យុវសិស្ស រ៉ាឌី ភានុមា មានវ័យ១៥ឆ្នាំ នៃវិទ្យាព្រះស៊ីសុវត្ថិជំនាន់ថ្មី ដែលគេតែងស្គាល់ថាជាវិស្វករកម្ពុជាវ័យក្មេង ដែលតែងតែបញ្ចេញស្នាដៃរបស់ខ្លួន តាមរយ:ការគូរគំនូរឌីជីថល ជារូបគ្រឿងចក្រផ្សេងៗយ៉ាងស្ទាត់ជំនាញ។
យ៉ាងណាមិញនាពេលថ្មីៗនេះយុវសិស្ស រ៉ាឌី ភានុមា បានប្រឡងជាប់សញ្ញាបត្រ Solid Edge កម្រិត Expert ពីក្រុមហ៊ុន Siemens និងជោគជ័យក្នុងការផលិត SCARA Robot ថែមទៀតផង។
យោងតាមការចេញរបស់ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី២២ ខែកញ្ញា បានឱ្យដឹងថា “យុវសិស្ស រ៉ាឌី ភានុមា នៃសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ និងជាវិស្វករវ័យក្មេងកម្ពុជា ទទួលបានជោគជ័យក្នុងការប្រឡងជាប់សញ្ញាបត្រ Solid Edge កម្រិត Expert ពីក្រុមហ៊ុន Siemens និងជោគជ័យក្នុងការផលិត SCARA Robot។ បច្ចុប្បន្ន ភានុមា កំពុងសិក្សាគម្រោងមួយទៀត គឺការឌីហ្សាញ និងផលិតដៃរ៉ូបូតសម្រាប់លើកដាក់ក្នុងសង្វាក់ផលិតកម្មជាក់ស្តែង ដែលដៃរ៉ូបូតនោះ មានទំហ៊ំធំជាកម្រិតឧស្សាហកម្មតែម្តង។”
គួរជម្រាបផងដែរថាកុមារឌីជីថល រ៉ាឌី ភានុមា បានឌីហ្សាញ និងផលិត Robot Scara ដែលបម្រើក្នុងខ្សែសង្វាក់ផលិតកម្ម ក្នុងមុខងារលើក និងដាក់។ ភានុមា ក៏ដូចជាយុវជនជាច្រើនរូបផ្សេងទៀត បាននិងកំពុងទទួលការបណ្ដុះបណ្ដាលលើជំនាញបច្ចេកវិទ្យាសំខាន់ៗ ជាមួយ STEAMING Cambodia ដើម្បីកសាងសមត្ថភាពឌីជីថលក្នុងបដិវត្តន៍ឧស្សាហកម្ម ៤.០៕
អត្ថបទដោយ៖ ពីង ជូអេង