ជាធម្មតាពេលអ្នកទៅប្រទេសនានានៅក្នុងតំបន់អាស៊ាន អ្នកត្រូវប្ដូរលុយរបស់ប្រទេសទាំងនោះដើម្បីទុកចាយវាយនៅពេលធ្វើដំណើរកម្សាន្ត។ យ៉ាងណាមិញចាប់ពេលនេះបើអ្នកធ្វើដំណើរកម្សាន្តក្នុងតំបន់អាស៊ាននៅក្នុងប្រទេសខ្លះយើងអាចចាយប្រាក់រៀលតាមទូរស័ព្ទដៃបានហើយមានភាពងាយស្រួល។
បច្ចុប្បន្នសម្រាប់អ្នកប្រើប្រាស់សេវាធនាគារ អេស៊ីលីដាហើយបើកគណនីជាប្រាក់រៀលខ្មែរយើង បើទៅលេងប្រទេសថៃ ប្រទេសឡាវនិងប្រទេសវៀតណាម លោកអ្នកអាចរីករាយការធ្វើដំណើររបស់លោកអ្នក ជាមួយនឹងការទូទាត់ QR ឆ្លងដែន តាមប្រព័ន្ធបាគង លើអេស៊ីលីដាម៉ូបាល គ្រប់ទីកន្លែងនៅក្នុងប្រទេសថៃ វៀតណាម និងឡាវ ពីគណនីប្រាក់រៀល ដោយមិនអស់ថ្លៃសេវា។
ការទូទាត់ឆ្លងធនាគាររវាងប្រទេសក្នុងតំបន់អាស៊ានអាចធ្វើឡើងបន្ទាប់ពីធនាគារជាតិនៃកម្ពុជាបានសហការជាមួយធនាគារកណ្ដាលរបស់ប្រទេសនានាក្នុងតំបន់ដូច្នេះអ្នកប្រើប្រាស់អាចទូទាត់តាមប្រព័ន្ធបាគង។
ចំពោះនៅប្រទេសថៃអ្នកអាចទូទាត់តាមកម្មវិធី Thai QR payment ដោយមានធនាគារជាដៃគូដូចជា Kasikornbank, SCB Bank, Krungthai Bank និងBangkok Bank ជាដើម។
ចំណែកនៅប្រទេសវៀតណាម អ្នកអាចទូទាត់តាមរយៈកម្មវិធីVietQR ដោយមានធនាគារដៃគួសហការដូចជា TPBank និង BIDV។ រីឯនៅប្រទេសឡាវយើងអាចទូទាត់តាម LAPNet ដោយមានធនាគារជាដៃគូដូចជា អេស៊ីលីដាឡាវ Indochina Bank, JDB, Lao-Viet Bank, LDB និងKBank ជាដើម។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន កម្ពុជាបានដាក់ឱ្យដំណើរការការទូទាត់ឆ្លងដែន តាមប្រព័ន្ធQR-Code ជាមួយប្រទេសធំៗ ចំនួន ៦ រួមមាន ៖ ថៃ វៀតណាម ចិន ឥណ្ឌា ឡាវ និងប្រទេស ម៉ាឡេស៊ី ផងដែរ ៕