មួយរយៈចុងក្រោយនេះ ខ្សែភាពយន្តខ្នាតធំរបស់ឥណ្ឌា ចំណងជើង «Gangubai kathiawadi» ទទួលបានសន្ទុះនៃការគាំទ្រភ្លូកទឹកភ្លូកដីពីបណ្តាប្រទេសជាច្រើន និងកំពុងវាយលុកទីផ្សារអាស៊ីខ្លាំងរួមមានប្រទេសថៃ និងប្រទេសកម្ពុជា លើសពីនេះគេក៏ឃើញមានសិល្បការិនីថៃជាច្រើនដួងបាននាំគ្នាតុបតែងខ្លួន ដូចទៅនឹងតួអង្គក្នុងរឿងនេះទៀតផង។
ក្នុងខ្សែភាពយន្តមានដំណើររឿងជក់ចិត្តខ្លាំង ដែលបានសម្ដែងចេញពីរឿងពិតស្ត្រីឥណ្ឌាម្នាក់រកស៊ីផ្លូវភេទដើម្បីសុខុមាលភាពកុមារកំព្រា តែបើងាកមកមើលខ្សែជីវិតក្រៅឆាកលើវិថីសិល្បៈរបស់តួអង្គឯក Gangubai អស្ចារ្យជាងក្នុងកុនទៅទៀត៖
តួអង្គឯក Gangubai ក្នុងរឿង «Gangubai kathiawadi» មានឈ្មោះពិតថា Alia Bhatt កើតនៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ១៩៩៣ ក្នុងគ្រួសារមួយដែលមានឪពុកជាផលិតករភាពយន្តឈ្មោះ Mahesh Bhatt និងម្តាយជាតារាសម្តែងឈ្មោះ Soni Razdan លើទឹកដីប្រទេសឥណ្ឌា។ ជីវិតកុមារភាពក្នុងត្រកូលអ្នកសិល្បៈ Alia Bhatt បានប្រើពេលវេលាភាគច្រើនទៅលើការអានសៀវភៅរឿង មើលខ្សែភាពយន្តស្ទើរគ្រប់ប្រភេទ និងរស់នៅក្នុងបរិយាកាសនៃគំនិតច្នៃប្រឌិត។ ព្រោះតែទម្លាប់ប្រចាំថ្ងៃនិងឈាមជ័រសិល្បៈរត់ប្រដេញពេញខ្លួននេះហើយ Alia Bhatt បានចិញ្ចឹមចិត្តចង់ក្លាយជាតារាសម្តែងទាំងក្មេងខ្ចី។
ពិតដូចបំណង ឪពុក-ម្តាយរបស់នាងគាំទ្រយ៉ាងពេញទំហឹងលើបំណងប្រាថ្នាកូនស្រី ក្នុងវ័យ៦ឆ្នាំ ក្មេងស្រីតូចច្រម៉ក់រូបនេះ មានឱកាសចូលបង្ហាញខ្លួនជាលើកដំបូងនៅក្នុងឈុតសម្តែងរឿងភាគឆ្នាំ ១៩៩៩ ដែលមានចំណងជើងថា «Sangharsh»។ លុះឈានចូលដល់អាយុ១៨ឆ្នាំ Alia Bhatt បានលេចវត្តមានជាថ្មីម្តងទៀតក្នុងរឿងភាគ «Student of the Year (2012)»។
ដោយសារមានសមត្ថភាពមិនចាញ់ម្តាយ នាងបានឈ្នះពានរង្វាន់ Filmfare Critics Award សម្រាប់តារាសម្តែងឆ្នើមលើការដើរតួជាជនរងគ្រោះនៃការចាប់ពង្រាត់ក្នុងរឿង Highway (2014)។ មិនឈប់ត្រឹមនេះ Alia Bhatt បានបន្តអភិវឌ្ឍខ្លួនឥតឈប់ឈរក្នុងនាមជាតួសម្តែងខ្សែភាពយន្តជាច្រើនដែលផលិតដោយផលិតកម្ម Johar's Dharma Productions រហូតឈ្នះពានរង្វាន់ Filmfare ចំនួនបីបន្ថែមទៀតសម្រាប់តារាសម្តែងល្អបំផុតក្នុងរឿង Udta Punjab (2016) រឿង Raazi (2018) និងរឿង Gully Boy (2019)។ មិនតែប៉ុណ្ណោះកាលពីពេលថ្មីៗនេះ Alia Bhatt ទទួលបានពាក្យកោតសរសើរជាខ្លាំងពីសាធារណជនចំពោះការដើរតួជាតួអង្គឯកក្នុងរឿង Gangubai Kathiawadi (2022) ដែលធ្វើឲ្យប្រជាប្រិយភាពរបស់នាងកាន់តែល្បីល្បាញគួរឲ្យកត់សម្គាល់។
គួរជម្រាបផងដែរថា Bhatt Alia គឺជាតារាសម្តែងដ៏មានទេពកោសល្យម្នាក់និងមានប្រាក់ខែខ្ពស់បំផុតនៅក្នុងវិស័យភាពយន្តឥណ្ឌា។ ក្រៅពីអាជីពជាតួសម្តែង Alia Bhatt មានអាជីវកម្មផ្ទាល់ខ្លួនមួយទៀតឈ្មោះ Ed-a-Mamm ដែលជាយីហោសម្លៀកបំពាក់ បើកដំណើរការក្នុងឆ្នាំ២០២០។ លើសពីនេះ គេក៏សង្កេតឃើញវត្តមានរបស់តារាស្រីរូបនេះជាញឹកញាប់លើសកម្មភាពមនុស្សធម្ម ការការពារកុមារ និងការថែរក្សាបរិស្ថានភពផែនដីផងដែរ។ ជីវិតនៅលីវរបស់ Bhatt Alia ត្រូវបិទបញ្ចប់នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ ដោយបានរៀបការជាមួយលោក Ranbir Kapoo ជាតារាសម្តែងដូចគ្នា ខណៈនាក់ទាំងពីរចាប់ផ្តើមបង្កាត់ភ្លើងស្នេហ៍តាំងពីឆ្នាំ២០១៨ មកម្លេះ។
ខាងក្រោមនេះគឺជាសម្រង់សម្តីដ៏មានន័យខ្លីខ្លឹមទាំង៥ របស់តួអង្គឯក Gangubai ឬ Alia Bhatt៖
១/. លើលោកនេះគ្មានអ្វីដែលមានតម្លៃជាងទំនាក់ទំនងដ៏ស្មោះត្រង់ចំពោះគ្នានោះទេ
២/. ប្រសិនបើអ្នកចង់ហោះបានខ្ពស់ ចូលបោះចោលសម្ពាយគ្មានប្រយោជន៍គ្រប់យ៉ាងនៅលើស្មារបស់អ្នក
៣/. គ្រាន់តែជឿថាខ្លួនឯងអាចធ្វើបាន អ្នកបានដើរដល់ពាក់កណ្តាលផ្លូវនៃភាពជោគជ័យទៅហើយ
៤/. ពេលវេលានៃភាពស្ងៀមស្ងាត់ គឺជាពេលនៃរឿងអស្ចារ្យកំពុងចាប់ផ្តើមកើតឡើង
៥/. ការធ្វើអំពើល្អគឺហ្រី្វ ដូច្នេះចូលចែកចាយវាគ្រប់ទីកន្លែងដែលអ្នកបានទៅដល់៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ក្រដាស១សន្លឹក»
ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366