អគារធនាគារ វីងថៅវើ ក្លាយជាអត្តសញ្ញាណថ្មីមួយនៃរាជធានីភ្នំពេញ
Daneth MechDECEMBER 20 2023

អគារធនាគារ វីងថៅវើ រំលេចខ្លួនយ៉ាងខ្ពស់ត្រដែត ដែលបង្ហាញពីភាពលេចធ្លោរបស់ខ្លួនជាមជ្ឈមណ្ឌលហិរញ្ញវត្ថុប្រកបដោយទំនុកចិត្តខ្ពស់ និងនវានុវត្តន៍ ក្នុងនាមជាគ្រឹះស្ថានធនាគារឌីជីថលឈានមុខនៅកម្ពុជា។

អគារធនាគារ វីងថៅវើ ដែលជាសំណង់ស្ថាបត្យកម្មដ៏ល្អឯក និងជានិមិត្តរូបនៃភាពប៉ិនប្រសព្វក្នុងការច្នៃប្រឌិត បានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅចំកណ្តាលនៃរាជធានីភ្នំពេញ។ ជាមួយនឹងកម្ពស់រហូតដល់ ១២០ ម៉ែត្រ ស្ថិតនៅតាមមហាវិថីមមាញឹកមួយ អគារធនាគារ វីងថៅវើ គឺជាសក្ខីភាព ដែលបានបង្ហាញពីភាពរីកចម្រើននៃវិស័យធនាគារឌីជីថលនៅក្នុងប្រទេសកម្ពុជា។

ពិធីសម្ពោធជាផ្លូវការនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយវត្តមានអ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់មន្រ្តីរាជរដ្ឋាភិបាលជាន់ខ្ពស់ និងធុរជនជាច្រើនរូបទៀត ដែលបានធ្វើឲ្យកម្មវិធីនេះក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៃវិស័យហិរញ្ញវត្ថុនៅកម្ពុជា។

Photo 2023 12 20 12 59 47 (2)

Photo 2023 12 20 12 59 47

Photo 2023 12 20 12 59 45

Photo 2023 12 20 12 59 48

អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍ថា៖ «យើងខ្ញុំពិតជាមានមោទកភាពយ៉ាងក្រៃលែង ចំពោះការសម្ពោធបើកឲ្យដំណើរការអគារធនាគារ វីងថៅវើ នាឱកាសនេះដែលជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតឈប់ឈរក្នុងការជំរុញវឌ្ឍនភាព និងការធ្វើបរិវត្តកម្មវិស័យធនាគារនៅក្នុងប្រទេសកម្ពុជា។ សំណង់អគារដ៏លេចធ្លោនេះបង្ហាញពីការយកចិត្តទុកដាក់របស់យើងខ្ញុំក្នុងការផ្តល់ដំណោះស្រាយធនាគារឌីជីថលដ៏ទំនើប សំដៅជំរុញបរិយាបន្នហិរញ្ញវត្ថុ ក៏ដូចជាជួយសម្រួលទៅដល់ប្រជាពលរដ្ឋគ្រប់រូបអាចទទួលបានឱកាសរីកចម្រើនឆ្ពោះទៅមុខក្នុងយុគសម័យឌីជីថល។»

អគារធនាគារ វីងថៅវើ មានទីតាំងស្ថិតនៅលើមហាវិថីព្រះមុនីវង្ស ដែលនៅមិនឆ្ងាយពីអគារពាណិជ្ជកម្មសំខាន់ៗ កន្លែងស្នាក់នៅប្រណីតៗ និងតំបន់ហាងទំនិញដ៏ពេញនិយមជាច្រើន។

លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ «ការប្តេជ្ញាចិត្តរបស់យើងខ្ញុំក្នុងការផ្តោតយកចិត្តទុកដាក់លើអតិថិជន ការលើកកម្ពស់បរិយាបន្ន និងភាពងាយស្រួលប្រើប្រាស់សេវាហិរញ្ញវត្ថុ បានជំរុញចក្ខុវិស័យរបស់យើងឲ្យក្លាយជា 'ធនាគារសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប' ដោយផ្តល់លទ្ធភាពដល់អតិថិជនគ្រប់មជ្ឍដ្ឋានឲ្យទទួលបាននូវដំណោះស្រាយឌីជីថលដ៏ទំនើបដែលការលើកកម្ពស់សុខុមាលភាពហិរញ្ញវត្ថុរបស់ពួកគេឲ្យបានកាន់តែប្រសើរ។»

អគារធនាគារ វីងថៅវើ ដែលប្រកបដោយភាពលេចធ្លោ  ត្រូវបានរចនាឡើងដោយមានការគិតគូរពីនិរន្តភាពនៅលើផ្ទៃអគារទាំងមូល។ ជាមួយនឹងការប្រើប្រាស់ផ្ទៃជញ្ជាំងកញ្ចក់ដ៏ទំនើប ដោយបំពាក់នូវកញ្ចក់ពីរផ្នត់ផ្អឹបជាប់គ្នា ដែលអាចឲ្យពន្លឺធម្មជាតិអាចជះចូលបានយ៉ាងគ្រាប់គ្រាន់ទៅក្នុងអគារ និងអាចកាត់បន្ថយកម្តៅបានយ៉ាងល្អប្រសើរផងដែរ។ ហេតុផលនេះ គឺបានជួយដល់ការកាត់បន្ថយការប្រើប្រាស់ថាមពល និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ដោយផ្តល់ផលល្អសម្រាប់បរិស្ថាន ដែលកត្តានេះស្របតាមការប្តេជ្ញាចិត្តរបស់ធនាគារ វីង ចំពោះនិរន្តរភាពបរិស្ថាន និងក្នុងនាមជាសាជីវកម្មដែលមានទំនួលខុសត្រូវចំពោះសង្គម។

Photo 2023 12 20 12 59 46

Photo 2023 12 20 12 59 45 (3)

Photo 2023 12 20 12 59 45 (2)

អគារធនាគារ វីងថៅវើ ដែលមានកម្ពស់ ២៥ជាន់ ជាទីស្នាក់ការកណ្តាលរបស់ធនាគារ វីង ជាទីមោទកភាព ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយបានវិវត្តខ្លួនពីក្រុមហ៊ុនផ្តល់សេវាផ្ទេរប្រាក់ទៅជាធនាគារពាណិជ្ជពេញលេញ។ ផ្នែកនៃអគារនេះចំនួន ៣ជាន់ត្រូវបានរចនាឡើងយ៉ាងពិសេសដើម្បីផ្តល់សេវាកម្មធនាគារជូនដល់អតិថិជនទូទៅ ក៏ដូចជាភ្ញៀវ VIP និង VVIP ក្នុងការទទួលបានសេវាធនាគារប្រកបដោយប្រណីតភាព និងឯកជនភាពបំផុត។ បន្ថែមលើភាពទាក់ទាញទាំងនេះ អគារធនាគារ វីងថៅវើ ក៏មានមជ្ឈមណ្ឌលនវានុវត្តន៍ ដែលជាទីតាំងសម្រាប់ធនាគារ វីង បន្តនូវចក្ខុវិស័យយ៉ាងសកម្មរបស់ខ្លួនក្នុងការដឹកនាំបង្កើតនូវដំណោះស្រាយឌីជីថលសម្របតាមតម្រូវការប្រជាជនកម្ពុជាគ្រប់រូប។

ការគិតឆ្ពោះទៅមុខ ដើម្បីក្លាយជាធនាគារដែលមានការរួមបញ្ចូលគ្នារវាងសេវាធនាគារបែបប្រពៃណី និងសមត្ថភាពឌីជីថល របស់ធនាគារ វីង បានបង្ហាញយ៉ាងច្បាស់នៅលើជញ្ជាំងអគារធនាគារ វីងថៅវើ។ តាមរយៈកម្មវិធី Wing Bank App ដ៏ទំនើបរបស់ខ្លួនដែលដំណើរការដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត អតិថិជនអាចរីករាយជាមួយសេវាកម្មហិរញ្ញវត្ថុដ៏សំបូរបែបនៅលើចុងម្រាមដៃរបស់ពួកគេបានយ៉ាងងាយស្រួល។

Photo 2023 12 20 12 59 48 (2)

ការប្តេជ្ញាចិត្តរបស់ធនាគារ វីង ចំពោះបរិយាបន្ន និងការផ្តល់សិទ្ធិអំណាចផ្នែកហិរញ្ញវត្ថុ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈកំណើនប្រតិបត្តិការអាជីវកម្មរបស់ខ្លួនដ៏គួរឲ្យកត់សម្គាល់។ បច្ចុប្បន្នធនាគារ វីង មានការិយាល័យប្រតិបត្តិការចំនួន ២១ទីតាំង រួមជាមួយបណ្តាញវីង ១៥.០០០ កន្លែង ដែលបានបម្រើសេវាកម្មទៅដល់អ្នកប្រើប្រាស់ជាង ១៤,៥លានគណនី។ សមិទ្ធផលដ៏គួររឲ្យកត់សម្គាល់នេះអាចសម្រេចទៅបានដោយសារកម្លាំងសាមគ្គី និងការចូលរួមរបស់ក្រុមការងារ និងបុគ្គលិកទាំងអស់ ដែលបច្ចុប្បន្នមានចំនួនជិត ៣.០០០នាក់ ជាមួយនឹងការយកចិត្តទុកដាក់ចំពោះសមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចទៅដល់ស្រ្តីនៅក្នុងវិស័យធនាគារ។ 

បន្ថែមលើនេះ កិច្ចសហការជាយុទ្ធសាស្ត្រជាមួយដៃគូធំៗជាច្រើនដូចជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Prudential (Cambodia) Life Assurance ក្រុមហ៊ុន UnionPay ក្រុមហ៊ុនវីសា និងក្រុមហ៊ុនម៉ាស្ទ័រកាត ក្រុមហ៊ុនAlipay ក្រុមហ៊ុនWeChat ក្រុមហ៊ុនMoneyGram ក្រុមហ៊ុនWestern Union ក្រុមហ៊ុនRia និងក្រុមហ៊ុនOracle ជាដើម បានធ្វើឲ្យធនាគារ វីង អាចបង្កើតបានជាប្រព័ន្ធធនាគារដ៏រឹងមាំមួយ។ ភាពជាដៃគូទាំងនេះបានបង្កើតជាទិដ្ឋភាពហិរញ្ញវត្ថុមួយដែលផ្សាភ្ជាប់គ្នាទៅវិញទៅមកឥតអាក់ខាន ហើយបានជួយឲ្យអាជីវកម្មចំនួន១៧០.០០0 ស្ថាប័នរដ្ឋាភិបាលចំនួន ១០ស្ថាប័ន សហគ្រាសធុនតូច និងមធ្យមចំនួន ៣.០០០ សហគ្រាស និង  ក្រុមហ៊ុនឯកជនចំនួន​ ៦០០ ទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធធនាគារដ៏រឹងមាំមួយនេះ៕

Photo 2023 12 20 12 59 50

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia