ទម្លាប់គឺនៅជាមួយមនុស្សពេញមួយជីវិត តាំងពីកើតរហូតដល់វិនាទីចុងក្រោយ។ ដូច្នេះទម្លាប់ប្រចាំថ្ងៃគឺមានឥទ្ធិពលណាស់លើការរស់នៅ បើទម្លាប់យើងល្អការរស់នៅរបស់យើងក៏ល្អ បើទម្លាប់អាក្រក់ជីវិតពិតជាដុនដាបទៅតាមទម្លាប់ជាក់ជាមិនខាន។
យ៉ាងណាមិញCEO ឆ្នើមពីររូបដែលជាសហគ្រិន និងជាស្រ្តីដែលឆ្នើមមានកេរ្ត៍ឈ្មោះបោះសំឡេង បានចែករំលែកអំពីទម្លាប់ប្រចាំថ្ងៃរស់នៅល្អ ធ្វើការមិនស្រ្តេស ធ្វើឱ្យការងាររកស៊ីដើរទៅមុខលឿន។
១. លោកជំទាវ តាំងហ្គិច លៀង អគ្គនាយិកាក្រុមហ៊ុន H&L Group
លោកជំទាវគឺជាអ្នកដឹកនាំមួយរូបដែលមហាជនជាច្រើនស្គាល់និងបានទទួលការចែករំលែកអំពីគន្លឹះក្នុងការធ្វើជំនួញ ការបង្កើតសុភមង្គលក្នុងគ្រួសារនិងការលើកទឹកចិត្តជាដើម។
ស្រ្តីឆ្នើមរូបនេះបានចែករំលែកអំពីទម្លាប់ផ្ទាល់ខ្លួនរបស់ខ្លួនយ៉ាងដូច្នេះថា ”ខ្ញុំមានទម្លាប់ប្រកួតប្រជែងជាមួយខ្លួនឯង យកឈ្នះខ្លួនឯង ហើយចូលចិត្តរស់នៅក្នុងសម្ពោធ បើថាធ្វើការងារអ្វីមួយខ្ញុំធ្វើឱ្យល្អបំផុត ហើយធ្វើម៉េចឱ្យខ្លួនឯងប្រសើរជាងម្សិលមិញ ពេលមានបញ្ហាខ្ញុំចូលដោះស្រាយភ្លាមៗ បញ្ហាណាដែលលំបាកជាងគេខ្ញុំធ្វើវាមុនគេ ប្រសិនបើខ្ញុំនៅពន្យារពេលយូរវាកាន់តែស្ត្រេសនិងពិបាកដោះស្រាយ ហើយដោះដោយមានទម្លាប់គិតវិជ្ជមានទើបមានប្រសិទ្ធិភាព ”។
២. លោកស្រី ចេន សុភាព ស្ថាបនិកនិងជាអគ្គនាយិកាកីតម្បាញខ្មែរ
លោកស្រីចេន សុភាពគឺជាស្រ្តីមួយរូបដែលប្រកបអាជីវកម្មបែបខ្មែរ ផលិតផលកេរ្ត៍ដូនតាខ្មែរ គឺកីតម្បាញ ដែលស្រ្តីឆ្នើមរូបនេះតែងតែចែករំលែកចំណេះដឹងអភិវឌ្ឍន៍ខ្លួននិង ភាពជាអ្នកដឹកនាំ។
ក្នុងនោះលោកស្រីបានលើកឡើងអំពីទម្លាប់ដែលនាំឱ្យលោកស្រីអភិវឌ្ឍន៍ខ្លួនបានលឿនរហ័សជីវិតមិនសូវស្មុគស្មាញ “ ចំណេះដឹងដែលខ្ញុំមាន ៧០% គឺបានមកពីអានសៀវភៅ ខ្ញុំអានទាំងសៀវភៅខ្មែរ និងអង់គ្លេសការអាន ជួយឱ្យខ្ញុំមានភាពរីករាយនិងគេងលក់ស្រួល តាំងពីក្មេងមកដល់វ័យនេះ ខ្ញុំគេងលក់ស្កប់រាល់យប់ ជាពិសេសខ្ញុំអត់ដែលពិបាកចិត្ត និងគិតពេលដល់ម៉ោងខ្ញុំគេងនោះទេ។ ដូច្នេះសាកទម្លាប់ អានសៀវភៅលេងៗតាមខ្ញុំបងប្អូននឹងដឹងថា សៀវភៅជាថ្នាំងងុយគេងដ៏សាកសិទ្ធិ និងជាថ្នាំទិព្វដែលជួយឱ្យបងប្អូនពូកែជាងមុន”។
មែនទែនទៅនរណាក៏មិនអាចជៀសរួចពីបញ្ហាឬស្រ្តេសនោះឡើយ ទោះជាមនុស្សពូកែបែបណាក្តីប៉ុន្តែមនុស្សពូកែគឺជាមនុស្សដែលឈ្លាសវៃក្នុងការដោះស្រាយបញ្ហា ព្រោះផ្លូវចិត្តរឹងមាំ ហើយផ្លូវចិត្តរឹងមាំគឺកើតអំពីទម្លាប់ប្រចាំថ្ងៃ ការគិតរបស់មនុស្សម្នាក់ៗផ្សេងៗពីគ្នា។ ដើម្បីស្វែងរកទម្លាប់មួយដែលធ្វើឱ្យយើងពូកែនិងមានលំនឹងផ្លូវចិត្តច្រើនជាងមុនបងប្អូនអាចសាកល្បងទម្លាប់នានា ដើម្បីស្វែងរកទម្លាប់ណាមួយដែលសាកសមជាមួយបងប្អូន ហើយអនុវត្តវាជាប្រចាំនោះយើងនឹងឃើញខ្លួនឯងផ្លាស់ប្តូរម្តងបន្តិចៗជាមិនខាន៕
អត្ថបទដោយ៖ ពីង ជូអេង