លោកស្រី យ៉ង់ ហ៊ុយយ៉ាន (Yang Huiyan) ដែលជាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលទ្រព្យដ៏ធំមួយរបស់ចិនគឺ Country Garden បានធ្លាក់ចេញពីតំណែងសេដ្ឋិនីទី១ នៅអាស៊ីហើយ ក្រោយបានបាត់បង់ប្រាក់ជាង ៨០% នៃទ្រព្យសម្បតិ្ដសរុបរបស់លោកស្រី។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg លោកស្រីយ៉ានបានខាតបង់ប្រហែល ២៩ ពាន់លានដុល្លារចាប់តាំងពីឆ្នាំ ២០២១ មក។ ហើយកាលពីថ្ងៃអង្គារសប្ដាហ៍មុននេះ លោកស្រីបានបាត់បង់ប្រាក់ ៤៩០ លានដុល្លារផងដែរ ខណៈដែលក្រុមហ៊ុនរបស់លោកស្រីខកខានការទូទាត់ការប្រាក់។
លោកស្រីយ៉ាន ធ្លាប់ជាស្ត្រីអ្នកមានបំផុតនៅអាស៊ី បានបាត់បង់ទ្រព្យសម្បត្តិច្រើនជាងមហាសេដ្ឋីទាំងអស់ចាប់តាំងពីខែមិថុនា ឆ្នាំ ២០២១ នៅពេលដែលក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំរបស់ប្រទេសចិន Country Garden ជួបវិបត្តិបំណុល។
ប្រភពដដែលបន្ដថា ទ្រព្យសម្បត្តិសុទ្ធរបស់លោកស្រីយ៉ាន បានធ្លាក់ចុះ ៨៤% ឬស្នើ ២៨.៦ ពាន់លានដុល្លារចាប់តាំងពីខែមិថុនា ឆ្នាំ ២០២១។ បច្ចុប្បនុ្នទ្រព្យសម្បត្តិរបស់អ្នកជំនួញស្រីវ័យ ៤១ ឆ្នាំរូបមានចំនួន ៥.៥ ពាន់លានដុល្លារប៉ុណ្ណោះ។
ការខាតបង់ទាំងនេះកើតឡើងនៅពេលដែល Country Garden ខកខានការទូទាត់ការប្រាក់លើមូលបត្របំណុលចំនួនពីរដែលមានតម្លៃរាប់លានដុល្លារ។ ហើយឥឡូវនេះក្រុមហ៊ុនសល់ពេល ៣០ ថ្ងៃ ពោលគឺក្រុមហ៊ុននឹងធ្លាក់ក្នុងវិបត្តិបំណុល បើនៅតែគ្មានលទ្ធភាពសង។
ដោយឡែកភាគហ៊ុនដែលបានចុះបញ្ជីនៅហុងកុងរបស់ក្រុមហ៊ុន Country Garden បានធ្លាក់ចុះ ២០.៤% ចាប់តាំងពីថ្ងៃចន្ទសប្ដាហ៍មុន។ ខណៈលោកស្រីយ៉ានទទួលបានទ្រព្យសម្បត្តិជាច្រើនពីភាគហ៊ុននៅក្នុងក្រុមហ៊ុននេះដែលបានកាន់កាប់ចំនួន ៥២.៦%។
ក្រុមហ៊ុន Country Garden នៅតែជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតរបស់ប្រទេសចិនក្នុងការលក់ ប៉ុន្តែតម្លៃទីផ្សាររបស់ខ្លួនបានធ្លាក់ចុះជាងពាក់កណ្តាលចាប់តាំងពីដើមឆ្នាំ២០២៣នេះ។ ជាក់ស្ដែងនៅក្នុងខែកក្កដា ក្រុមហ៊ុនបានរាយការណ៍ពីការលក់គឺមានចំនួន ១២៨.៧៦ ពាន់លានយន់ ឬប្រហែល ១៧.៨ ពាន់លានដុល្លារ សម្រាប់រយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២៣ នេះ ដែលចំនួននេះគឺថយចុះ ៣០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
គួររំលឹកថា លោកស្រីយ៉ានបានក្លាយជាស្ត្រីមានបំផុតរបស់ប្រទេសចិននៅអាយុ ២៥ ឆ្នាំទទួលមរតកពីឪពុករបស់លោកស្រី និងក្លាយជាស្រីមានជាងគេទី១ នៅអាស៊ីផងដែរ។ ប៉ុន្ដែលោកស្រីបានបាត់បង់តំណែងជាស្ត្រីមានបំផុតនៅអាស៊ីក្នុងខែសីហាឆ្នាំ ២០២២ ទៅ ហើយតំណែងនេះបានធ្លាក់ទៅលើលោកស្រី Savitri Jindal ដែលជាស្ត្រីមានជាងគេបំផុតរបស់ឥណ្ឌា និងជាប្រធានក្រុមហ៊ុន OP Jindal Group៕


