តារាក្បាច់គុនសាច់ចាំ Wu Jing មិនត្រឹមជោគជ័យខ្លាំងលើវិថីសិល្បៈ ថែមទាំងជាសេដ្ឋីមានលុយជិត១០០លាន$
Kan DaraJULY 21 202211.3 K views

អ្នកនិយមតាមដានខ្សែភាពយន្តក្បាច់គុន ប្រាកដជាបានស្គាល់តារាប្រុសរូបសង្ហា Wu Jing ពូកែវាយប្រហារ និងធ្លាប់សម្តែងជាតួអង្គសង្ឃថាងចេង ក្នុងរឿង «A Chinese Odyssey Part 3» ល្បីខ្លាំងកាលជំនាន់ឆ្នាំ២០១៦។ មិនត្រឹមជោគជ័យលើវិថីសិល្បៈទេ លោកក៏ជាសេដ្ឋីមានទ្រព្យជិត ១០០លានដុល្លារផងដែរ។ តើតារាកម្ពស់ ១.៧៥ម៉ែត្រនេះមានប្រវត្តិនិងការសម្តែងដូចម្តេចខ្លះ?

លោក Wu Jing (Jacky Wu) កើតក្នុងឆ្នាំ១៩៧៤ លើទឹកដីទីក្រុងប៉េកាំង ប្រទេសចិន។ ក្នុងឆ្នាំ១៩៩៥ Wu ត្រូវបានគ្រូបង្ហាត់ក្បាច់គុណម្នាក់មើលឃើញពីទេពកោសល្យរបស់លោក នៅឆ្នាំបន្ទាប់លោកត្រូវបានគេជ្រើសរើសឲ្យសម្តែងជាតួអង្គ Jackie ក្នុងរឿង Tai Chi Boxer។ ខ្សែភាពយន្តដំបូងនេះទទួលបានការគាំទ្រយ៉ាងខ្លាំង និងជាយានចម្លង Wu ឲ្យបានបង្ហាញខ្លួននិងកសាងកេរ្តិ៍ឈ្មោះតាមរយៈរឿងភាគទូរទស្សន៍ជាច្រើនក្នុងប្រទេសចិន រហូតដល់ខ្សែភាពយន្តលំដាប់ហូលីវូដ។

ចាប់តាំងពីការបោះជំហានប្រឡូកចូលវិថីសិល្បៈដំបូងនៅឆ្នាំ១៩៩៦ រហូតដល់ឆ្នាំ២០២២ លោកធ្លាប់បានសម្តែងក្នុងខ្សែភាពយន្តដុំចំនួន៣២រឿង និងរឿងភាគទូរទស្សន៍ចំនួន២០រឿង។ លោកធ្លាប់ឈ្នះពានរង្វាន់ចិនធំៗចំនួន១០។ កាលពីឆ្នាំ២០១៦ លោក Wu Jing ជាប់ចំណាប់ថ្នាក់លេខមួយក្នុងបញ្ជីឈ្មោះតារាល្បីជនជាតិចិនទាំង១០០ របស់ទស្សនាវដ្តី Forbes និងឋិតនៅចំណាប់ថ្នាក់ទី២៣ សម្រាប់ឆ្នាំ២០២០កន្លងទៅនេះ។ ភាពយន្ត​របស់លោកច្រើន​តែ​ជា​ភាពយន្ត​ដែល​រក​ចំណូល​បាន​ខ្ពស់​បំផុត​ក្នុង​ប្រទេស​ចិន និង​ជុំវិញ​ពិភពលោកដូចជារឿង Contact, the Sha Po Lang, Wolf Warrior, Wolf Warrior 2 និង Battle at Lake Changjin ជាដើម។

បច្ចុប្បន្ន បុរសសាច់ចាំវ័យ៤៨ឆ្នាំរូបនេះ នៅតែបន្តអាជីពជាតារាសម្តែង អ្នកដឹកនាំរឿង និងជាសិល្បករក្បាច់គុនចិនដ៏ល្បីឈ្មោះ។ លោកបានរៀបការក្នុងឆ្នាំ២០១៤ ជាមួយអ្នកនាង Xie Nan ដែលជាពិធីករប៉ុស្តិ៍ទូរទស្សន៍ និងមានកូនពីរនាក់ជាចំណងដៃ។ គិតត្រឹមពាក់កណ្តាលឆ្នាំ២០២២នេះ លោក Wu Jing មានទ្រព្យសម្បត្តិប្រមាណ ៨០លានដុល្លារ យោងតាមចេញផ្សាយដោយគេហទំព័រ celebritynetworth៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ក្រដាស១សន្លឹក»

ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia