបិទទាំងស្រុងនៅសហរដ្ឋអាមេរិក ខណៈសល់ពេលត្រឹមតែ ៩ខែទៀតប៉ុណ្ណោះ បើក្រុមហ៊ុនមេដែលមានមូលដ្ឋាននៅប្រទេសចិនគឺ ByteDance នៅតែមិនធ្វើតាមច្បាប់សហរដ្ឋអាមេរិកទេនោះ។ នេះបើយោងតាមទីភ្នាក់ងារសារព៌ត័មាន Reuters នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។
ក្នុងសេចក្តីព្រាងច្បាប់ថ្មី ដែលចុះហត្ថលេខាដោយ ប្រធានាធិបតីអាមេរិកលោក Joe Biden បានផ្តល់ឱ្យ TikTok នូវជម្រើសពីររួមមាន ក្រុមហ៊ុនមេ ByteDance ត្រូវបង្វែរ TikTok ទៅជាក្រុមហ៊ុនសហរដ្ឋអាមេរិកក្នុងរយៈពេលកំណត់ ៩ខែ។ ប្រសិនបើបរាជ័យក្នុងការធ្វើដូច្នេះ គឺបានន័យថា នៅលើ App Store ឬ App ផ្សេងៗទៀត នៅទូទាំងអាមេរិក នឹងមិនមានកម្មវិធី TikTok ទៀតឡើយ។
ច្បាប់ថ្មីខាងលើនេះ ត្រូវបានអនុម័តដោយព្រឹទ្ធសភាអាមេរិកក្នុងសំឡេងគាំទ្រយ៉ាងច្រើនលើសលប់កាលពីថ្ងៃអង្គារសប្តាហ៍នេះ ដោយសារមានការព្រួយបារម្ភក្នុងចំណោមសមាជិកសភាអាមេរិកដែលថា រដ្ឋាភិបាលចិនអាចចូលប្រើប្រាស់ទិន្នន័យរបស់ជនជាតិអាមេរិក ឬប្រើប្រាស់កម្មវិធីនេះសម្រាប់ការឃ្លាំមើលលើប្រជាជនអាមេរិកជាដើម។
គួរជម្រាបផងដែរថា ទីផ្សារសហរដ្ឋអាមេរិកមានចំណែកប្រហែល ២៥% នៃប្រាក់ចំណូលសរុបរបស់ TikTok កាលពីឆ្នាំមុន ហើយអ្នកប្រើប្រាស់សកម្មប្រចាំថ្ងៃរបស់ TikTok នៅសហរដ្ឋអាមេរិកស្មើនឹងប្រហែល ៥% នៃចំនួនអ្នកប្រើប្រាស់សកម្មប្រចាំថ្ងៃរបស់ក្រុមហ៊ុន ByteDance នៅទូទាំងពិភពលោក៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)