ឆ្លងកាត់ស្ទើរគ្រប់ខេត្ដ! នេះជាប្លង់មេនៃការសាងសង់ផ្លូវល្បឿនលឿនថ្មីរបស់រដ្ឋ ដែលដាក់អនុវត្ដចាប់ពីពេលនេះទៅ
Bunthoeun KoemMAY 7 2024163 views

ប្រព័ន្ធដឹកជញ្ជូន ត្រូវបានរាជរដ្ឋាភិបាលយកចិត្ដទុកដាក់យ៉ាងខ្លាំងនៅក្នុងការសាងសង់ ដើម្បីសម្រួលឲ្យការដឹកជញ្ជូនទំនិញ ក៏ដូចជាការធ្វើដំណើរឲ្យកាន់តែមានភាពងាយស្រួល។ ជាក់ស្ដែងបច្ចុប្បន្ន រាជរដ្ឋាភិបាលបានកំពុងសាងសង់កំពង់ផែ ផ្លូវដែក ផ្លូវថ្នល់ ផ្លូវល្បឿនលឿន និងព្រលានយន្ដហោះជាដើម ក្រៅពីនោះក៏មានគម្រោងជាច្រើនកំពុងសិក្សា និងសាងសង់នៅពេលខាងមុខ ពិសេសគឺគម្រោងផ្លូវល្បឿនលឿន។  

យោងតាមផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្ដរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ដែលដកស្រង់ពីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីៗកន្លងទៅបានឲ្យឃើញថា ផ្លូវល្បឿនលឿនជាច្រើនខ្សែកំពុងស្ថិតនៅក្នុងផែនការសាងសង់ និងឆ្លងកាត់ខេត្ដ-ក្រុងជាច្រើន។ ហើយគម្រោងសាងសង់ទាំងនោះមានដូចខាងក្រោម៖

១. ផ្លូវទ្រង់កាំ ៧ ខ្សែ ចេញពីភ្នំពេញរួមមាន៖

  • ផ្លូវលឿនលឿនលេខ១ ភ្នំពេញ កណ្ដាល ព្រៃវែង ស្វាយរៀង និងបាវិត។
  • ផ្លូវល្បឿនលឿនលេខ២ ភ្នំពេញ កណ្ដាល (ព្រំដែនកម្ពុជា និងវៀតណាម)។
  • ផ្លូវល្បឿនលឿនលេខ៣ ភ្នំពេញ កណ្ដាល តាកែវ កំពត និងព្រះសីហនុ។
  • ផ្លូវល្បឿនលឿនលេខ៤ ភ្នំពេញ កណ្ដាល កំពង់ស្ពឺ និងព្រះសីហនុ។
  • ផ្លូវល្បឿនលឿនលេខ៥ ភ្នំពេញ កណ្ដាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងមាត់ច្រកព្រំដែនប៉ោយប៉ែត។
  • ផ្លូវល្បឿនលឿនលេខ៦ ភ្នំពេញ កណ្ដាល កំពង់ចាម កំពង់ឆ្នាំង កំពង់ធំ និងសៀមរាប។
  • ផ្លូវល្បឿនលឿនលេខ៧ ភ្នំពេញ កណ្ដាល កំពង់ចាម ក្រចេះ ស្ទឹងត្រែង និងមាត់ច្រកព្រំដែនត្រពាំងក្រៀល។

២. ផ្លូវទម្រង់ខ្សែផ្ដេកប៉ែកខាងកើត-ខាងលិច ១ ខ្សែ៖

  • ផ្លូវល្បឿនលឿនលេខ៩ ច្រកព្រំដែនប៉ោយប៉ែត បន្ទាយមានជ័យ សៀមរាប ព្រះវិហារ ស្ទឹងត្រែង រតនគិរី និងច្រកព្រំដែនអូរយ៉ាដាវ។

៣.ផ្លូវទម្រង់ខ្សែបញ្ឈរប៉ែកខាងត្បូង-ខាងជើង ១ ខ្សែ៖

  • ផ្លូវនេះមានបីកំណាត់គឺកំណាត់ផ្លូវល្បឿនលឿនលេខ៩ ក សៀមរាប បាត់ដំបង ពោធិ៍សាត់ កោះកុង, កំណាត់ផ្លូវលឿនលឿនលេខ៤៨ កោះកុង ព្រះសីហនុ និងកំណាត់ផ្លូវល្បឿនលឿនលេខ៣៣ ព្រះសីហនុ កំពត និងកែប។

៤. បណ្ដាញផ្លូវល្បឿនលឿនគ្រោងអភិវឌ្ឍន៍នាពេលអនាគត៖

  • ផ្លូវល្បឿនលឿនលេខ៨ ភ្នំពេញ កំពង់ចាម មណ្ឌលគិរី និងរតនគិរី។
  • ផ្លូវល្បឿនលឿនលេខ៦២ កំពង់ធំ ព្រះវិហារ និងព្រំដែនថៃ។
  • ផ្លូវល្បឿនលឿនលេខ៦៦ សៀមរាប ឧត្ដមមានជ័យ និងព្រះដែលកម្ពុជា-ថៃ។
  • ផ្លូវល្បឿនលឿនលេខ៤៤ ភ្នំពេញកំពង់ស្ពឺ កំពង់ផែកោះកុង។
  • ផ្លូវល្បឿនលឿនលេខ៧៦ កំពង់ធំ ក្រចេះ មណ្ឌលគិរី និងព្រះដែនកម្ពុជាវៀតណាម។

សូមជម្រាបផងដែរ ផែនការនៃការអភិវឌ្ឍគម្រោងខាងលើនេះ គឺចាប់ផ្ដើមអនុវត្ដន៍ចាប់ពីឆ្នាំ២០២៣ តទៅ។ ហើយទាក់ទងនឹងគម្រោងផ្លូវល្បឿនលឿននេះដែរ បច្ចុប្បន្នកម្ពុជា បានកំពុងដាក់ឲ្យប្រើប្រាស់មួយខ្សែហើយ គឺផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ខេត្ដព្រះសីហនុ ប្រវែង ១៩០ គីឡូម៉ែត្រ បើកដាក់ឲ្យដំណើរការកាលពីចុងឆ្នាំ ២០២២ កន្លងទៅ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia