ដីទំហំជិត ៦០ ហិកតា ដែលស្ថិតនៅកណ្ដាលរាជធានីភ្នំពេញ នឹងត្រូវរៀបចំធ្វើជាផ្លូវថ្មើរជើង និងជាកន្លែង Pub Street សម្រាប់ប្រជាជនធ្វើដំណើរកម្សាន្ដ និងទិញទំនិញនាលពេលខាងមុខ ខណៈគម្រោងនេះត្រូវបានបើកកិច្ចប្រជុំកាលពីពេលថ្មីៗនេះផងដែរ។ យោងតាមការដកស្រង់ពីក្រសួងព័ត៌មាន កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំស្តីពីការងាររៀបចំគម្រោងខាងលើ ដែលមានទីតាំងនៅមុខប៉ុស្តិ៍ប្រៃសណីយ៍កម្ពុជា ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។
នៅក្នុងកិច្ចប្រជុំនោះឯកឧត្ដម ឃួង ស្រេង បានលើកឡើងថា៖ គម្រោងនេះយើង បានសិក្សារួចអស់ហើយ ដូច្នេះលោកជំរុញឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូន រាជធានីភ្នំពេញ ចាប់ផ្តើមអនុវត្តន៍ការងាររៀបចំគម្រោងនេះ ចាប់ពីពេលនេះតទៅ ដោយប្រើប្រាស់ពេលវេលា៦ខែ ពោលគឺឱ្យរួចរាល់ នៅមុនចូលឆ្នាំសកលឆ្នាំ២០២៥។
ដោយឡែកតាមការបញ្ជាក់ពីលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា៖ ផ្លូវថ្មើរជើងរាជធានីភ្នំពេញ ត្រូវបានបែងចែងជា៣តំបន់ មានទំហំ៥៧ហិកតា ដោយក្នុងនោះរួមមាន៖
ផ្លូវថ្មើរជើងតំបន់ទី១ មានទីតាំង នៅមុខប្រៃសណីយ៍ មាន ព្រំប្រទល់ខាង ជើង៖ ផ្លូវលេខ៩៤-ខាងត្បូង ផ្លូវលេខ១០៦-ខាងលិច៖ ផ្លូវលេខ១៣-ខាងកើត តិរិវិថីព្រះស៊ីសុវត្ថិ (តំបន់នេះនឹងរៀបចំឡើងជាតំបន់វិថីម្ហូបអាហារ និងហាងទំនិញ)។
ផ្លូវថ្មើរជើងតំបន់ទី២ មានទំហំមានព្រំប្រទល់ខាងជើង៖ ផ្លូវលេខ ១០៦-ខាងត្បូង៖ ផ្លូវលេខ ១៨៤-ខាងលិច៖ ផ្លូវលេខ១៣-ខាងកើត៖ តិរិវិថីព្រះស៊ីសុវត្ថិ(តំបន់នេះរៀបចំជាតំបន់ Pub Street)។
ផ្លូវថ្មើជើងតំបន់ទី៣ មានព្រំប្រទល់ខាងជើង៖ ផ្លូវលេខ ១៨៤-ខាងត្បូង៖ មហាវិថីព្រះសីហនុខាងលិច៖ ផ្លូវលេខ០៧-ខាង កើត តិរិវិថីព្រះស៊ីសុវត្ថិ(រៀបចំជាតំបន់ លំហែកាយ)។
លោកប្រធានមន្ទីរបន្ដថា តំបន់ទាំង៣នេះរដ្ឋបាលរាជធានីភ្នំពេញនឹង រៀបចំឡើងឱ្យមានសោភណភាពស្រស់បំព្រង ជាតំបន់បៃតង មានសួនច្បារ តាំងភ្លើងចម្រុះពណ៌ មានបង្គន់អនាម័យ ចំណតយានយន្តបណ្តោះអាសន្ន មានហាងទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ បា និងជាកន្លែង (Pub Street) ផងដែរ។ តំបន់នេះក្រោយ ការរៀបចំរួចនឹងបើកឱ្យ ភ្ញៀវជាតិ អន្តរជាតិចូលទិញទំនិញ និងកម្សាន្តសប្បាយ ចាប់ពីម៉ោង៦ ល្ងាច ដល់ម៉ោង១១យប់៕