ធនាគារ វីង លើកកម្ពស់សោភ័ណភាពសាលារៀននៅខេត្តកំពត ដើម្បីសុខុមាលភាព និងការសិក្សារបស់កុមារ
Toeuy HongJUNE 3 202639 views

ដើម្បីអបអរសាទរទិវាកុមារអន្តរជាតិ ធនាគារ វីង បានជួយកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងផ្ដល់ជូននូវសម្ភារៈសិក្សាដល់សាលាបឋមសិក្សាសង្គ្រោះជាតិក្នុងខេត្តកំពតដើម្បីលើកកម្ពស់សុខុមាលភាព និងបរិយាកាសរៀនសូត្ររបស់សិស្សានុសិស្សឱ្យកាន់តែប្រសើរ។

H7

ធនាគារ វីង បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ដើម្បីនាំយកស្នាមញញឹម និងក្តីរីករាយជូនដល់សិស្សានុសិស្សជិត ៣០០ នាក់ នៅសាលាបឋមសិក្សាសង្គ្រោះជាតិក្នុងខេត្តកំពត តាមរយៈការឧបត្ថម្ភសម្ភារសិក្សា និងបរិក្ខារចាំបាច់នានា សរុបជាទឹកប្រាក់ ៣២.៤៦០.០០០ រៀល ដើម្បីចូលរួមបង្កើតបរិយាកាសសិក្សាឱ្យកាន់តែមានសោភណភាព និងផាសុកភាពសម្រាប់កុមារក្នុងសហគមន៍។

 H6

សាលាបឋមសិក្សាសង្គ្រោះជាតិ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៧ មានទីតាំងស្ថិតនៅចម្ងាយប្រហែល ៥០ គីឡូម៉ែត្រពីទីរួមខេត្តកំពត គឺជាកន្លែងផ្តល់ការអប់រំដល់សិស្សានុសិស្សកម្រិតបឋមសិក្សា និងមត្តេយ្យសិក្សានៅក្នុងសហគមន៍មូលដ្ឋាន។ ដូចទៅនឹងសាលារៀននៅតាមតំបន់ជនបទដទៃទៀតដែរ សាលានេះតែងតែជួបប្រទះនូវបញ្ហាប្រឈមជាប្រចាំ ក្នុងការថែទាំសម្ភារៈបរិក្ខារផ្សេងៗ ដើម្បីគាំទ្រដល់ការសិក្សាប្រកបដោយប្រសិទ្ធភាព សុខុមាលភាពរបស់សិស្ស និងការផ្តល់លទ្ធភាពទទួលបានស្មើៗគ្នានូវបរិយាកាសអប់រំដ៏ល្អប្រសើរ។

 H4

លោក ឡៅ សៀងហៃ​ នាយកគ្រប់គ្រងធនធានមនុស្ស និងវប្បធម៌ការងារនៃធនាគារ វីង បានលើកឡើងថា៖ "កុមារនឹងក្រេបយកចំណេះដឹងបានល្អបំផុត នៅពេលដែលពួកគេទទួលបាន អារម្មណ៍រីករាយ មានសុវត្ថិភាព និងការគាំទ្រគ្រប់គ្រាន់។ តាមរយៈគំនិតផ្ដួចផ្ដើមក្នុងឱកាសទិវាកុមារនេះ យើងមិនត្រឹមតែចង់ផ្តល់នូវស្នាមញញឹមដល់សិស្សានុសិស្សប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីចូលរួមកែលម្អបរិយាកាសសិក្សាឱ្យកាន់តែប្រសើរឡើងតាមរយៈគំនិតផ្តួចផ្តើមដែលមានអត្ថន័យបំផុត។ យើងសង្ឃឹមថា សកម្មភាពនេះនឹងក្លាយជាការលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្ស ឱ្យថែរក្សាសុខភាពឱ្យបានល្អ ខិតខំរៀនសូត្រ រីករាយនឹងការសិក្សារាល់ថ្ងៃ និងជឿជាក់លើឱកាសល្អៗជាច្រើននៅថ្ងៃអនាគត ដែលផ្តើមចេញពីការទទួលបានការអប់រំនៅថ្ងៃនេះ។"

H3

ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សាលា ធនាគារ វីង បានផ្តល់ជូននូវសម្ភារៈបរិក្ខារចាំបាច់នានា រួមមាន៖ ស៊ីទែនផ្ទុកទឹកស្អាត បង់អង្គុយសម្រាកក្រោមដើមឈើ អំពូលភ្លើងដើរដោយថាមពលព្រះអាទិត្យ និងទូរទស្សន៍ ដើម្បីគាំទ្រដល់សកម្មភាពសិក្សាក្នុងថ្នាក់ឱ្យកាន់តែរស់រវើក។ បន្ថែមពីនេះ ទីធ្លាសាលាក៏ត្រូវបានចាក់ថ្មបំពេញដើម្បីកាត់បន្ថយភក់ជ្រាំក្នុងរដូវវស្សា ក៏ដូចជាជួសជុលបន្ទប់ទឹកនិងលាបថ្នាំថ្មី ដើម្បីលើកកម្ពស់អនាម័យ សុវត្ថិភាព ដើម្បីផ្តល់ផាសុកភាពដល់សិស្សានុសិស្សផងដែរ។

H2  

ទន្ទឹមនឹងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ធនាគារ វីង ក៏បានផ្ដល់ជូននូវសម្ភារៈសិក្សាចាំបាច់នានា ដើម្បីជួយសម្រួលដល់ការសិក្សាប្រចាំថ្ងៃរបស់សិស្សានុសិស្ស។ ការឧបត្ថម្ភនេះ មិនត្រឹមតែជួយកាត់បន្ថយឧបសគ្គក្នុងការរៀនសូត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញទឹកចិត្តឱ្យពួកគេកាន់តែផ្ដោតលើការសិក្សាឱ្យបានពូកែផងដែរ។

 

មិនត្រឹមតែប៉ុណ្ណោះ  បុគ្គលិកធនាគារ វីង ក៏បានចំណាយពេលប្រាស្រ័យទាក់ទងយ៉ាងស្និទ្ធស្នាលជាមួយសិស្ស តាមរយៈការលេងកម្សាន្ត និងសកម្មភាពនានា ដែលធ្វើឱ្យការអបអរទិវាកុមារនេះ កាន់តែមានអត្ថន័យ និងពោរពេញដោយស្នាមញញឹម។

 

លោក ញ៉ែម ផាន នាយកសាលាបឋមសិក្សាសង្គ្រោះជាតិ បានមានប្រសាសន៍ថា៖ "ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារ វីង និងបុគ្គលិកទាំងអស់ សម្រាប់ទឹកចិត្តសប្បុរស និងការយកចិត្តទុកដាក់។ អំណោយដ៏ថ្លៃថ្លាទាំងនេះ នឹងជួយកែលម្អបរិយាកាសសិក្សាឱ្យរបស់សាលាយើង ព្រមទាំងផ្ដល់នូវកន្លែងដ៏សមរម្យសម្រាប់កុមារក្នុងការរៀនសូត្រ លេងកម្សាន្ត និងការលូតលាស់ជារៀងរាល់ថ្ងៃ។

គំនិតផ្ដួចផ្ដើមក្នុងឱកាសទិវាកុមារនេះ បង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តឥតឈប់ឈររបស់ធនាគារ វីង ក្នុងការគាំទ្រដល់វិស័យអប់រំ សុខុមាលភាពកុមារ និងការអភិវឌ្ឍសហគមន៍នៅទូទាំងប្រទេសកម្ពុជា។ នេះគឺជាការចូលរួមកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ ដើម្បីឱ្យកុមារអាចរៀនសូត្រដោយទំនុកចិត្ត និងលូតលាស់ឆ្ពោះទៅរកអនាគតដ៏ត្រចះត្រចង់៕

 H

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia