ការចំណាយពេល ៧ ឆ្នាំសិក្សាជំនាញវេជ្ជសាស្ត្រ រហូតក្លាយជាសិស្សឆ្នើម និងទទួលបានសញ្ញាបត្រ «វេជ្ជបណ្ឌិត» គឺជាសមិទ្ធផលដ៏ធំមួយដែលមនុស្សភាគច្រើនសម្រេចចិត្តយកធ្វើជាអាជីពមួយជីវិត។ ប៉ុន្តែសម្រាប់ លោក សុវណ្ណរិទ្ធ ឬហៅថា Royce ដែលជាស្ថាបនិក Xtreme 4x4 Cambodia លោកបានសម្រេចចិត្ត បត់បែនខ្លួនឯង ឡើង ៣៦០ ដឺក្រេ ពីធ្វើការក្នុងបន្ទប់ពិគ្រោះជំងឺ ក្រោយរៀនចប់ មកកាន់វិស័យយានយន្តដែលពោរពេញដោយប្រេងម៉ាស៊ីន និងការប្រកួតប្រជែងខ្លាំងទៅវិញ។ តើអ្វីជាហេតុផលនៅពីក្រោយ សេចក្តីក្លាហាន ក្នុងការផ្លាស់ប្តូរទិសដៅជីវិតនេះ? ហើយតើចំណេះដឹងផ្នែកវេជ្ជសាស្ត្រ ត្រូវបានយកមកអនុវត្តយ៉ាងដូចម្តេច ដើម្បីបង្កើនចំណុចខ្លាំងក្នុងអាជីវកម្ម?
១.ការស្តាប់បេះដូងខ្លួនឯង មិនមែនជាការខាតបង់ពេលវេលា
ទោះបីជាបញ្ចប់ការសិក្សាថ្នាក់វេជ្ជបណ្ឌិត និងបានធ្វើការលើគម្រោងធំៗរយៈពេល ១-២ ឆ្នាំក៏ដោយ លោក Royce បានដឹងយ៉ាងច្បាស់ថា ចិត្តស្រលាញ់ពិតប្រាកដរបស់លោក គឺស្ថិតនៅលើបច្ចេកវិទ្យាយានយន្ត ដែលជាចំណូលចិត្តតាំងពីកុមារភាព ដោយសារធ្លាប់ជួយការងារឪពុកជាជាងជួសជុលម៉ាញ៉េ ទូរទស្សន៍។ លោក Royce បានចែករំលែកថា៖ «ការធ្វើការខុសជំនាញមិនមែនជារឿងខុសឆ្គងឡើយ សំខាន់បំផុតគឺយើងធ្វើវាដោយក្តីសប្បាយចិត្ត និងមិនបង្កផលប៉ះពាល់ដល់អ្នកដទៃ»។ មួយវិញទៀត លោកក៏បានបន្ថែមថា «លុយមកតាមក្រោយក្តីស្រលាញ់ និងការអភិវឌ្ឍ។ នៅពេលយើងធ្វើអ្វីដែលជាចំណង់ចំណូលចិត្ត យើងនឹងមានកម្លាំងចិត្តស្វែងយល់ និងអភិវឌ្ឍខ្លួនឥតឈប់ឈរ»។
២.ការទាញយកជំនាញផ្នែកវិជ្ជសាស្ត្រ មកប្រើក្នុងអាជីវកម្ម
លោក Royce បានចែករំលែកថា ការរៀនពេទ្យ ៧ ឆ្នាំ មិនមែនជាការខាតបង់នោះទេ ព្រោះវាបានបណ្តុះបណ្តាល ប្រព័ន្ធគិត និងក្រមសីលធម៌ យ៉ាងរឹងមាំ ពិសេសជំនាញវិភាគស៊ីជម្រៅ។ ដូចគ្នានឹងការពិនិត្យរោគសញ្ញាជំងឺដែរ ព្រោះការធ្វើក្នុងវិស័យជាងឡាន វាទាមទារការវិភាគរកឫសគល់នៃបញ្ហាឲ្យចំផងដែរ។ ទីពីរ ក្រមសីលធម៌ និងការទទួលខុសត្រូវ ព្រោះក្នុងវិស័យសុខាភិបាល ភាពស្មោះត្រង់ ជាជីវិត។ ពេលយកមកប្រើក្នុងអាជីវកម្មយានយន្ត លោកផ្តោតលើគុណធម៌ សច្ចធម៌ និងមិនឆក់ឱកាសលើអតិថិជនឡើយ។
៣.យុទ្ធសាស្ត្រជំនួញ
«កុំប្រកួតប្រជែងជាមួយមនុស្សទាំងអស់គ្នា» មេរៀនសំខាន់បំផុតមួយដែលលោក Royce បានសង្កត់ធ្ងន់ គឺការកំណត់ទីផ្សារគោលដៅឲ្យច្បាស់ ដូចជាបង្កើតឯកទេសផ្ទាល់ខ្លួន។ ជាក់ស្ដែង Xtreme 4x4 Cambodia មិនទទួលធ្វើជួសជុលឡានទូទៅ ពី A ដល់ Z ឡើយ ប៉ុន្តែផ្តោតលើ ឯកទេសប្រព័ន្ធបូម និងគ្រឿងក្រោមរថយន្ត ជាពិសេសសម្រាប់រថយន្តលក្ខណៈគ្រួសារ។ មួយទៀត បម្រើតម្រូវការជាក់លាក់ ព្រោះរថយន្តដែលចេញពីរោងចក្រ ត្រូវ បានដំឡើងតាមស្តង់ដារទូទៅរួចរាល់ទៅហើយ។ ប៉ុន្តែការកែប្រែប្រព័ន្ធបូម គឺដើម្បីឆ្លើយតបនឹង រសជាតិ និងតម្រូវការប្រើប្រាស់ពិតប្រាកដរបស់ម្ចាស់ដើម។ បន្ថែមពីនោះ ការដំឡើងរូបមន្តក្នុងស្រុក ជំនួសឲ្យការនាំចូលបូមស្រេចៗមកលក់ លោកបានស្រាវជ្រាវនាំចូលគ្រឿងបន្លាស់ស្តង់ដារ (ដូចជាប្រេងអាឡឺម៉ង់ រដស័រតៃវ៉ាន់) មកដំឡើងតាមរូបមន្តសមស្របនឹងស្ថានភាពផ្លូវ និងការបើកបរក្នុងស្រុក។
៤.មេរៀនអាជីវកម្មសំខាន់ដែលគួរយកជាគំរូ
-សញ្ញាបត្រជាគ្រឹះ ប៉ុន្តែការរៀបចំជីវិត វាផ្អែកលើភាពរីករាយ។ ចំណេះដឹងដែលបានរៀន មិនបាត់បង់ទេ វាដើរតួជា ចំណុចខ្លាំងប្លែកពីគេ ពេលយកទៅបត់បែនប្រើក្នុងវិស័យផ្សេង។
-ស្គាល់ខ្លួនឯង ស្គាល់អតិថិជន។ កុំព្យាយាមលក់ឲ្យមនុស្សទាំងអស់គ្នា! ការធ្វើជាអ្នកឯកទេសលើផ្នែកណាមួយ ជួយកាត់បន្ថយគូប្រកួតប្រជែង និងទាញយកទំនុកចិត្តបានយូរអង្វែង។
-គុណធម៌ជាបេះដូងនៃការរកស៊ី។ មិនថាធ្វើពេទ្យ ឬធ្វើជាងឡាន ភាពស្មោះត្រង់ជាមួយអតិថិជន គឺជាគ្រឹះតែមួយគត់ដែលធ្វើឲ្យអាជីវកម្មឈរជើងបានរឹងមាំ៕


