ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីជូនដំណឹងស្ដីពីកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក “WULING” និង BAOJUN ដែលមានភ្ជាប់ម៉ូដែលមកជាមួយ ក្នុងប្រទេសកម្ពុជា របស់ក្រុមហ៊ុន អេហ្វ ឌី អូតូ (ខេមបូឌា) អ៊ិនធើណេសិនណល ត្រេដ ឯ.ក។
យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹង និងបានឯកភាពកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តពាក់ម៉ាកខាងលើរបស់ក្រុមហ៊ុន អេហ្វឌី អូតូ (ខេមបូឌា) អិនធើណេសិនណល ត្រេដ ឯ.ក នៅប្រទេសកម្ពុជា ដែលទទួលបានពីក្រុមហ៊ុន Saic-Gm-Wuling Automobile Co., Ltd. ដូចមានចែង ក្នុងលិខិតប្រគល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខដែលក្រសួងបានតម្កល់ទុករួចហើយ។

លិខិតកត់ត្រា និងតម្កល់សិទ្ធិផ្តាច់មុខនេះមានសុពលភាពដោយគិតចាប់ពីថ្ងៃចុះហត្ថលេខា។
ចាប់ពីក្រោយរយៈពេល ៩០(កៅសិប)ថ្ងៃ គិតចាប់ពីថ្ងៃចុះហត្ថលេខាលើលិខិតកត់ត្រានិងតម្កល់សិទ្ធិផ្តាច់មុខនេះអ្នក ទទួលសិទ្ធិស្របច្បាប់មានសិទ្ធិប្ដឹងទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការរារាំងទំនិញដែលនាំចូលស្របគ្នា។

អាស្រ័យហេតុនេះ ក្រុមហ៊ុននឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះរាល់ការនាំចូល និងចែកចាយរថយន្ត ម៉ាក “WULING” និង BAOJUN ដែលមានភ្ជាប់ម៉ូដែលមកជាមួយ ពីសំណាក់ក្រុមហ៊ុន ឬបុគ្គលណាដែលមិនទទួលបានសិទ្ធិនាំចូលស្របច្បាប់។
គួរបញ្ជាក់ថា អេហ្វ ឌី អូតូ (ខេមបូឌា) គឺជាក្រុមហ៊ុនដែលមានការអនុញ្ញាតតែមួយគត់ពី SAIC-GM-Wuling Automobile Co., Ltd.។ រថយន្ត Wuling និង Baojun ទាំងពីរត្រូវបានផលិតដោយ SAIC-GM-Wuling Automobile Co., Ltd.៕

សូមអានសេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម ទាំងស្រុង៖













