ធនាគារ វីង (ខេមបូឌា) ម.ក ប្រកាសផ្តល់ឥណទានចំនួន ៥០០ លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម, ធុរកិច្ចថ្មី និងសហគ្រិនស្ត្រី តាមរយៈកិច្ចសហការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្ត្រី អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ ។



ធនាគារ វីង បានប្រកាសផ្តល់ឥណទានចំនួន ១០០ លានដុល្លារអាមេរិក តាមរយៈមជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្ត្រី នៃក្រសួងកិច្ចការនារី។ ឥណទាននេះ មានគោលបំណងជំរុញស្ត្រីនៅកម្ពុជា ឱ្យអាចចាប់ផ្តើម និងពង្រីកអាជីវកម្ម ស្របតាមការអំពាវនាវរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសសម្ពោធជាផ្លូវការនូវមជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្ត្រីនៅរាជធានីភ្នំពេញ។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ វីង និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានបញ្ជាក់ពីសារៈសំខាន់នៃការគាំទ្រសហគ្រិនស្ត្រី ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍជាតិ។
បន្ថែមពីនេះទៀត តាមរយៈអនុស្សរណៈនៃការយោគយល់គ្នាជាមួយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា កាលពីពេលថ្មីៗនេះ ធនាគារ វីង បានសម្រេចផ្តល់ឥណទានចំនួន ២០០ លានដុល្លារអាមេរិក ដោយមិនមានការប្រាក់រហូតដល់ ៥ ថ្ងៃ សម្រាប់អាជីវកម្មដែលបង់ពន្ធ និងអាករតាមរយៈប្រព័ន្ធទូទាត់អេឡិចត្រូនិករបស់ខ្លួន។


បណ្ឌិត ឌីមីត្រូ កូលេកកូ អគ្គនាយកធនាគារ វីង មានប្រសាសន៍ថា៖ “«តាមរយៈការផ្តល់លទ្ធភាពទទួលបានហិរញ្ញប្បទាន និងដំណោះស្រាយឌីជីថលឱ្យកាន់តែងាយស្រួលជាងមុនដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ធុរកិច្ចថ្មី និងសហគ្រិនស្ត្រី យើងមិនត្រឹមតែរួមចំណែកឱ្យម្ចាស់អាជីវកម្មម្នាក់ៗជោគជ័យប៉ុណ្ណោះទេ ប៉ុន្តែយើងកំពុងរួមគ្នាកសាងសេដ្ឋកិច្ចមួយដែលរឹងមាំ ប្រកបដោយបរិយាបន្ន និងមាននវានុវត្តន៍សម្រាប់កម្ពុជា។ នៅពេលដែលអាជីវកម្មរីកចម្រើន ប្រទេសជាតិទាំងមូលក៏នឹងរីកចម្រើនដូចគ្នា។»
ក្រៅពីនេះទៀត ដើម្បីគាំទ្រដល់សហគ្រិន សហគ្រាសធុនមីក្រូ តូច និងមធ្យម ក៏ដូចជាធុរកិច្ចថ្មីនោះ ធនាគារ វីង បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ ដោយប្តេជ្ញាផ្តល់ឥណទានចំនួន ២០០ លានដុល្លារអាមេរិក ដើម្បីជំរុញការអភិវឌ្ឍអាជីវកម្ម បង្កើនសមត្ថភាពប្រកួតប្រជែង និងគំនិតច្នៃប្រឌិតថ្មីៗ។


ធនាគារ វីង នឹងសហការយ៉ាងជិតស្និទ្ធជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរៀបចំកម្មវិធីបណ្តុះបណ្តាល និងសិក្ខាសាលានានា ក្នុងគោលបំណងពង្រឹងសមត្ថភាពដល់អ្នកទទួលផល ឱ្យអាចទាញយកអត្ថប្រយោជន៍ជាអតិបរមាពីកញ្ចប់ហិរញ្ញប្បទាននេះ។
តាមរយៈកិច្ចសហការទាំងនេះ ធនាគារ វីង បានដើរតួនាទីជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ដោយផ្តោតលើនវានុវត្តន៍ បរិយាបន្ន និងលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់អាជីវកម្មគ្រប់កម្រិត។
សហគ្រិន ម្ចាស់ធុរកិច្ចថ្មី និងសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលមានបំណងស្វែងរកហិរញ្ញប្បទាន ដើម្បីគាំទ្រដល់ការរីកចម្រើនអាជីវកម្ម អាចអញ្ជើញទៅកាន់សាខាធនាគារ វីង ណាមួយ ឬទាក់ទងទៅកាន់ផ្នែកបម្រើសេវាអតិថិជន និងទំព័រហ្វេសប៊ុកផ្លូវការរបស់ធនាគារ វីង៕



