ធនាគារពិភពលោកបានអនុម័តហិរញ្ញប្បទានចំនួន ៨០លានដុល្លារអាមេរិកមកដល់កម្ពុជា ដើម្បីធ្វើការលើកកម្ពស់គុណភាព នៃការអប់រំ និងការស្រាវជ្រាវនៅកម្រិតឧត្តមសិក្សា ជាពិសេសផ្នែកវិទ្យាសាស្រ្ត, បច្ចេកវិទ្យា, វិស្វកម្ម និងគណិតវិទ្យា ឬ STEM។
យោងតាមការបញ្ជាក់ពីធនាគារពិភពលោកនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ បានឲ្យដឹងថា ក្រុមប្រឹក្សានាយកប្រតិបត្តិរបស់ធនាគារ បានអនុម័តផ្តល់ហិរញ្ញប្បទានចំនួន ៨០លានដុល្លារអាមេរិក សម្រាប់ជួយដល់កិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងការលើកកម្ពស់គុណភាពនៃការអប់រំ និងការស្រាវជ្រាវនៅកម្រិតឧត្តមសិក្សា ជាពិសេសផ្នែកវិទ្យាសាស្ត្រ, បច្ចេកវិទ្យា, វិស្វកម្ម និងគណិតវិទ្យា ឬ (STEM)។ មូលនិធិសម្រាប់គម្រោងនេះបានមកពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដែលជាអង្គភាពផ្តល់ប្រាក់កម្ចីសម្បទានរបស់ធនាគារពិភពលោក សម្រាប់បណ្តាប្រទេសមានចំណូលទាប។
គម្រោងដែលមានរយៈពេលប្រាំមួយឆ្នាំនេះនឹងគាំទ្រដល់កិច្ចប្រឹងប្រែងរបស់គ្រឹះស្ថានឧត្តមសិក្សាសាធារណៈចំនួនប្រាំបួន ក្នុងការបណ្តុះបណ្តាលនិស្សិតឱ្យរៀនចប់ប្រកបដោយសមត្ថភាព និងក្នុងការផលិតការស្រាវជ្រាវនានា សម្រាប់រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស។ តាមការរំពឹងទុក និស្សិតប្រហែល ៣២ ០០០នាក់ ក្នុងនោះនិស្សិតនារីប្រហែល ១៣ ០០០ នាក់ នឹងទទួលអត្ថប្រយោជន៍ពីការអនុវត្តសកម្មភាពនានារបស់កម្មវិធី ដែលរួមមាន ការអាប់ដេតកម្មវិធីសិក្សា, ការបណ្តុះបណ្តាលគ្រូឧទ្ទេស, និងការធ្វើឌីជីថលកម្មនៃយន្តការផ្តល់ការសិក្សាអប់រំ៕