នៅក្នុងសម័យឌីជីថលដែលបច្ចេកវិទ្យាវិវត្តយ៉ាងឆាប់រហ័សនេះ គំនិតច្នៃប្រឌិត និងការមើលឃើញឱកាសក្នុងការបើកអាជីវកម្ម មិនមែនជាការងារសម្រាប់តែមនុស្សចាស់ដែលមានបទពិសោធន៍ច្រើនឆ្នាំនោះឡើយ។ ផ្ទុយទៅវិញ យុវជនជំនាន់ក្រោយជាច្រើនបានប្រែក្លាយចំណង់ចំណូលចិត្ត និងការដោះស្រាយបញ្ហាសាមញ្ញៗក្នុងជីវិតប្រចាំថ្ងៃ ឱ្យទៅជាអាជីវកម្មដែលមានតម្លៃរាប់លានដុល្លារ។ អត្ថបទនេះនឹងនាំអ្នកទាំងអស់គ្នាទៅស្វែងយល់ពីដំណើររឿងដ៏បំផុសគំនិតរបស់ Zach Yadegari យុវជនអាយុ ១៨ ឆ្នាំ ដែលបានបង្កើត App ឆ្លាតវៃ Cal AI រហូតរកចំណូលបាន $1.4M ក្នុងមួយខែ និងមេរៀនសំខាន់ៗដែលធ្វើឱ្យរូបគេទទួលបានជោគជ័យដ៏អស្ចារ្យនេះ។
១. ផ្តើមចេញពី ភាពធុញទ្រាន់ ខ្លួនឯង
រឿងរ៉ាវទាំងអស់បានចាប់ផ្តើមនៅពេលដែល Zach ចង់ទៅហាត់ប្រាណដើម្បីឡើងសាច់ដុំ។ គាត់បានទាញយក App រាប់កាឡូរី ដែលល្បីៗមកប្រើ ប៉ុន្តែប្រើបានតែ ៣ ថ្ងៃ គាត់ក៏ឈប់ប្រើវិញ។ មូលហេតុគឺដោយសារ App ទាំងនោះតម្រូវឱ្យគាត់ថ្លឹងអាហារ និង វាយបញ្ចូលទិន្នន័យច្រើនពេក នាំឱ្យលោកធុញធ្រាន់។
នៅពេលដែលបច្ចេកវិទ្យា AI ចាប់ផ្តើមល្បី Zach និងមិត្តភក្តិបានសួរខ្លួនឯងថា ហេតុអ្វីចាំបាច់ចុចបញ្ចូលទិន្នន័យ?
ចុះបើគ្រាន់តែថតរូបអាហារ ១ សន្លឹក ហើយឱ្យ AI គណនាកាឡូរីឱ្យតែម្តង? គំនិតសាមញ្ញមួយនេះហើយ ដែលជាចំណុចចាប់ផ្តើមនៃការបង្កើត Cal AI ឡើងមក។

២. រៀនសរសេរកូដតាំងពីអាយុ ៧ ឆ្នាំ
Zach មិនមែនទើបតែចេះសរសេរកូដនោះទេ លោកបានរៀនបង្កើតហ្គេមតាំងពីអាយុ ៧ ឆ្នាំ ព្រោះតែលោកចូលចិត្តលេងហ្គេម Minecraft។ នៅពេលដែល Cal AI ចាប់ផ្តើមដំណើរការល្អ លោកក៏បានសម្រេចចិត្តមិនចូលរួមការប្រឡងនៅសាលា ហើយមកអង្គុយធ្វើការ ៤០ ម៉ោងក្នុងមួយសប្តាហ៍ ដើម្បីពង្រីក App មួយនេះ។ សម្រាប់ Zach លោកចង់រកចំណូល និងបង្កើតអាជីវកម្មផ្ទាល់ខ្លួនជាជាងការធ្វើជាសិស្សធម្មតា។

៣. យុទ្ធសាស្ត្រជោគជ័យ
ភាពជោគជ័យដ៏ធំបំផុតរបស់ Cal AI គឺការចំណាយលុយលើ Influencers អ្នកល្បីលើ TikTok និង Instagram ដើម្បីឱ្យគេជួយថតផ្សាយ App នេះ។- ប៉ុន្តែវាមិនមែនងាយស្រួលនោះទេ! ក្រុមហ៊ុន Apple តែងតែទប់លុយទូទាត់រយៈពេល ៤៥ ថ្ងៃ ទើបវេរឱ្យក្រុមហ៊ុនវិញ។ ដូច្នេះ Zach ត្រូវប្រថុយចាក់លុយផ្ទាល់ខ្លួនរាប់ម៉ឺនដុល្លារមុនជារៀងរាល់ខែ ដើម្បីទប់ទល់នឹងការលូតលាស់របស់ App ទម្រាំបានដើមនិងប្រាក់ចំណេញមកវិញ។
៤. អាយុគ្រាន់តែជាតួលេខ!
ទោះបីជាមានលុយច្រើនតាំងពីក្មេង Zach នៅតែសម្រេចចិត្តចូលរៀនមហាវិទ្យាល័យ និងជួលផ្ទះរស់នៅជាមួយស្ថាបនិក App ក្មេងៗផ្សេងទៀត ដើម្បីក្រសោបយកបទពិសោធន៍នៅក្នុងជីវិតយុវវ័យ។
សរុបសេចក្តីមក Zach Yadegari និង Cal AI គឺបានបង្ហាញថា ជោគជ័យក្នុងអាជីវកម្មមួយគឺមិនអាស្រ័យលើអាយុ ឬបទពិសោធន៍រាប់សិបឆ្នាំនោះទេ ប៉ុន្តែវាអាស្រ័យលើសមត្ថភាពក្នុងការស្វែងយល់ពីបញ្ហាពិតប្រាកដរបស់មនុស្សជុំវិញខ្លួន រួចយកបច្ចេកវិទ្យាមកដោះស្រាយវាឱ្យចំចំណុច។
ប្រភពនៃអត្ថបទ :
- CNBC Make It


