ឃើញគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំៗក្នុងស្រុកត្រូវធនាគារបរទេសទិញយកទាំងអស់ អ្នកជំនាញ២រូបលើកឡើងបែបនេះ
Toeuy HongMAY 7 20245.8 K views

 នៅប៉ុន្មាឆ្នាំចុងក្រោយនេះយើងសង្កេតឃើញថាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំៗនៅកម្ពុជាត្រូវធនាគារបរទេសទិញយកទាំងស្រុង។ ជាក់ស្ដែងគ្រឹះស្ថានមីក្រូហិញ្ញវត្ថុប្រាសាក់ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ធំបំផុតមួយបានលក់ទៅឲ្យធនាគារ KB Kookmin Bank របស់កូរ៉េហើយក៏ត្រូវបានប្ដូរឈ្មោះនិងកម្លាយខ្លួនជាធនាគារពាណិជ្ជ។ លើសពីនេះកាលពីពេលថ្មីៗនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតត្រូវបានធនាគារ Bank SinoPac របស់តៃវ៉ាន់ទិញយកភាគហ៊ុនទំាងស្រុងផងដែរ។

ជុំវិញធនាគារធំៗរបស់បរទេសទិញយកគ្រឹះស្ថានមីគ្រូហិរញ្ញវត្ថុធំៗនៅប្រទេសកម្ពុជាស្ទើរតែទាំងអស់ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា ធនាគារធំៗរបស់បរទេសទិញយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំៗនៅកម្ពុជា លោកបណ្ឌិតមើលមិនឃើញពីផលអវិជ្ជមានឡើយពោលគឺវាជារឿងល្អទៅវិញទេសម្រាប់ទីផ្សារស្រុកយើងព្រោះវាគឺជាឱកាសល្អដែលយើងអាចទាក់ទាញអ្នកវិនិយោគពីបរទេស។

លោកបណ្ឌិតក៏បានបន្ថែមទៀតថាចំពោះបរិបទវិស័យធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនាពេលបច្ចុប្បន្ននេះគឺស្ថិតនៅក្នុងស្ថានភាពមួយដែលមានការប្រកួតប្រជែងគ្នាខ្លាំងនៅក្នុងបច្ចេកវិទ្យា ផលិតផលហិរញ្ញវត្ថុ សេវាកម្ម ដើមទុននិងការផ្ដល់កម្ចីជាដើម។

ចំណែកលោក ង៉ែត ជូ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនF.I Vision Capital និងជាអ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា ពេលធនាគារធំៗពីបរទេសជាពិសេសពីប្រទេសដែលមានការរីកចម្រើនជាងយើងគេមកទិញគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឬធនាគារក្នុងស្រុកជាទូទៅមានផលវិជ្ជមានច្រើនព្រោះធនាគារធំៗពីប្រទសខាងក្រៅតែងតែមានវិជ្ជាជីវមានជំនាញខ្ពស់ដូច្នេះគេអាចនាំជំនាញថ្មីៗក៏ដូចជាបច្ចេកវិទ្យាកាន់តែប្រសើរក៏ដូចជាដើមទុនកាន់តែមានភាពរឹងមាំព្រមទាំងជួយបង្ហាញពីទំនុកចិត្តរបស់អ្នកវិនិយោគនិងអតិថិជននៅប្រទេសរបស់យើងផងដែរ។

យ៉ាងណាមិញលោកបានលើកឡើងថានៅពេលដែលមានម្ចាស់ភាគហ៊ុនដែលជាធនាគារធំៗពីប្រទេសមានការរីកចម្រើនមកទិញយកគ្រឹះស្ថានក្នុងស្រុកនោះស្ថាប័នដទៃទៀតនឹងអាចប្រឈមនឹងសមត្ថភាពប្រកួតប្រជែងកាន់តែខ្លាំងដូច្នេះហើយធ្វើឲ្យមានការច្របាច់បញ្ចូលគ្នារវាងស្ថាប័នមិនសូវមានសមត្ថភាពប្រកួតប្រជែងច្របាច់បញ្ចូលជាមួយស្ថានប័នដែលមានសមត្ថភាពប្រកួតប្រជែងកាន់តែប្រសើរ។

លោកបានបង្ហើបទៀតថាវិស័យធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនាពេលបច្ចុប្បន្នបានដើរដល់ប្រសិទ្ធភាពក្នុងការប្រកួតប្រជែងកាន់តែខ្ពស់ ដូច្នេះស្ថាប័ណាដែលមានសមត្ថភាពផ្ដល់សេវាកម្មល្អ តម្លៃមានការប្រកួតប្រជែងហើយមានភាពងាយស្រួលដល់អតិថិជនគឺស្ថាប័ននោះទទួលបានការគាំទ្រ អញ្ចឹងស្ថានប័ណដែលខ្សោយនិងមិនមានលទ្ធភាពច្រើននៅក្នុងការផ្ដល់សេវាកម្មបានល្អនឹងត្រូវច្របាច់បញ្ចូលវាងគ្រឹះស្ថានធំៗដើម្បីមានសមត្ថភាពប្រកួតប្រជែងនិងបន្តឈរជើងក្នុងទីផ្សារដ៏ប្រកួតប្រជែងមួយនេះ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia